Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងប៉េកាំង ចោទប្រកាន់ចក្រភពអង់គ្លេស ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន

spot_img

រដ្ឋធានីប៉េកាំង៖ ក្រុមអ្នកនយោបាយរបស់ចក្រភពអង់គ្លេស បានធ្វើដំណើរទៅកាន់តៃវ៉ាន់ ដើម្បីរឹតចំណងទំនាក់ទំនង ឲ្យកាន់តែស៊ីជម្រៅ ជាមួយនឹងដែនកោះ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ ហើយសកម្មបែបនេះ បានធ្វើឲ្យក្រុងប៉េកាំង ខឹងសម្បា និង ចោទប្រកាន់ អំពីការរំលោភបំពាន លើគោលនយោបាយចិនតែមួយ។

សរព័ត៌មាន Al Jazeera បានចេញចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ថា ក្រុងប៉េកាំង បានចោទប្រកាន់ដល់គណៈកម្មាធិការកិច្ចការបរទេសសភារបស់ចក្រភពអង់គ្លេស ដែលបានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ជាការជៀតជ្រែក លើកិច្ចការផ្ទៃក្នុងរបស់ចិន។ ក្រុងប៉េកាំង បានព្រមាន ថា ចិន នឹងឆ្លើយតប ដោយការប្រើប្រាស់កម្លាំងទ័ព ប្រសិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។

ស្ថានទូតចិន ប្រចាំ នៅក្នុងចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសេចក្ដីការណ៍មួយ ហើយបានបង្ហោះ នៅលើបណ្ដាញសង្គមធ្វីធើរ កាលពីថ្ងៃព្រហស្បតិ៍ ថា ដំណើរទស្សកិច្ចដែលកំពុងតែបន្ដ នៅលើកោះតៃវ៉ាន់ ពីសមាជិក នៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភាចក្រភពអង់គ្លេស ជាការរំលោភយ៉ាងច្បាស់ក្រឡែត ប្រឆាំងនឹងគោលការណ៍ចិនតែមួយ។

ក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ដែលជាដែនកោះមួយ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ ជាទឹកដីរបស់ចិន។ ក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេច តាមគោលបំណងរបស់ខ្លួន។ ថ្វីបើក្រុងប៉េកាំង អះអាងបែបនេះក្ដី ប៉ុន្ដែតៃវ៉ាន់ ក៏តែងតែច្រានចោល អំពីដែនអធិបតេយ្យរបស់ចិន នៅលើទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យ ស្ថានទូតចិន ប្រចាំនៅចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «ចិនសូមជំរុញឲ្យចក្រភពអង់គ្លេស ត្រូវតែអនុវត្ដតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ត្រូវតែបញ្ឈប់រាល់សកម្មភាពណាមួយ រំលោភបំពាន មកលើគោលការណ៍ចិនតែមួយ ហើយបញ្ឈប់នូវការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន។ សកម្មភាពរបស់ចក្រភពអង់គ្លេស ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដោយកម្លាំងយោធា ពីក្រុងប៉េកាំង។ ចំណែកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាចក្រភពអង់គ្លេស ទៅកាន់តៃវ៉ាន់ នាពេលនេះ បានបញ្ជូនសញ្ញាខុស ព្រោះមានចេតនា ចង់ឲ្យដែនកោះមួយនេះទទួលបានឯករាជ្យ»។

គណៈកម្មាធិការ ពិនិត្យលើគោលនយោបាយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស រួមមាន សមាជិកសភា មកពីគណបក្សអភិរក្ស ដែលកំពុងតែកាន់អំណាច ក៏ដូចជា គណបក្សប្រឆាំង និង គណបក្សជាតិនិយមស្កុតឡែនដ៍ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅលើកោះតៃវ៉ាន់។

លោកស្រី អាលីស៊ា ខៀន (Alicia Kearns) ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាចក្រភពអង់គ្លេស បានឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់ចិន ថា «វាជារឿងដ៏ត្រឹមត្រូវបំផុត ដែលក្រុមប្រជាធិបតេយ្យ ចូលរួមក្នុងការសន្ទនាជាមួយគ្នាទៅវិញទៅមក។ បញ្ហានេះ វាផ្ទុយពីបក្សកុម្មុយនិស្តចិន បានជ្រើសរើសការបិទផ្លូវសន្ទនា ដោយការដាក់ទណ្ឌកម្ម ប្រឆាំងនឹងសមាជិកសភារបស់ចក្រភពអង់គ្លេស។ ខ្ញុំជឿថា ការចូលរួម និង ស្តាប់មិត្តភក្តិរបស់យើងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជារឿងសំខាន់បំផុត»។

ចិន កាលពីអំឡុងខែមីនា ឆ្នាំ២០២១ បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងជនជាតិអង់គ្លេស ចំនួន៩ នាក់ រួមទាំងសមាជិកសភាជាប់ឆ្នោតមួយចំនួន ជុំវិញការផ្សព្វផ្សាយពីអ្វីដែលក្រុងប៉េកាំង បានចាត់ទុក ថា ជាការ«កុហក និង ផ្ដល់ព័ត៌មានមិនពិត» ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នៅក្នុងខេត្ដស៊ីជាំង (Xinjiang)។

ទំនាក់ទំនងការទូត រវាងចក្រភពអង់គ្លេស និង ចិន មានភាពតានតឹងនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ជុំវិញបញ្ហាជម្លោះសិទ្ធិមនុស្ស គោលនយោបាយសេដ្ឋកិច្ច និង ការតវ៉ាទ្រង់ទ្រាយធំ ដែលបានអង្រួនពាសពេញហុងកុង ដែលជាដែនដីអតីតអាណានិគមរបស់អង់គ្លេស កាលពីឆ្នាំ២០១៩។ បញ្ហាតវ៉ានេះ បាននាំទៅឲ្យមានការដាក់ចេញច្បាប់សន្តិសុខជាតិដ៏ធំទូលាយមួយ ពីរដ្ឋាភិបាលក្រុងប៉េកាំង។

លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសប្ដាហ៍នេះ ថា អ្វីដែលគេហៅថា «យុគសម័យមាស» ចំពោះទំនាក់ទំនង រវាងក្រុងឡុងដ៍ និងក្រុងប៉េកាំង បានចប់សព្វគ្រប់ហើយ ព្រោះចិនបានបង្កបញ្ហាជាប្រព័ន្ធ ចំពោះ«តម្លៃ និងផលប្រយោជន៍»របស់ចក្រភពអង់គ្លេស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×