ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋស្លូវ៉ាគី

ភ្នំពេញ ៖ នៅថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី នៅរដ្ឋធានីប្រាទីស្លាវ៉ា។ កិច្ចពិគ្រោះយោបល់នេះត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ចែម វីឌ្យ៉ា ​ និងសមភាគី លោកជំទាវរដ្ឋលេខាធិការ អ៊ីនហ្គ្រីត ប្រូកខូវ៉ា។

ជាកិច្ចចាប់ផ្តើម រដ្ឋលេខាធិការទាំងពីរបានពន្យល់គ្នាទៅវិញទៅមកអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសរបស់ខ្លួន ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ននៃការរាតត្បាត ជំងឺកូវីត-១៩ និងសង្គ្រាមនៅផ្នែកខ្លះក្នុងតំបន់អឺរ៉ុប។ លោកជំទាវ អ៊ីនហ្គ្រីត ប្រូកខូវ៉ា បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំង និងរបៀបដែលរាជរដ្ឋាដ្ឋាភិបាលកម្ពុជាបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆំាងជំងឺរាតត្បាតនេះ ហើយលោកជំទាវក៏បានបង្ហាញពីកង្វល់ ជាពិសេសចំពោះសន្តិសុខនៅអឺរ៉ុប។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយសក្តានុពល តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច រួមទាំងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបន្តពង្រីកការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអង្គការអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានជម្រាបដោយសង្ខេបអំពីភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយបានផ្តោតលើបញ្ហាសំខាន់ៗជាច្រើនដែលតំបន់ និងពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដូចជាស្ថានការណ៍សន្តិសុខដ៏គួរឱ្យព្រួយបារម្ភ ការធ្លាក់ចុះសេដ្ឋកិច្ច ជំងឺរាតត្បាតសកល ការប្រែប្រួលអាកាសធាតុ វិបត្តិស្បៀងអាហារ និងថាមពលជាដើម និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ដែលប្រទេសទាំងអស់អាចបង្កើតរួមគ្នា។

លោកជំទាវ អ៊ីនហ្គ្រីត ប្រូកខូវ៉ា បានសម្តែងការអបអរសាទយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ភាពជោគជ័យដ៏ធំធេងនៃការធ្វើជាប្រធានអាស៊ាន ដែលបានឆ្លុះបញ្ចាំងតាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានប្រព្រឹត្តិទៅយ៉ាងរលូន ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងសម្រាប់តួនាទី និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជាក្នុងនាម​ជា​ប្រធានអាស៊ាន ​ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់ ជាពិសេស​វិបត្តិនៅ​មី​យ៉ាន់​ម៉ា​។

ភាគីទាំងពីរបានបន្តពិភាក្សាលើទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ដោយចាត់ទុកថាមាន
សារៈសំខាន់យ៉ាងខ្លាំងសម្រាប់តំបន់ទាំងពីរ ដោយបានចែករំលែកទស្សនៈបន្ថែមទៀតថា ចក្ខុវិស័យ
អាស៊ាន និងយុទ្ធសាស្ត្រសហភាពអឺរ៉ុបស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺមានចក្ខុវិស័យស្រដៀងគ្នា នោះគឺផ្តោត សំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែនសមុទ្រ សេដ្ឋកិច្ចដែលមានការតភ្ជាប់ ធន់ ស្អាត និងយុត្តិធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងបានយល់ស្របគ្នាថា ទស្សន:ឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គួរតែបំពេញបន្ថែមឱ្យទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋលេខាធិការទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។ ភាគីទាំងពីរបានជជែកគ្នាយ៉ាងស៊ីជម្រៅលើសង្គ្រាមនៅអ៊ុយក្រែន និងវិបត្តិនៅមីយ៉ាន់ម៉ា។ លោកជំទាវ អ៊ីនហ្គ្រីត ប្រូកខូវ៉ា បានលើកឡើងថា បច្ចុប្បន្ន ស្លូវ៉ាគីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័ន និងលំហូរជនភៀសខ្លួនជាបន្តបន្ទាប់។ លោកជំទាវ​បានសម្តែងនូវការ​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ជំហរ​ដ៏​រឹងមាំ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ។

ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានគូសបញ្ជាក់អំពីភាពស្មុគស្មាញនៃវិបត្តិនយោបាយមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាបេសកជនពិសេស ក្នុងការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំនុច ដែលបានឯកភាពដោយថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា ការដោះលែងអ្នកទោសទ្រង់ទ្រាយធំ គឺជាកាយវិការដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ចាប់ផ្តើមដំណើរការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រៅ​ពី​នេះ រដ្ឋលេខាធិការទាំងពីរក៏បាន​យល់​ស្រប​គ្នាថា ការ​ប្រកួតប្រជែង​អំណាច​បាន​បញ្ចេញ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ប្រទេសតូចៗ​ដូច​ជា កម្ពុជា និង​ស្លូវ៉ាគី។ ក្នុងន័យនេះ ភាគីទាំងពីរជឿជាក់ថា វាចំបាច់ណាស់ក្នុងការគោរពច្បាប់អន្តរជាតិ និងពហុភាគីនិយម ក្រោមឆ័ត្ររបស់ស្ថាប័នអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអឺរ៉ុប។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​៣ នឹង​ធ្វើ​ឡើងនៅ​រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយៈចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម