Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្ដីការទូតកំពូលអាមេរិក អះអាងថា ពូទីន មិនមានភាពស្មោះត្រង់លើការចរចាសន្ដិភាពទេ

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមេដឹកនាំមហាអំណាចបស្ចិមលោក មានចេតនាចង់ឲ្យក្រុងមូស្គូ និង ក្រុងកៀវ ចរចាគ្នានោះ ប៉ុន្ដែឥឡូវនេះ មន្រ្ដីការទូតកំពូលសហរដ្ឋអាមេរិក បានអះអាង ថា ប្រធានាធិបតី ពូទីន មិនមានភាពស្មោះត្រង់ នៅក្នុងការចរចាស្វែងរកសន្ដិភាពបញ្ចប់ជម្លោះជាមួយនឹងប្រទេសជិតខាង អស់រយៈពេលជាងខែកន្លងមកនេះ ខណៈមេដឹកនាំវិមានក្រឹមឡាំង នៅតែទទូចទាមទារឲ្យទទួលស្គាល់ការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់ពីប្រទេសអ៊ុយក្រែន យកធ្វើជាទឹកដីរបស់រុស្ស៊ី។

សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៤ ខែធ្នូ ថា មន្រ្ដីការទូតកំពូលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ក្រោយជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និង ក្រុមមន្រ្ដីជាន់ខ្ពស់របស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅក្នុងរដ្ឋធានីកៀវ ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មិនមានភាពស្មោះត្រង់ នៅក្នុងការចរចាសន្ដិភាពជាមួយនឹងប្រទេសអ៊ុយក្រែន នាពេលនេះឡើយ។

លោកស្រី វីកតូរៀ នូឡែនដ៍ (Victoria Nuland) អនុរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញ អំពីការគាំទ្រ នាពេលនេះ ខណៈរុស្ស៊ី កំពុងតែព្យាយាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម។

លោកស្រី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា «ការទូតជាជម្រើសសម្រាប់ដំណោះស្រាយដំបូងរបស់អ្នកគ្រប់គ្នា ប៉ុន្ដែអ្នកត្រូវតែមានដៃគូសន្ទនា ប្រកបដោយសុច្ឆន្ទៈពិតប្រាកដ។ បញ្ហានេះ បង្ហាញយ៉ាងច្បាស់ណាស់ហើយថា វាជាការវាយប្រហាប្រឆាំងនឹងថាមពល វាជាវោហារសាស្ត្រ កើតចេញពីវិមានក្រឹមឡាំង និង ជាអាកប្បកិរិយាទូទៅ ប៉ុន្ដែបញ្ហាដ៏សំខាន់ ត្រង់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិនស្មោះត្រង់ ឬ ត្រៀមខ្លួន សម្រាប់ការចរចាសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាម ឬយ៉ាងណា។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បានបញ្ជាក់ ថា លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការនិយាយទៅកាន់សមភាគីរុស្ស៊ី លោក ពូទីន ប្រសិនបើមេដឹកនាំវិមានក្រឹមឡាំងរូបនេះ មានការចាប់អារម្មណ៍ ចង់បញ្ចប់សង្គ្រាម។ ប៉ុន្ដែការផ្ដួចផ្ដើមគំនិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានរលាយទៅវិញភ្លាមៗ ខណៈវិមានក្រឹមឡាំង បានអះអាង ថា មហាអំណាចបស្ចិមលោក និង សម្ពន្ធមិត្ត ត្រូវតែទទួលស្គាល់ការប្រកាសរបស់ក្រុងមូស្គូ កាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរបស់រុស្ស៊ី រួមមាន ដូណែតស្ក៍ (Donetsk) លូហានស្ក៍ (Luhansk) ដែលតំបន់ទាំង២ ស្ថិតនៅភាគខាងកើតប្រទេស និង ហ្សាប៉ូរីហ្សា (Zaporizhzhia) និង ខឺរសុន (Kherson) ដែលតំបន់ទាំង២នេះ ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។

លោកស្រី អនុរដ្ឋមន្រ្ដី បាន បានសង្កត់ធ្ងន់ ថា ប្រតិកម្ម កើតចេញពីប្រទេសរុស្ស៊ី បានបង្ហាញអំពីរបៀប ដែលពួកគេ មានចេតនាអាក្រក់។

លោកស្រី ក៏បានជួបជាមួយនឹងលោក អានឌ្រីយ យើម៉ាក (Andriy Yermak) ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន ដោយគាត់បានថ្លែងអំណរគុណ ដល់ជំនួយ មានតម្លៃរាប់ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក តាមអ្វីដែលក្រុងវ៉ាស៊ីនតោន បានប្ដេជ្ញាចិត្ត ចំពោះប្រទេសអ៊ុយក្រែន។

លោកប្រធានការិយាល័យប្រធានាធិបតី បានប្រាប់ដល់លោកស្រី អនុរដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក ថា «ជ័យជម្នះរបស់អ៊ុយក្រែន ដែលយើងបានដឹងយ៉ាងប្រាកដ ជាជ័យជម្នះរបស់យើងទាំងអស់គ្នា»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×