ភ្នំពេញ៖ ក្នុងរយៈពេល ១១ខែឆ្នាំ២០២២នេះហ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៥២ គម្រោង ជាមួយទុនជាង ៣៨៧៩ លានដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១៣៣៣២០កន្លែង។

បើយោងតាម CDC ក្នុងចំណោមគម្រោងវិនិយោគ ១៥២ ក្នុងនោះ នៅខែមករា បានអនុម័តច្រើនជាងគេរហូតដល់ទៅចំនួន ២៤ ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២២៧៧ លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥ កន្លែង។

CDC បានឲ្យដឹងទៀតថា ក្នុងនោះ មានគម្រោងបោះទុនវិនិយោគធំៗចំនួន ៦ រួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់នៅភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៩៧ លានដុល្លារអាមេរិក។

លើសពីនេះ ក៏មានគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក។ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១ ៣០០ លានដុល្លារអាមេរិក។ គម្រោងបង្កើតសណ្ឋាគារលំដាប់ផ្តាយ ៥ ចំនួនពីរទីតាំង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និង កម្សាន្តក្នុងក្រុងព្រះសីហនុ ដែលមាន១៥៣៩បន្ទប់មានតម្លៃវិនិយោគចំនួន ៣៣២,៤លានដុល្លារអាមេរិក៕