ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតអ្នកបន្តវេនកម្ពុជា បានជជែកអំពីការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្រោមការសម្របសម្រួលដោយ លោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វនីញ៉ា, បន្ទាប់ពីការពិភាក្សានេះទៅ លោក ហួត គីមឆា ក៏បានរៀបចំធ្វើសិក្ខាសាលាអំពីការនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់គណៈប្រតិភូមកពីរដ្ឋកាលីហ្វ័រញ៉ា ថា កម្ពុជាបានបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថា ទីផ្សារសាកលលោកក៏បើកចំហសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជាកត្តាចម្បង, ហើយការប្រមើលមើលលើវិស័យដទៃទៀតនៅគ្រប់ខ្សែចង្វាក់ផលិតកម្ម គឺជាកាលានុវត្តភាពនៃការពង្រីកការអភិវឌ្ឍន៍របស់ធុរកិច្ចជនក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប គណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក រីករាយ គាំទ្រចំពោះការបង្ហាញរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















