Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលដ្ឋានកងទ័ពអាកាសរបស់ពូទីន ចំនួន២កន្លែង រងការបំ.ផ្ទុះ នៅកណ្ដាលប្រទេសរុស្ស៊ី

រដ្ឋធានីមូស្គូ៖ ស្របពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយ អស់រយៈពេលពេល២៨៥ថ្ងៃ គិតត្រឹមថ្ងៃទី៥ ខែធ្នូ ខណៈការវា.យប្រ.យុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដនោះ ក៏មានសេចក្ដីរាយការណ៍ អំពីការបំ.ផ្ទុះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសយុទ្ធសាស្រ្ដ ចំនួន២កន្លែងផ្សេងគ្នា នៅលើទឹកដីរបស់រុស្ស៊ី ដែលមានចម្ងាយ រាប់រយគីឡូម៉ែត្រ ពីព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែន ដោយបានបំ.ផ្លាញយន្ដហោះចំនួន២គ្រឿង។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីល្ងាច ថ្ងៃចន្ទ ទី៥ ខែធ្នូ ថា បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹង ថា មានមនុស្សជាច្រើននាក់ បានស្លាប់ នៅក្នុងការបំផ្ទុះ នៅឯមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី ចំនួន២កន្លែងផ្សេងគ្នា ស្ថិតនៅតំបន់សារ៉ាតូវ (Saratov) និង នៅជិតទីក្រុងរីយ៉ាហ្សាន់ (Ryazan) នាភាគអាគ្នេយ៍ រដ្ឋធានីមូស្គូ។

បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានរាយការណ៍ ថា ស៊ីទែនប្រេងឥន្ធនៈមួយកន្លែង បានផ្ទុះឡើង ដោយបានស.ម្លាប់មនុស្ស ចំនួន៣នាក់ និង ៦នាក់ផ្សេងទៀត បានរងរបួស នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ឌីយ៉ាហ្គីឡែវ៉ូ (Dyagilevo) នៅជិតទីក្រុង Ryanzan ។ ដោយឡែក ការផ្ទុះ នៅក្នុងព្រលានយន្ដហោះ នៅតំបន់សារ៉ាតូវ (Saratov) មានមនុស្ស ចំនួន២នាក់ បានរងគ្រោះឆេះរលាករលួយពេញខ្លួន។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹង អំពីមូលហេតុ នៃការផ្ទុះ នៅឯមូលដ្ឋានកងទ័ពអាកាសយុទ្ធសាស្រ្ដទាំង២នេះ នៅឡើយ។ អាកាសយានដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ទាំង២នេះ មានចម្ងាយរាប់រយគីឡូម៉ែត្រ ពីព្រំដែនរបស់អ៊ុយក្រែន ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមរបស់ក្រុងមូស្គូ។ ចំណែកយន្ដហោះទ.ម្លាក់គ្រាប់បែ.កយុទ្ធសាស្រ្ដហោះហើរ រយៈចម្ងាយឆ្ងាយ ត្រូវគេជឿ ថា ស្ថិតក្នុងមូលដ្ឋានទ័ពអាកាសអេនហ្គែលស៍ (Engels) នៅតំបន់ Saratov ។

បើតាមសេចក្ដីរាយការណ៍មួយរបស់រុស្ស៊ី បានអះអាង ថា ដ្រូន បានធ្លាក់ទៅលើផ្លូវរត់របស់យន្ដហោះ នៅឯមូលដ្ឋានទ័ពអាកាស Engels ដោយបានបណ្ដាលឲ្យយន្ដហោះទម្លាក់គ្រាប់បែក ប្រភេទ Tu-95 ចំនួន២គ្រឿង រងការខូចខាត។

ប្រធានតំបន់ Saratov បានបញ្ជាក់ ថា កម្លាំងសន្ដិសុខរុស្ស៊ី កំពុងតែត្រួតពិនិត្យមើលនូវអ្វីដែលគាត់បានហៅជាសេចក្ដីរាយការណ៍ អំពីឧបទ្ទវហេតុ នៅឯបន្ទាយទ័ពអាកាស។

លោក ស្ដេវេន រ៉ូសែនប៊ឺគ (Steven Rosenberg) ជាការីនិពន្ធភាសារុស្ស៊ីរបស់ BBC បានអះអាង ថា សេចក្ដីរាយការណ៍ អំពីការបំផ្ទុះ នៅឯអាកាសយានដ្ឋានយោធារបស់រុស្ស៊ី ចំនួន២កន្លែងផ្សេងគ្នានេះ នឹងធ្វើឲ្យគេគិត ថា អ៊ុយក្រែន នៅពីក្រោយសកម្មភាពទាំងនេះ។

ទោះជាយ៉ាងណា លោក មីខៃឡូ ប៉ូដូលយ៉ាក់ (Mykhylo Podolyak) ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន ហាក់ដូចជានិយាយសំដៅ ទៅលើឧបទ្ទវហេតុ ដែលបានរាយការណ៍ នៅក្នុងបណ្ដាញសង្គម Tweet ដោយសរសេរ ថា «ប្រសិនបើអ្វីមួយត្រូវបានបាញ់ចូលទៅក្នុងដែនអាកាសរបស់ប្រទេសផ្សេង មិនយូរ មិនឆាប់ វត្ថុហោះហើរដែលគេមិនស្គាល់ នឹងត្រឡប់ទៅចំណុចចេញដំណើរវិញ»។

ដោយឡែក រូបភាពពីផ្កាយរណប បានថត កាលពីថ្ងៃអាទិត្យ បង្ហាញពីកងយន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់របស់រុស្ស៊ី មានចំនួនយ៉ាងច្រើន កំពុងតែស្ថិតក្នុងមូលដ្ឋានកងទ័ពអាកាស Engels តំបន់សារ៉ាតូវ ។ រូបភាពនោះ បានបង្ហាញ ពីយន្ដហោះទ.ម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់រុស្ស៊ី ជាច្រើនគ្រឿង រួមមាន ប្រភេទ Tu-160 និង Tu-95 មានសមត្ថភាពអាចបាញ់មីស៊ីលគ្រូស ដែលជាអាវុធប្រើប្រាស់ វាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន។

មូលដ្ឋានកងទ័ពអាកាសសាគី (Saky) របស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំសមុទ្រខ្មៅ នៅភាគខាងលិចឧបទ្វីគ្រីមៀ (Crimea) និង មូលដ្ឋានយោធាមួយកន្លែងទៀត នៅភាគខាងជើងឧបទ្វីបនេះ ដែលក្រុងមូស្គូ បានរឹបអូសពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤ បានរងការបំផ្ទុះ កាលពីដើមខែសីហាកន្លងទៅ ដោយបានបំផ្លាញយន្ដហោះចម្បាំង អស់ជាច្រើនគ្រឿង និង ខូចខាតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។ ប៉ុន្ដែក្រោយពេលកើតហេតុភា្លមៗ អ៊ុយក្រែន មិនបានធ្វើដឹងឮនោះឡើយ។ លុះក្រោយមកទើបក្រុងកៀវ បានប្រកាសទទួលស្គាល់ អំពីសកម្មភាពរបស់ខ្លួន។ ចំណែកការផ្ទុះ នៅក្នុងព្រលានយន្ដហោះយោធារបស់រុស្ស៊ី ចំនួន២កន្លែងផ្សេងគ្នា ចុងក្រោយនេះ នឹងធ្វើឲ្យគេនឹកស្រមៃ ថា អាចជាសកម្មភាពរបស់ក្រុងកៀវ ទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×