ហូរឈាមច្រមុះបណ្តាលមកពីអ្វី? បើអ្នកណារកមូលហេតុរបស់អាការនេះមិនទាន់ឃើញ សូមកុំធ្វើព្រងើយឱ្យសោះ ព្រោះអាការហូរឈាមច្រមុះដោយគ្មានមូលហេតុនេះ អាចប្រាប់ពីសភាវរបស់ជំងឺ ឬភាពខុសប្រក្រតីរបស់រាងកាយយើង ក៏អាចថាបានដែរ។ ដូច្នេះយើងនាំគ្នាមកមើលថា តើការនៅសុខៗ ស្រាប់តែហូរឈាមច្រមុះ វាបណ្តាលមកពីមូលហេតុអ្វីខ្លះ?
១.គ្រុនផ្តាសាយ កើតអាការប្រតិកម្ម ឬអាការរលាកផ្សេងៗ
អាការនេះ អាចបណ្តាលមកពីការបែកសរសៃឈាមតូចៗនៅក្នុងច្រមុះ ដែលបណ្ដាលមកពីការញើសសំបោរខ្លាំងជ្រុលពេក ឬមានអាការរលាកក្លាយផ្សេងៗនៅខាងក្នុងច្រមុះ តែអាការនេះ ពេលព្យាបាលឱ្យជាសះស្បើយហើយ ឈាមក៏នឹងលែងហូរចេញមកទៀតដែរ។
២.បញ្ហាសុខភាព
American Heart Association បានបង្ហើបឱ្យដឹងថា បើសិនអាការហូរឈាមតាមច្រមុះរបស់លោកអ្នក ចេញមកព្រមជាមួយអាការឈឺក្បាល ធ្ងន់ក្បាលយ៉ាងខ្លាំង ដកដង្ហើមញាប់ និងមានអាការញ័រដើមទ្រូងនោះ អាចបង្ហាញអំពីសភាវជំងឺបេះដូង ជំងឺថ្លើម រោគក្រលៀន រោគពុលសុរារ៉ាំរ៉ៃ ឬជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធឈាមផ្សេងៗ ដូចជា ជំងឺលើសឈាម និងជំងឺបេះដូង ព្រោះសភាវរបស់ជំងឺទាំងនេះ អាចធ្វើឱ្យកើតសម្ពាធឈាមឡើងខ្ពស់លើសពីប្រក្រតី រហូតដល់ឈាមត្រូវតែហូរចេញមកតាមរន្ធច្រមុះ ដើម្បីបញ្ចុះសម្ពាធឈាមទាំងនោះ។ អាការហូរឈាមច្រមុះបែបនេះ មិនគួរឱ្យទុកចិត្តជាទីបំផុត ព្រោះវាបង្ហាញពីអាការរបស់ជំងឺ ដែលកំពុងចាប់ផ្តើមកម្រើកឡើងហើយ។
៣.ធាតុអាកាស ដែលត្រជាក់ និងស្ងួតខ្លាំងពេក
ធាតុអាកាសដែលត្រជាក់ និងស្ងួតខ្លាំងហួសហេតុ អាចធ្វើឱ្យសរសៃឈាមតូចៗនៅក្នុងច្រមុះឡើងស្រួយ និងបែក បណ្ដាលឱ្យឈាមហូរចេញមកក្រៅ តែយើងអាចការពារបាន ដោយការបន្ថែមសំណើមនៅក្នុងអាកាស ដូចជាពេលគេង គួរយកទឹក ១ផ្តិលមកដាក់នៅលើតុក្បាលដំណេក ជិតក្បាលរបស់យើង ឬទទួលទានផ្លែឈើដែលមានវីតាមីនC ខ្ពស់ ដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ឬម្នាស់ជាប្រចាំ វាអាចជួយការពារការហូរឈាមច្រមុះបាន។
៤.ការញ៉ាំថ្នាំប្រភេទខ្លះ
ជាពិសេសថ្នាំបន្ថយការបង្កកខ្លួនរបស់ឈាម ឬថ្នាំប្រឆាំងការលាកដែលអាចជាមូលហេតុរបស់អាការហូរឈាមច្រមុះបាន។
៥.អាការក្រហាយផ្សា ឬអាការរងរបួសក្នុងបរិវេណសាច់ភ្នាសក្នុងច្រមុះ
មិនថាតែការខ្វេះច្រមុះ ញីច្រមុះខ្លាំងៗ ការញើសសំបោរ ឬការប្រែប្រួលរបស់អាកាសធាតុយ៉ាងឆាប់រហ័ស ដូចជា ខណៈពេលជិះយន្តហោះ ឬកប៉ាល់មុជទឹក ជាដើម។ លក្ខណៈបែបនេះ អាចធ្វើឱ្យកើតអាការហូរឈាមច្រមុះបានងាយជាងប្រក្រតី។
ការបឋមព្យាបាលចំពោះអ្នកដែលហូរឈាមច្រមុះ
១.ឱ្យអ្នកជំងឺងើយមុខឡើង ឬឱនមុខចុះខ្លាំង ហើយយកដៃច្របាច់ច្រមុះឱ្យយូរប្រមាណជា ៥-១០នាទី ដោយក្នុងអំឡុងពេលនោះ ឱ្យអ្នកជំងឺដកដង្ហើមវែងៗតាមមាត់ជំនួសសិន និងអាចដាក់កន្សែងត្រជាក់ ឬថង់ទឹកកកនៅលើក្តោងច្រមុះផងក៏បាន។
២.ក្រោយពីមានហូរឈាមច្រមុះ ក្នុងរយៈពេល ២៤-៤៨ម៉ោងដំបូង គួរចៀសវាងការញើសសំបោរខ្លាំងៗ ការកេះ ឬខ្វេះរន្ធច្រមុះ ផ្អាកការបញ្ចេញកម្លាំងខ្លាំងៗ ដូចជាការហាត់ប្រាណខ្លាំងៗ ធ្ងន់ៗ ឬធ្វើកិច្ចការងារណាដែលអាចកើតផលប៉ះពាល់ដល់បរិវេណច្រមុះគ្រប់ប្រភេទ។
៣.នៅពេលឈាមឈប់ហូរហើយ គួរតែគេងសម្រាក ដោយដាក់ក្បាលឱ្យខ្ពស់ជាងខ្លួន បន្ទាប់ពីនោះ យកទឹកកកមកដាក់ស្អំនៅលើថ្ងាស ឬបំពង់ក ឬមិនទេ ក៏អាចបៀមទឹកកក ដើម្បីឱ្យឈាមឈប់ហូរក៏បាន តែការស្អំ ឬបៀមទឹកកកនេះ គួរប្រើពេលវេលាត្រឹមតែ ម្តងៗ ១០នាទីបានហើយ ដោយសម្រាក ១០នាទី បន្ទាប់មកសឹមដាក់ស្អំ ឬឱ្យបៀមទឹកកកជាថ្មីម្តងទៀត។
៤.ក្នុងករណីដែលធ្វើការបថមព្យាបាលហើយ តែឈាមនៅតែមិនឈប់ហូរ គួរតែប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យភ្លាមតែម្តង
ភាពខុសប្រក្រតីខាងរាងកាយ ដូចជាការហូរឈាមច្រមុះជាដើមនេះ អាចបញ្ជាក់អំពីសភាវជំងឺតម្កាត់របស់រាងកាយបានច្រើនយ៉ាងណាស់ ដូច្នេះគួរតែនាំគ្នាយកចិត្តទុកដាក់មើលថែទាំសុខភាព កុំភ្លេចភ្លាំងឱ្យសោះ។ ទាំងអស់នេះ គឺដើម្បីសុខភាពដ៏ល្អ និងរាងកាយដ៏រឹងប៉ឹងមាំមួន ប្រាសចាករោគភ័យទាំងអស់គ្នា៕