ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញផ្សាយនៅថ្ងៃទី ៦ខែធ្នូ ឆ្នាំ ២០២២នេះ បានឲ្យដឹងថា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថ ភាពប្រកួតប្រជែងជាសកលរបស់ប្រទេស នៅថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោ បាយចំនួន ៥០លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ។

ការផ្តល់កម្ចីនេះ នឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់កម្ពុជា តាមរយៈការជួយ ដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់វិនិយោគថ្មី ដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។

កម្មវិធីនេះ នឹងគាំទ្រដល់ការអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម MSMEs ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ ហើយក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងការងារសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជាក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ទាក់ទងនឹងកំណែទម្រង់ ក្រោមអនុកម្មវិធីទី១នេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម និងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការសម្រួលពាណិជ្ជកម្ម៕

