ព្រះសីហនុ៖ អ្នកចូលចិត្តញុំាក្តាមថ្ម នៅពេលនេះមានរបស់ល្អហើយ គឺកសិដ្ឋានចិញ្ចឹមក្តាមថ្មបែបទំនើប ជាកសិដ្ឋានបែបអនាម័យ និងទំនើប មានការចិញ្ចឹមក្តាមថ្មយកពង និងយកសាច់ ដែលមានទីតាំំងស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយកំពុងមានទីផ្សារល្អ ស្របពេលភ្ញៀវទេសចរមានកំណើនឡើងវិញ។

បើតាមអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមក្តាមថ្មបែបទំនើបនេះ បានឲ្យដឹងថា ការចិញ្ចឹមក្តាម មានលក្ខណៈទំនើប គឺក្តាមមានទិន្នផលខ្ពស់ មានគុណភាព និងអនាម័យ កន្លែងចិញ្ចឹមគឺប្លែកពីគេដោយក្តាមនីមួយៗត្រូវដាក់ក្នុងប្រអប់ដាច់ដោយឡែកពីគ្នាដែលប្រៀបបានដូចទៅនឹងក្តាមរស់នៅក្នុងខុនដូខុសពីក្តាមដែលចិញ្ចឹមនៅតាមស្រះផ្សេងៗ។ ចំពោះក្តាមដែលយកមកចិញ្ចឹមគឺជាក្តាមធំនៅក្នុងស្រុក ប្រមូលទិញពីប្រជាពលរដ្ឋនេសាទបាន យកមកដាក់នៅក្នុងកន្លែងចិញ្ចឹមបំប៉នចំណីឲ្យបានធំធាត់ និងគ្រប់គ្រាន់ក្នុងមួយថ្ងៃពីរដងមុននឹងលក់ចេញទៅលើទីផ្សារ។

លោក ប៊ុន លីឡាយ អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមក្តាមថ្មបែបទំនើបនេះ បានឲ្យដឹងថា ការចិញ្ចឹមតាមបែបទំនើបនិងមានអនាម័យដូចនេះ គឺចំណាយថវិកាច្រើន ព្រោះសម្ភារៈនិងបច្ចេកទេសនាំចូលពីក្រៅប្រទេស។ លោក បានបន្ថែមថា កន្លែងសម្រាប់ដាក់ក្តាមមានជាង ៦ពាន់ក្តាម ក្នុងមួយប្រឡោះដាក់ក្តាមបានមួយ ហើយចំពោះទឹក គឺមិនបង្ហូរបញ្ចេញមកក្រៅធ្វើឲ្យប៉ះពាល់បរិស្ថាននោះឡើយ។ ចំពោះទីផ្សារនាពេលបច្ចុប្បន្នគឺដំណើរការល្អក្រោយពីរាជរដ្ឋាភិបាលបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ ជាពិសេសនៅក្រោយពីផ្លូវល្បឿនលឿនបានដំណើរការភ្ញៀវទេសចរមកលេងច្រើន ហើយទីផ្សារក្តាមក៏មានភាពងាយស្រួលក្នុងការលក់ដូរ ជាពិសេសនៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងក្រុងនៃខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ចំពោះក្តាម ដែលត្រូវលក់ចេញចាប់ពី ៣ក្បាលក្នុង១ គីឡូរហូតដល់ ៦ក្បាលក្នុង១គីឡូទៅតាមតម្រូវការទីផ្សារ ដែលភ្ញៀវក៏ដូចជាហាងនីមួយៗត្រូវការ ចំពោះតម្លៃគឺមិនទៀងអាស្រ័យទៅលើតម្លៃប្រេងដែលប្រជានេសាទចេញទៅនេសាទ៕


