បច្ចុប្បន្ននេះ នៅលើបណ្តាញសង្គម បានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើស្ពានជ្រោយចង្វា នាវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលរថយន្តស៊េរីទំនើប១គ្រឿង បើកបរដោយប្រុសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបុកម៉ូតូ១គ្រឿងពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធពីរនាក់ ដែលជាម្តាយឪពុកត្រូវផ្លោងខ្ទាតរងរបួសធ្ងន់ធ្ងរ ខណៈកូនតូចរបស់ពួកគេជាទារក ខ្ទាតច្រើនម៉ែត្រទៅលើផ្លូវ ត្រូវបានអ្នកដំណើរចិត្តល្អលើកត្រកងបី ជួយយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ទាំងក្តីអាណិតអាសូរយ៉ាងខ្លាំង។
ប៉ុន្តែ អ្វីដែលមហាជនសម្តែងការហួសចិត្ត និងឈឺចាប់ខ្លាំងបំផុតនោះ គឺរឿងសំណងតែម្តង ដែលត្រូវបានដឹងថា ភាគីរថយន្តបង្កបើកបរដ៏ទំនើង បង់ឲ្យជនរងគ្រោះដើម្បីបញ្ចប់រឿង ត្រឹមតែលុយ ២៥០០ ដុល្លារ ប៉ុណ្ណោះ ដែលគ្រាន់តែថ្លៃម៉ូតូមិនគ្រប់ផង។
ក្នុងនោះ សូម្បីតែឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានប្រតិកម្មចំពោះសំណងនេះ ដោយឯកឧត្តមបានថតបង្ហោះបន្តពីតារាចម្រៀង វ៉ាន់ នីឡា ដែលបានសរសេរបង្ហោះរឿងសំណងដ៏ហួសចិត្តនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះថា៖ «អាជ្ញាធរគួរឆ្លើយអោយបានរហ័សផង !»។
គួរបញ្ជាក់ថា ជុំវិញសំណងដ៏ជ្រុលហួសហេតុនេះ តារាចម្រៀង វ៉ាន់ នីឡា បានសរសេររៀបរាប់ទាំងក្តីឈឺចាប់យ៉ាងដូច្នេះថា៖ «មានមិត្តភក្តប្រាប់មិនអោយខ្ញុំរវល់ទេ ខ្លាចបាត់ប្រជាប្រិយភាព ខ្ញុំអត់ខ្វល់ទេ ខ្ញុំមិនអាចធ្មេចភ្នែកឃើញរឿងដ៏សោកសៅនឹងអយុត្តិធម៌បែបនេះបាន . សូមបងប្អូនទាំងអស់គ្នាជួយ share ចំពោះករណីនេះ -ស្រវឹងហើយបើកបរ គឺខុសច្បាប់មួយតង់ហើយ -ទីពីរ បើកលើសល្បឿន -ទីបីបើករត់ -ទីបួន កោងកាងដាក់អ្នកកាស្សែតចង់វៃគេ -ទីប្រាំ សងជំងឺចិត្ត 2500$ បញ្ចប់រឿង សួរវិញថា ចុះជីវិតក្មេង? សូមប៉ូលីសជួយបកស្រាយ សូមសំណូមពរដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice មេត្តាជួយអន្តរាគមន៍ និងរកយុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសទារកដែលមិនដឹងថាអាចនឹងមានជីវិតរឺអត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









