Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់

ខេត្តរតនគិរី៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម រស់ ពិសិដ្ឋ ប្រធានសាលាដំបូងខេត្តរតនគិរី ជំនួស ឯកឧត្តម នៅ យ៉ារ័ត្ន ដែលត្រូវបានតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះ។

ទន្ទឹមនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំនៃសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដែលបានដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានយ៉ាងប្រសើរ និងបានចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម និងបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗក្នុងការថែរក្សានូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងផ្តល់សេវាយុត្តិធម៌ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងសម្រាប់បម្រើឱ្យវិស័យយុត្តិធម៌ទាំងមូលផង។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន។

បន្ថែមពីនេះ, ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានក្នុងកម្រិតអតិបរមា ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×