គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ល្បិចបន្លំបោកដ៏មិននឹកស្មានដល់មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង នៅពេលដែលអ្នកលក់ដូរបញ្ចេញឲ្យដឹងថា ប្តីប្រពន្ធមួយគូសង្ស័យជាជនជាតិឥណ្ឌា បានកំពុងដើរធ្វើសកម្មភាពបន្លំបោកនេះ ដល់ទឹកដី (បុរីពិភពថ្មី២ ត្រពាំងថ្លឹង) ហើយ តាមរយៈវិធីយកក្រដាស100$ មកទិញទំនិញ ដោយឲ្យអាប់ចុះអាប់ឡើងៗ ធ្វើឲ្យយើងភាំងស្មារតី ហើយចុងក្រោយស៊ីដាច់ទាំងលុយដើម និងលុយអាប់ ដាក់មេប្រូចបាត់ស្រមោល។
តែដោយឡែក ថ្មីៗនេះ ស្ទាយល៍បន្លំបោកស្រដៀងគ្នានេះ បានមកដល់ទឹកដីខេត្តស្វាយរៀងហើយ ខណៈជនបន្លំបោកនោះ គឺជាប្តីប្រពន្ធជិះឡាន Lexus 300 ពណ៌ស និងសង្ស័យថាជាជនហ្វីលីពីន ឬ ឥណ្ឌូនេស៊ី។ តាមរយៈវិធីបន្លំបោកនេះ គឺប្តីរង់ចាំក្នុងឡាន ចំណែកប្រពន្ធជាអ្នកជំនាញបន្លំ ឃ្លុំស្បៃមុខជិតឈឹង ចូលទៅធ្វើសកម្មភាព តាមកន្លែងលក់ដូរទំនិញទំធំៗ និងហ្វាម៉ាស៊ី ជាដើម។
នេះបើតាមជនរងគ្រោះម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ វិជ្ជនី ប៊េប៊ី ម៉ាត បានបង្ហោះរូបភិនភាគស្រ្តីជាជនបន្លំបោក នៅក្នុងហាងទំនិញរបស់ខ្លួន និងរៀបរាប់ឲ្យដឹងថា៖ «បងប្អូនយើងអ្នករកស៊ីទាំងអស់គ្នា សូមចំណាំមុខជនឆបោកម្នាក់នេះផង កុំអោយជួបរឿងដូចខ្ញុំ 90$ ថ្ងៃនេះចាត់ទុកថាដោះគ្រោះទៅចុះ»។ រីឯគណនីហ្វេសប៊ុកឈ្មោះ ប៊េប៊ីភីង សប ក៏បានឲ្យដឹងថា «មកដល់កអណ្តើកហើយ អ្នកស្វាយរៀង ប្រយត្ន័ផង មិត្តប្តីខ្ញុំ 180$»។ បើតាមគណនីខាងលើ បានបញ្ជាក់ឲ្យដឹងថា ស្រ្តីជាចោរបោកនោះអាចដាក់ថ្នាំលើសន្លឹកក្រដាសលុយ 100$ ឲ្យអាប់ ហើយនៅពេលយើងចាប់កាន់ គឺភាំងៗស្មារតីតែម្តង។
ចំណែកគណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ MengLeang Hourn ក៏បានចែករំលែកឲ្យដឹងដែរថា «ជនឆបោកមកដល់ស្វាយរៀងហើយបងប្អូន ប្រយ័ត្នប្រយែង ភិនភាគស្លៀកពាក់គឺបែបនេះ ប្តីវាបើកឡាន Lexus 300 ពណ៌សចាំនៅផ្លូវ ក្បួនបោកវាទិញអីវ៉ាន់អោយក្រដាស $100 ហើយនិយាយចុះឡើងទាល់តែយើងវង្វេង តែខ្ញុំដឹងមុនក៏មិនលក់ឲ្យ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







