នេះជាសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍មួយទៀត ដែលពិតជាខ្លោចផ្សាខ្លាំងណាស់ ខណៈគ្រួសារមួយមានសមាជិក៥នាក់ ត្រូវស្លាប់ឪពុកម្តាយកូនអស់៤នាក់ និងនៅសល់តែកូនតូចអាយុ ២ខួបម្នាក់ប៉ុណ្ណោះ កំពុងសង្រ្គោះនៅក្នុងមន្ទីពេទ្យគន្ធបុប្ភា មិនទាន់ដឹងខ្លួននៅឡើយទេ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងរវាងរថយន្តធុនធំ បុកគ្នាជាមួយម៉ូតូ កាលពីវេលាម៉ោង១០ និង ៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចកែងច្រមុះជ្រូក ភូមិ៧៣ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ថ្ងៃកើតហេតុ ជនរងគ្រោះជាប្តីខណៈឈប់សំរាកពីការងារ បាននាំប្រពន្ធកូនតូចៗទៅលេងឪពុកក្មេកនិងជាជីតា នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ទាំងក្រុមគ្រួសារតែម្តង។
ប្រភពបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបរឡានធំម៉ាក Hyundai ពាក់ផ្លាកលេខកំពង់ចាម 3A-5992 បានរត់ចោលឡានបាត់ស្រមោល ខណៈគ្រួសារមានប្តីប្រពន្ធនិងកូនតូចៗចំនួន៥នាក់ ធ្វើដំណើរតាមម៉ូតូម៉ាកឃ្លីកផ្ទុយទិសគ្នា បានស្លាប់ចំនួន៤នាក់យ៉ាងអាណោចអាធមនៅកន្លែងកើតហេតុ និងនៅសល់តែកូនស្រីតូចពៅរងរបួសធ្ងន់បាក់ដៃជើង និងត្រង់ក្បាល ហើយភ្លាមៗនោះ ត្រូវបញ្ជូនទៅសង្គ្រោះនៅពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។
ប៉ុន្តែ អ្វីដែលមហាជនគ្រប់គ្នា កំពុងលើកយកមកនិយាយព្រោងព្រាត ជាមួយការឈឺចាប់យ៉ាងខ្លាំងនោះ គឺលេចឮដំណឹងថា ការអនុវត្តនីតិវិធីមានភាពមិនប្រក្រតី ពោលគឺករណីនេះហាក់ស្ងៀមស្ងាត់មិនកក្រើកទាល់តែសោះ។ ហេតុនេះ សូមសមត្ថកិច្ចស្វែងរកយុត្តិធម៌ជូនសពគ្រួសាររងគ្រោះផង បើទោះជាឪពុកម្តាយស្លាប់ចោលអស់ទៅហើយ តែកូនតូចម្នាក់រងរបួសធ្ងន់ធ្ងរណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






