មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ថៃ កាលពីថ្ងៃទី១ ធ្នូ កន្លងទៅថ្មីៗនេះ បានឆ្មក់រឹបអូសសាច់គោ សាច់ជ្រូក និងគ្រឿងក្នុង ដែលត្រាំក្នុងសារធាតុហ្វម៉ាលីន ទម្ងន់ ២៥ តោន (មានតម្លៃជាង ៥លានបាត) ពីសហគ្រាសកែច្នៃសាច់សត្វខុសច្បាប់មួយកន្លែង ស្ថិតក្នុងស្រុក Sriracha ខេត្ត Chonburi បន្ទាប់ពីមន្រ្តីទទួលបានពាក្យបណ្តឹងពីសាធារណជនថា ទីតាំងផលិតសាច់ខុសច្បាប់នោះ កំពុងដំណើរការដោយគ្មានការអនុញ្ញាត ដែលធ្វើឲ្យមានការព្រួយបារម្ភពីការរីករាលដាលជំងឺសត្វសាហាវ។
លទ្ធផលនៃការចុះត្រួតពិនិត្យ គឺទីតាំងកែច្នៃនោះ ពិតជាគ្មានការអនុញ្ញាតឱ្យផលិតអាហារ គ្មានអាជ្ញាប័ណ្ណជួញដូរ គ្មានឯកសារដឹកជញ្ជូន និងគ្មានលិខិតបញ្ជាក់លក់សាច់អ្វីទាំងអស់។
លោក Somchuan Rattana Mangkhalanon អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានប្រាប់ឲ្យដឹងថា ការផលិតកែច្នៃវត្ថុធាតុដើម សាច់គោក្របី និងគ្រឿងក្នុងសត្វជ្រូក គឺមានជាតិគីមីត្រូវបានគេប្រើប្រាស់ក្នុងដំណើរការផលិត រួមមានសារធាតុ Formalin សូដាដុត និងអ៊ីដ្រូសែន peroxide។
លោក Somchuan បន្តថា មន្រ្តីរឹបអូសផ្នែកគ្រឿងក្នុង និងសាច់ជ្រូក សាច់គោក្របី នៅកន្លែងកែច្នៃ និងក្នុងទូរទឹកកក ដែលមានទម្ងន់សរុបជាង ២៥,០០០ គីឡូក្រាម។
មន្រ្តីក៏បានរឹបអូសបានថ្នាំ Formalin ចំណុះ ២៥ លីត្រ ជាង ៥០ ដប ព្រមទាំងបង្កាន់ដៃបង្ហាញភស្តុតាងលក់ជូនអតិថិជននៅភោជនីយដ្ឋាន Moo Kratha ជាង 2300 (receipts) និងភោជនីយដ្ឋានភាគឦសានជាង ៦៦ កន្លែង។
ជាក់ស្តែង សំណាកសាច់ និងគ្រឿងក្នុង ដែលរឹបអូសបាន ត្រូវបានរកឃើញថា មានសារធាតុគីមី ក្រោយត្រូវបានបញ្ជូនទៅការិយាល័យត្រួតពិនិត្យគុណភាព ដើម្បីកំណត់ថាតើវាមានសារធាតុពុល បង្កគ្រោះថ្នាក់ដែរឬអត់។
លោក Somchuan ក៏បានបញ្ជាក់ថា ម្ចាស់ទីតាំងកែច្នៃ នឹងត្រូវយកឯកសារពាក់ព័ន្ធមកបង្ហាញ ក្នុងរយៈពេល១៥ថ្ងៃ បើដូច្នេះទេ សាច់ដែលរឹបអូសបានទាំងនោះ នឹងត្រូវកម្ទេចចោលទាំងអស់ ហើយម្ចាស់ក៏នឹងត្រូវប្រឈមផ្លូវច្បាប់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










