ភ្នំពេញ៖ ធនាគារ អេស៊ីលីដា បានបម្រើអតិថិជន ដោយបានធ្វើពិពិធកម្មផលិតផល-សេវាកម្មធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែប ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែសកម្ម និងរស់រវើក។

ដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដូច្នេះ ធនាគារ អេស៊ីលីដា និង ន.ម.ក. ឯកភាពគ្នាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញ។

លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយការវិនិយោគវិស័យមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់។ ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា អាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈ ACLEDA Mobile និងប្រព័ន្ធ X-Pay និងប័ណ្ណអន្តរជាតិមានដូចជា VISA, Master Card, Diners, JCB, និង UPI Card។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលដល់ការទូទាត់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនរបស់បុគ្គលស្នើសុំទាំងក្នុងស្រុក និង បរទេស ដើម្បីធ្វើការវិនិយោគមូលបត្រនៅទីផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម បន្តថា ត្បិតតែវិស័យមូលបត្រនៅកម្ពុជា មានដំណើរការអស់រយៈពេលជាងមួយទស្សវត្សក៏ដោយ និយ័តករមូលបត្រកម្ពុជានៅតែបន្តកិច្ចប្រឹងប្រែង ស្វែងរកកិច្ចសហការអភិវឌ្ឍទីផ្សារឱ្យកាន់តែប្រសើរឡើង ក្នុងការសម្របខ្លួនឱ្យបានតាមបច្ចុប្បន្នភាពទីផ្សារអន្តរជាតិ រាប់បញ្ចូលទាំងការតាក់តែងបទប្បញ្ញត្តិពាក់ព័ន្ធ ការសិក្សាស្រាវជ្រាវផលិតផលមូលបត្រ ការជំរុញការបោះផ្សាយ ការជំរុញការជួញដូរ និងការបង្កើនការយល់ដឹងដល់វិនិយោគិនជាដើម។

គួរបញ្ជាក់ថា បើតាមឯកឧត្តម ស៊ូ សុជាតិ នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ ន.ម.ក.បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៣៣.១៨២ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួន ៩៩.៥២ % និងវិនិយោគិនសញ្ជាតិខ្មែរមានចំនួន ៨៦.២៣%។ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ៧,១៩ ទ្រីលានរៀល (ប្រហែល ១,៧៥ ប៊ីលានដុល្លារអាមេរិក), រីឯទំហំជួញដូរភាគហ៊ុន ក្នុងឆ្នាំ២០២២ គិតត្រឹមត្រីមាសទី៣ ជាមធ្យមប្រហែល ២៦៦.២៨៩ ភាគហ៊ុន និងមានតម្លៃជួញដូរជាមធ្យមប្រហែល ០,៦៦ លានដុល្លារអាមេរិកក្នុងមួយថ្ងៃ៕