Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មតិខ្លះលើកឡើងថា ការហ៊ានវាយប្រហាររបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ី គឺដោយសារអាមេរិក និងសហភាពអឺរ៉ុបលើកទឹកចិត្ត ខណៈរុស្ស៊ីកោះប្រជុំពង្រឹងវិធានការ

អ៊ុយក្រែន ៖ ស្ថានភាពសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី នាប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានបន្ថែមកម្ដៅដោយសារតែការវាយប្រហារដោយដ្រូនទៅលើមូលដ្ឋានទ័ពអាកាសក្នុងទឹកដីរុស្ស៊ី, ហើយថា ការដែលអាចមានដ្រូនរបស់សត្រូវជ្រៀតចូលដោយគេចរួចពីប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី និងថែមទាំងចូលជ្រៅអាចវាយប្រហារដល់មូលដ្ឋានកងទ័ពអាកាសទៀតនោះ គឺបានប្រញាប់ឱ្យមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កោះហៅទីប្រឹក្សាសន្តិសុខយោធារបស់ខ្លួនធ្វើការជជែករកវិធីទប់ទល់ និងការពារសន្តិសុខ។

រដ្ឋាភិបាលក្រុងមូស្គូ បាននិយាយចោទថា ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់ខ្លួនកើនឡើងដល់ ៣ទីតាំងហើយ នៅក្នុងទឹកដីរុស្ស៊ី គឺវាយប្រហាររយៈពេលពីរថ្ងៃជាប់ៗគ្នា ថ្ងៃទី៥ និងទី៦ ធ្នូ នេះ បណ្តាលឱ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស ៦នាក់ ព្រមទាំងខូចខាតយន្តហោះចម្បាំង២គ្រឿង, ហើយក៏បានធ្វើឱ្យមានចម្ងល់ដ៏ក្តៅគគុកជាថ្មីទៀត បើទោះបីជារូបភាពនៃការវាយប្រហារដោយដ្រូននោះ មិនមានលក្ខណៈធំធេងក៏ដោយ។

កាសែត ឌឹ ហ្កាដៀន (The Guardian) បានសរសេរថា ជំនួបជាមួយក្រុមមន្ត្រីសន្តិសុខរបស់រុស្ស៊ីបានធ្វើនៅថ្ងៃអង្គារ៍ ទី៦ ធ្នូ , ហើយក្រុមមន្ត្រីនៃវិមានក្រឹមឡាំង បានថ្លែងថា រុស្ស៊ី នឹងចាត់វិធានការចាំបាច់ទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែន, ប៉ុន្តែមិនមានសេចក្តីរាយ ការណ៍បញ្ជាក់ថា តើវិធានការចាំបាច់នោះ គឺជាអ្វីឡើយ?!

គួរកត់សម្គាល់ថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី៣កន្លែង គឺខុសពីការគិតរបស់រុស្ស៊ី ដែលមុននេះរុស្ស៊ីគិតថា ទឹកដីមហាកំពូលអំណាចគ្រឿងសព្វាវុធមួយនេះ នឹងមិនអាចមានអ្នកណាហ៊ានបង្កការរំខានឆាឆៅបានឡើយ ប៉ុន្តែ ស្រាប់តែមូលដ្ឋានទ័ពអាកាសអិនហ្គែល (Engels) នៅក្នុងតំបន់ សារ៉ាតូវ (Saratov) និងមូលដ្ឋានទ័ពអាកាសឌីយ៉ាហ្គីឡេវ៉ូ (Dyagilevo) ក្នុងតំបន់រីយ៉ាហ្សាន (Ryazan) ចម្ងាយច្រើនរយគីឡូម៉ែត្រក្នុងទឹកដីរបស់ខ្លួនទៅវិញ បណ្តាលឱ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស៦នាក់ ហើយបង្កការខូចខាតតិចតួចដល់យន្តហោះប្រយុទ្ធ២គ្រឿង។

បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថាដ្រូនដែលអ៊ុយក្រែនបានប្រើប្រាស់វាយប្រហារទៅលើទីតាំងព្រលានយន្តហោះទ័ពអាកាសរបស់រុស្ស៊ីនោះ គឹជាដ្រូនផលិតដោយអតីតសហភាពសូវៀត ដែលអ៊ុយក្រែនបានយកមកកែច្នៃបច្ចេកវិទ្យាបន្ថែមទៀត។

មានមតិខ្លះលើកឡើងថា ការដែលអ៊ុយក្រែនហ៊ានវាយប្រហារចូលទៅក្នុងទឹកដីរបស់រុស្សីនោះ គឺដោយសារតែជាការលើកទឹកចិត្តរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច។ ប៉ុន្តែ ទោះជាយ៉ាងណា

លោក អាន់តូនី ប៊្លីងខិន (Anthony Blinken) បានថ្លែងថា យើងមិនបានលើកទឹកចិត្ត និងមិនបានជំរុញអ៊ុយក្រែនឱ្យធ្វើការវាយប្រហារទៅក្នុងទឹកដីរុស្ស៊ីនោះទេ, អ្វីដែលសំខាន់នោះ គឺថា តើប្រជាជនអ៊ុយក្រែនដែលរងការវាយប្រហារនោះទៅវិញទេ ពួកគេកំពុងរស់នៅយ៉ាងដូចម្តេចជាមួយនឹងអំពើឈ្លានពានរបស់រុស្ស៊ីជារៀងរាល់ថ្ងៃ?

លោក អាន់តូនី ប៊្លីងខិន បញ្ជាក់ថា ការតាំងចិត្តរបស់សហរដ្ឋអាមេរិក គឺដើម្បីការប្រាកដក្នុងចិត្តថា អ៊ុយក្រែនមានកិច្ចសហការជាមួយនឹងដៃគូដទៃទៀតនៅជុំវិញពិភពលោកនេះ ទាំងការផ្តល់ឧបករណ៍ជំនួយ ទាំងការការពារខ្លួន និងការពារសិទ្ធិសេរីភាព។

ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃទី៦ ធ្នូ ថា បើទោះបីជាគេបានយល់ស្របជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីងខិន (Antony Blinken) លើ តម្រូវការសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែយើងសូមបញ្ជាក់ថា រុស្ស៊ីនៅតែមើលឃើញថាពេលនេះនៅមិនទាន់ជាពេលនៃឱកាសដើម្បីធ្វើការចរចាគ្នានោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×