Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកពូទីន ចាត់វិធានការបន្ទាន់ក្រោយមានការវាយប្រហារមូលដ្ឋានតបឱកាស និងបញ្ជាក់ថា មិនប្រើអាវុធនុយក្លេអ៊ែរមុននោះទេ

spot_img

អ៊ុយក្រែន-រុស្ស៊ី ៖ បន្ទាប់ពីការឡើងកម្ដៅនៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការគំរាមកំហែងនៃសង្រ្គាមនុយក្លេអ៊ែរកំពុងកើនឡើងជាលំដាប់ដោយសារការលូកដៃកកូរកកាយពីមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែលោកទទូចថា ទីក្រុងមូស្គូនឹងមិន ប្រើប្រាស់អាវុធនុយក្លេអ៊ែរមុននោះទេ ខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ក្រោយទីក្រុងមូស្គូចោទប្រកាន់ថា អ៊ុយក្រែន បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២នេះថា ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៉ីបានសង្កត់ធ្ងន់ថា រុស្ស៉ីនឹងការពារខ្លួនឯង ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមាន, ក្នុងនោះ លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងមិនខឹងរហូតដល់គ្រប់គ្រងខ្លួនឯងមិនបាននោះទេ, យើងដឹងច្បាស់ថា អ្វីទៅ ជាអាវុធនុយក្លេអ៊ែរ, យើងមានអាវុធទំនើបៗជាច្រើនដែលប្រទេសដទៃគ្មាន ប៉ុន្តែយើងនឹងមិនប្រើអាវុធនុយក្លេអ៊ែរមុននោះទេ លុះត្រាតែយើងត្រូវបានវាយប្រហារមុន។

លោក ពូទីន បាននិយាយទៀតថា រុស្ស៉ីក៏អាចនឹងត្រូវប្រយុទ្ធនៅក្នុងសង្រ្គាមអ៊ុយក្រែន សម្រាប់រយៈពេលវែងផងដែរ ខណៈពន្លឺនៃកិច្ចចរចាស្វែងរកសន្តិភាព បញ្ចប់សង្រ្គាមនោះ កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល។

គួរបញ្ជាក់ថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី៣កន្លែង គឺខុសពីការគិតរបស់រុស្ស៊ី ដែលមុននេះរុស្ស៊ីគិតថា ទឹកដីមហាកំពូលអំណាចគ្រឿងសព្វាវុធមួយនេះ នឹងមិនអាចមានអ្នកណាហ៊ានបង្កការរំខានឆាឆៅបានឡើយ ប៉ុន្តែ ស្រាប់តែមូលដ្ឋានទ័ពអាកាសអិនហ្គែល (Engels) នៅក្នុងតំបន់ សារ៉ាតូវ (Saratov) និងមូលដ្ឋានទ័ពអាកាសឌីយ៉ាហ្គីឡេវ៉ូ (Dyagilevo) ក្នុងតំបន់រីយ៉ាហ្សាន (Ryazan) ចម្ងាយច្រើនរយគីឡូម៉ែត្រក្នុងទឹកដីរបស់ខ្លួនទៅវិញ បណ្តាលឱ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស៦នាក់ ហើយបង្កការខូចខាតតិចតួចដល់យន្តហោះប្រយុទ្ធ២គ្រឿង។

មានមតិខ្លះលើកឡើងថា ការដែលអ៊ុយក្រែនហ៊ានវាយប្រហារចូលទៅក្នុងទឹកដីរបស់រុស្សីនោះ គឺដោយសារតែជាការលើកទឹកចិត្តរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច។

ចំណែក លោក អាន់តូនី ប៊្លីងខិន (Anthony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងថា យើងមិនបានលើកទឹកចិត្ត និងមិនបានជំរុញអ៊ុយក្រែនឱ្យធ្វើការវាយប្រហារទៅក្នុងទឹកដីរុស្ស៊ីនោះទេ, ការតាំងចិត្តរបស់សហរដ្ឋអាមេរិក គឺដើម្បីការប្រាកដក្នុងចិត្តថា អ៊ុយក្រែនមានកិច្ចសហការជាមួយនឹងដៃគូដទៃទៀតនៅជុំវិញពិភពលោកគ្រប់គ្រាន់ហើយឬនៅ ទាំងការផ្តល់ឧបករណ៍ជំនួយ ទាំងការការពារខ្លួន និងការពារសិទ្ធិសេរីភាព។

សម្រាប់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) វិញ បាននិយាយកាលពីថ្ងៃទី៦ ធ្នូ ថា បើទោះបីជាគេបានយល់ស្របជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីងខិន (Antony Blinken) លើតម្រូវការសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែយើងសូមបញ្ជាក់ថា រុស្ស៊ីនៅតែមើលឃើញថាពេលនេះនៅមិនទាន់ជាពេលនៃឱកាសដើម្បីធ្វើការចរចាគ្នានោះឡើយ។

បើតាម កាសែត ឌឹ ហ្កាដៀន (The Guardian) បានសរសេរថា ជំនួបបន្ទាន់មួយនៃក្រុមមន្ត្រីសន្តិសុខរបស់រុស្ស៊ី បានធ្វើនៅថ្ងៃអង្គារ៍ ទី៦ ខែធ្នូ នេះ , ហើយក្រុមមន្ត្រីនៃវិមានក្រឹមឡាំងទាំងនោះ បានថ្លែងថា រុស្ស៊ី នឹងចាត់វិធានការចាំបាច់ទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែន, ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើវិធានការចាំបាច់នោះ គឺជាអ្វីឡើយ?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×