ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស បានលើកបង្ហាញថា សមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិរបស់ ឯកអគ្គរដ្ឋទូត ប៉ាក ហឹងខ្យូង (PARK Heung-kyeong) ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ន ឱ្យកាន់តែល្អថែមទៀតសម្រាប់ធុរកិច្ចជនលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ការលើកបង្ហាញបែបនេះរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើឡើងក្នុងពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាក ហឹងខ្យូង ជួបពិភាក្សា និងជម្រាបលា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ គ្រាដែលឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េរូបនេះផុតអាណត្តិ។ ភាគីទាំងពីរយល់ស្របដូចគ្នាថា ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ កន្លងមក គឺផ្ដើមចេញពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលកន្លងមក ជាពិសេសនៅក្នុងឆ្នាំនេះ មាន ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែកុម្ភៈ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីខែមេសា, ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី យូន ស៊ូកយ៉េល (YOON Suk Yeol) ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន កាលពីខែវិច្ឆិកា កន្លងមក នៅរាជធានីភ្នំពេញ , ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ កាលពីខែកញ្ញាឆ្នាំមុន, ដែលក្នុងឱកាសនោះ លោកបានធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅចំពោះមុខឯកអគ្គរដ្ឋទូតរូបនេះថា សូមគុណយ៉ាងស្ម័គ្រស្មោះចំពោះជំនួយដែលបានផ្តល់ឱ្យកម្ពុជាដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជាមានក្តីរីករាយអំពីកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគី លំហូរនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា វត្តមានរបស់ក្រុមហ៊ុនកូរ៉េល្បីៗជាច្រើននៅកម្ពុជា ការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ និងជំនួយរបស់កូរ៉េក្នុងវិស័យសុខាភិបាល។
ដូច្នេះកម្ពុជារំពឹងថា ទំនាក់ទំនងល្អទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូត ឯកឧត្តម ប៉ាក ហឹងខ្យូង នឹងធ្វើឲ្យវិស័យពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីកដើម្បីជាគុណប្រយោជន៍ប្រកបដោយបរិយាបត្រនិងប្រសិទ្ធភាពថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















