Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យខ្សោះឃ្លាំងស្ដុកអាវុធលោកខាងលិច រហូតក្រុមហ៊ុនផលិតអាវុធ ត្រូវការពេល១០ឆ្នាំ សម្រាប់បំពេញស្ដុកវិញ

spot_img

រដ្ឋធានីកៀវ៖ ដោយសារតែសង្គ្រាម វាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរុស្ស៊ី មានសភាពសាហាវខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ខណៈភាគីជម្លោះ បាន និង កំពុងតែបន្ដបាញ់ផ្លោងស្រោចដាក់គ្នាទៅវិញទៅមក អស់រាប់ម៉ឺនគ្រាប់ ក្នុង១សប្ដាហ៍ៗ ទើបបណ្ដាប្រទេសជាសម្ពន្ធមិត្តលោកខាងលិច បង្កើនការបញ្ជូនគ្រឿងសឹក យកទៅផ្គត់ផ្គង់ រហូតខ្សោះស្ទើរអស់ពីឃ្លាំង រហូតធ្វើឲ្យក្រុមផលិតអាវុធដ៏ធំបំផុតមួយ ដកដង្ហើមធំ ហើយសុំពេលវេលា ចន្លោះពី១០ ទៅ១៥ឆ្នាំ ទើបអាចបំពេញឃ្លាំងស្ដុកអាវុធរបស់បស្ចិលោក ឡើងវិញបាន។

សារព័ត៌មាន Al Jazeeera បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែធ្នូ ថា លោក មីឆាល ស្ដ្រណាដ (Michal Strnad ) ជាសហគ្រិនជនជាតិឆែក ហើយជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធដ៏ធំបំផុតមួយ នៅតំបន់អឺរ៉ុប បានថ្លែង ថា ក្រុមហ៊ុនឆែកចូស្លូវ៉ាក់ គ្រូប (Czechoslovak Group) របស់គាត់ នឹងត្រូវចំណាយពេលវេលា ចន្លោះពី១០ទៅ១៥ឆ្នាំ ដើម្បីបំពេញស្ដុកគ្រឿងសព្វាវុធរបស់លោកខាងលិច ក្រោយពេលពួកគេ បាន និង កំពុងតែបន្ដបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះ ទៅជួយដល់កងទ័ពអ៊ុយក្រែន ដែលកំពុងតែធ្វើសង្គ្រាមការពារទឹកដី និង សេរីភាពរបស់ពួកគេ។

លោកប្រធានក្រុមហ៊ុន រូបនេះ បានបន្ដ ថា ឥឡូវ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ។ ស្របគ្នានេះដែរ បណ្ដារដ្ឋាភិបាលបស្ចិមលោក ក៏កំពុងតែខ្សោះគ្រាប់ ចេញពីឃ្លាំងស្ដុកអាវុធរបស់ពួកគេផងដែរ ខណៈសមត្ថភាពផលិតគ្រឿងសឹក នៅមានកម្រិតនៅឡើយ។

ម្ចាស់ក្រុមហ៊ុនឆែកចូស្លូវ៉ាក់ គ្រូប បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់គាត់ មានសមត្ថភាពផលិត បានត្រឹមតែ ប្រហែល២៥ ទៅ៣០ភាគរយ នៃតម្រូវការរបស់អឺរ៉ុប ដែលធ្វើឲ្យស្របតាមមាត្រដ្ឋាន ឬស្ដង់ដាររបស់អង្គការណាតូ សម្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ។ ឥឡូវ ការផលិតគ្រាប់រំសេវ សម្រាប់កាំភ្លើងផ្លោងប្រភេទនេះ មានការខ្វះខាតកម្លាំងពលកម្មខ្លាំងណាស់។

លោក មីឆាល ស្ដ្រណាដ (Michal Strnad ) បានបញ្ជាក់ ថា រដ្ឋាភិបាល នៅតំបន់អឺរ៉ុប បានបង្ហូរគ្រឿងសព្វាវុធ ចេញពីឃ្លាំងស្ដុកអាវុធរបស់ពួកគេ នាំទៅជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងការធ្វើសង្គ្រាម ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ ជាមួយគ្នានេះ កងទ័ពអ៊ុយក្រែន បានបាញ់គ្រាប់ ចេញពីកាំភ្លើងផ្លោង ហូវីតហ្ស៊ើរ រាប់រយគ្រឿង ដែលផ្គង់ផ្គង់ ដោយលោកខាងលិច ក្នុងមួយសប្ដាហ៍ៗ មានចំនួន រហូតដល់ ៤០ ០០០គ្រាប់។

លោកប្រធានក្រុមហ៊ុន បានសង្កត់ធ្ងន់ ថា «បើស្ថិតក្នុងស្ថានភាពបែបនេះ ខ្ញុំបានប៉ាន់ប្រមាណ ថា ក្រុមហ៊ុនរបស់ខ្ញុំ ក៏នឹងត្រូវការចំណាយពេលវេលា ចន្លោះពី១០ទៅ១៥ឆ្នាំ ដើម្បីផលិតគ្រាប់រំសេវ បំពេញឃ្លាំងស្ដុកគ្រឿងសព្វាវុធរបស់កងទ័ពលោកខាងលិច នៅក្នុងអំឡុងពេលមានសង្គ្រាម នៅអ៊ុយក្រែន នាពេលនេះ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×