Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស៊ីលីដា ហ្វាយណាន់ហ្សល់​ ត្រាស់ ទិញភាគហ៊ុនចំនួន ៦.០៤៧.០៤៦ ភាគហ៊ុន ស្មើនឹង ២៣,៣៩១០% នៃភាគហ៊ុនសរុបរបស់ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា​

ភ្នំពេញ៖ ​បរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់​ ត្រាស់ ដែលជាភាគហ៊ុនិកធំជាងគេរបស់ធនាគារ អេស៊ីលីដា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា និយ័តករពាក់ព័ន្ធ និងក្រសួងពាណិជ្ជកម្មបានអនុម័ត និងចុះបញ្ជីការវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីកាន់កាប់ភាគហ៊ុនចំនួន ៦.០៤៧.០៤៦ភាគហ៊ុន ស្មើនឹង ២៣,៣៩១០% នៃភាគហ៊ុនសរុបរបស់ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា។

បណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាបរធនបាល អេស៊ីលីដា ហ្វាយណាន់ហ្សល់​ ត្រាស់ បានមានប្រសាសន៍​ថា ការវិនិយោគរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា​ គឺមានសក្តានុពលពាណិជ្ជកម្មខ្លាំង​រយៈពេលវែង ដូចគ្នានឹងការវិនិយោគនៅក្នុងវិស័យផ្សេងៗ ដែរ។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា​​ អាចឆ្លើយតបគ្រប់តម្រូវការ សម្រាប់ធុរកិច្ចជនគ្រប់វិស័យ​ ក្នុងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ។

បណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាបានមានប្រសាសន៍ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កាន់កាប់អគារផ្ទាល់ខ្លួន​ មាន​លក្ខណៈស្តង់ដារ និងធំទូលាយ “ជាថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីព” មានមោទនភាពយ៉ាងក្រៃលែង ដែល​មានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមេ បានវិនិយោគក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា ដោយឈរ​លើបទពិសោធន៍ជោគជ័យរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នូវក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់ បណ្ឌិត អ៊ិន ចាន់នី “ការហ្វឹកហ្វឺនជាកត្តាអាទិភាពទី១ ដើមទុនជាកត្តាអាទិភាពបន្ទាប់”។​

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនស្ថាបនិកដ៏មានសក្តានុពលធំមួយ តាំងពីចាប់ផ្តើមបង្កើត អេស៊ីលីដា និងបានរួមចំណែកបង្កើតភាពជោគជ័យជាច្រើនដល់ ធនាគារ​ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន​ បានក្លាយជាភាគហ៊ុនិករបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នឹងគាំទ្រដល់វិទ្យាស្ថាននៅក្នុងអភិបាលកិច្ចសាជីវកម្ម ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែរឹងមាំ ពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត តាមរយៈការដឹកនាំដោយផ្ទាល់ ពីតំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ​និង​គាំទ្រដល់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថាវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានបង្កើតឡើងក្រោមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សេវាកម្មអប់រំឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យ​ធនាគារ និងហិរញ្ញវត្ថុ ជូនសិក្ខាកាមជាតិ និងអន្តរជាតិ។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២នេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មាននិស្សិតសរុបចំនួន ២.៣៥៧នាក់ កំពុងសិក្សា និងនិស្សិតសរុបចំនួន ៧៨៣នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានផ្តល់ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករនិយោជិតធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សរុបចំនួន៧២.៩៩៨វគ្គ និងមានសិក្ខាកាមសរុបចំនួន ៨៣៤.៥៥៦នាក់ ហើយសិក្ខាកាមសរុបចំនួន ១៩.៦៥៥នាក់ មកពីស្ថាប័នខាងក្រៅ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា៕

×