រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កំពុងតែរៀបចំកាត់ទោសប្រហារជីវិតដល់បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាល និង បង្ករបួសដល់កម្លាំងសន្ដិសុខរបស់ប្រទេសនេះ ធ្វើឲ្យសមាជិកសភា សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋ នៅមិនស្ងៀម បានចេញមកអំពាវនាវឲ្យមានការគាំទ្រ កាន់តែខ្លាំងឡើង ជួយដល់ប្រជាជនអ៊ីរ៉ង់ និង បង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរបបគ្រប់គ្រង នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ថា បើតាមទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Tasnim (តាស្នីម) បានរាយការណ៍ថា អ៊ីរ៉ង់ បានកាត់ទោសប្រហារជីវិតបាតុករម្នាក់ នៅថ្ងៃព្រហស្បតិ៍ នេះ ក្រោមការចោទប្រកាន់ អំពីការប្រើប្រាស់កូនកាំបិត បង្ករបួសស្នាមដល់សន្តិសុខម្នាក់ ខណៈកំពុងបិទផ្លូវ កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានីតេអ៊ីរ៉ង់ (Tehran) ដើម្បីទប់ស្កាត់ភាពចលាចល នៅទូទាំងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានបង្ហាញអត្ដសញ្ញាណអ្នកត្រូវកាត់ទោសប្រហារជីវិត ឈ្មោះ ម៉ូសេន សេការី (Mohsen Shekari) ប៉ុន្ដែមិនបានបង្ហាញព័ត៌មានម្អិតនោះឡើយ។
ភាពវឹកវរ នៅទូទាំងប្រទេសមជ្ឈិមបូព៌ាមួយនេះ បានកើតឡើង ក្រោយពេលក្មេងស្រី ម៉ះសា អាមីនី (Mahsa Amini) អាយុ២២ឆ្នាំ ជនជាតិអ៊ីរ៉ង់ ដើមកំណើតឃឺដ (Kurd) បានស្លាប់ នៅក្នុងពន្ធនាគារ កាលពីថ្ងៃទី១៦ ខែកញ្ញា ។ ការស្លាប់របស់នាង បានកើតឡើង ត្រឹមតែរយៈពេល៣ថ្ងៃ ក្រោយពេលប៉ូលិសសីលធម៌របស់ទីក្រុងតេអ៊ីរ៉ង់ បានចាប់ខ្លួននាង នាំទៅឃុំឃាំង នៅក្នុងគុក ពាក់ព័ន្ធនឹងការស្លៀកពាក់របស់នាង ផ្ទុយពីការកំណត់យ៉ាងតឹងរឹង លើការស្លៀកពាក់របស់បុរស និង ស្រ្ដី នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះក៏ជាការផ្ទុះបាតុកម្មទ្រង់ទ្រាយធំ ពាសពេសប្រទេស លើកដំបូង ចាប់តាំងពីក្រោយបដិវត្ដន៍អ៊ិស្លាម នាឆ្នាំ១៩៧៩ បានផ្ដួលរំលំរបបរាជានិយមគាំទ្រ ដោយសហរដ្ឋអាមេរិក នោះមក។
សមាជិកសភាកំពូលៗរបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ កាលពីថ្ងៃពុធ បានអនុម័ត លើដំណោះស្រាយមួយ ដោយបញ្ជាក់ អំពីការគាំទ្ររបស់ក្រុងវ៉ាស៊ីតោន សម្រាប់ក្រុមអ្នកតវ៉ាអ៊ីរ៉ង់ ហើយបានថ្កោលទោស ដល់ការប្រើប្រាស់កម្លាំងសន្ដិសុខ ធ្វើជាឧបករណ៍ សម្រាប់ការបង្ក្រាប ដោយហិង្សា។

លោក បប់ មេណេនដែស (Bob Menendez) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «នេះ ជាក្តីសង្ឃឹមរបស់ខ្ញុំ ចំពោះការអនុម័ត លើដំណោះស្រាយនេះរបស់គណបក្សទាំង២ ព្រោះដំណោះស្រាយនេះ នឹងជួយបង្កើនសំឡេងរបស់ស្ត្រី និង បុរសរាប់សែននាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ កំពុងតែតវ៉ាប្រឆាំងនឹងអំពើឃោរឃៅ ដោយរបបគាបសង្កត់ដ៏ធំបំផុតមួយនៅលើពិភពលោក»។
ដោយឡែក អង្គការមិនមែនរដ្ឋាភិបាល មានមូលដ្ឋានទីក្រុងអូស្លូ ប្រទេសន័រវ៉ែស ទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា មានមនុស្ស យ៉ាងតិច ៤៤៨នាក់ ត្រូវបានក្រុមសន្ដិសុខសម្លាប់ ហើយរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅក្នុងការតវ៉ាទ្រង់ទ្រាយធំ ពាសពេញ ប្រទេសអ៊ីរ៉ង់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN















