Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មីស៊ីលស៊េរីចាស់របស់អ៊ុយក្រែន បំពាក់ប្រព័ន្ធនាំផ្លូវរបស់អាមេរិក វា.យប្រ.ហារចូលជ្រៅទៅលើទឹកដីរុស្ស៊ី

រដ្ឋធានីកៀវ៖ ថ្វីបើប្រមុខការទូតសហរដ្ឋអាមេរិក បានអះអាង អំពីក្រុងវ៉ាស៊ីនតោន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោយមីស៊ីលរបស់អ៊ុយក្រែន ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាស ចំនួន៣កន្លែង ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី៥ និង ទី៦ ខែធ្នូ យ៉ាងណាក្ដី ប៉ុន្ដែប្រភពព័ត៌មាននានា ចេញពីក្រុមមន្រ្ដីយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO តាមភាសាអង់គ្លេស ឬ OTAN តាមភាសាបារាំង ក៏ដូចជា ក្រុមអ្នកស៊ើបអង្កេតយោធារបស់រុស្ស៊ី បានច្រានចោលនូវការអះអាងទាំងនោះ។

សារព័ត៌មាន Asian Times បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ថា ប្រភពព័ត៌មានជាច្រើន ចេញពីអង្គការណាតូ ក៏ដូចជា ប្រភពព័ត៌មាននានា ពីទាហានរុស្ស៊ី បានទាត់ចោលការអះអាងកាលពីថ្ងៃអង្គាររបស់លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើង ថា សហរដ្ឋអាមេរិក មិនមានអ្វីត្រូវធ្វើជាមួយនឹងមីស៊ីលរបស់អ៊ុយក្រែន វាយប្រហារផ្ទួនៗគ្នា ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ចំនួន៣កន្លែង ដែលមានចម្ងាយ រាប់រយគីឡីម៉ែត្រ ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី កាលពីដើមសប្ដាហ៍នេះឡើយ។

លោកប្រមុខការទូតសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅក្នុងអំឡុងកិច្ចប្រជុំជាមួយនឹងលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក និង ក្រុមមន្រ្ដីរបស់អូស្ដ្រាលី ថា «យើងមិនបានលើកទឹកចិត្ត ឬ ក៏ជំរុញឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន វាយប្រហារ ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី នោះឡើយ»។

ដោយឡែក ប្រភពព័ត៌មានជាច្រើន បានលេចចេញពីកងទ័ព នៃប្រទេសជាសមាជិករបស់អង្គការណាតូ ក៏ដូចជា រុស្ស៊ី បានប្រឆាំងនឹងការអះអាងរបស់គាត់ ដោយពួកគេបានលើកឡើង ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ប្រភេទទូ-១៤១ (Tu-141) ដែលជាដ្រូនឈ្លបយកការណ៍ ផលិតនៅក្នុងសម័យអតីតសហភាពសូវៀត ត្រូវបានកែលម្អឡើងវិញ ហើយត្រូវបានកងទ័ពអ៊ុយក្រែន បាញ់បង្ហោះទៅវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសរុស្ស៊ី ដោយភ្ជាប់ជាមួយនឹងទិន្នន័យប្រព័ន្ធ GPS ផ្កាយរណបរបស់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារ លើគោលដៅ ដែលពួកគេបានកំណត់។

ប្រភពព័ត៌មានផ្សេងៗទៀត បានអះអាង ថា យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនឈ្លបយកការណ៍ស៊េរីចាស់ផលិតដោយអតីតសហភាពសូវៀត នាទសវត្សរ៍ ១៩៧០ ត្រូវបានកែច្នៃឲ្យទៅជាមីស៊ីលគ្រូស បំពាក់ដោយប្រព័ន្ធនាំផ្លូវថ្មី និងបង្ហាញផ្លូវ ដោយផ្កាយរណបរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ ប្រភពព័ត៌មានទាំងនោះ ក៏បានលើកឡើង ថា អ៊ុយក្រែន ប្រហែលជាមិនមានសមត្ថភាព បង្កើតកាំជ្រួចនាំផ្លូវ ដោយខ្លួនឯងនោះឡើយ។

បើតាមប្រភពព័ត៌មាន ពីទាហានរុស្ស៊ី បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញអាវុធមួយប្រភេទ ជា ដ្រូនទូប៉ូឡែវ ទូ-១៤១ (Tupolev Tu-141) មានការពាក់ព័ន្ធនៅក្នុងការវាយប្រហារ កាលពីថ្ងៃទី៦ ខែធ្នូ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសឃើស (Kursk) ដែលមានចម្ងាយប្រហែល ១០០គីឡម៉ែត្រ ចេញពីព្រំដែន ពុះចែក រវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន។ ទាហានរុស្ស៊ី បានស្គាល់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនទូ-១៤១ (Tu-141) នេះ ដោយសារតែបំណែករបស់វា ត្រូវបានរកឃើញ ក្រោយការវាយប្រហារប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសឌីយ៉ាហ្គីឡែវ៉ូ (Dyagilevo) មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រ នាភាគខាងលិច ទីក្រុងរីយ៉ាន់ហ្សាន់ (Ryazan) ដែលមានចម្ងាយ ប្រហែល២០០គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ និង ការវាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសអេហ្គែលស៍ (Engels) ស្ថិតក្នុងតំបន់សារ៉ាតូវ ដែលមានចម្ងាយ ប្រហែល៥០០ម៉ៃល៍ ឬស្មើនឹងប្រហែល៨០០គីឡូម៉ែត្រ ពីរដ្ឋធានីរបស់ប្រទេសរុស្ស៊ី។

ប្រភពព័ត៌មានជាច្រើនទៀត បានអះអាង ថា ប្រសិនបើវាផ្ទុយពីការបដិសេធរបស់ប្រមុខការទូត លោក Blinken នោះ សហរដ្ឋអាមេរិក បានផ្ដល់ប្រព័ន្ធនាំផ្លូវ សម្រាប់ការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ។ ដូច្នេះ ក្រុងវ៉ាស៊ីនតោន ប្រាកដជាដឹងច្បាស់ ថា សកម្មភាពបែបនេះ នឹងនាំឲ្យកងទ័ពរបស់អង្គការណាតូ ចូលទៅរកច្រាំងជម្លោះពាក់ព័ន្ធដោយផ្ទាល់នឹងសង្គ្រាមនៅអ៊ុយក្រែន។ ជាមួយគ្នានេះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ត្រូវតែត្រៀមខ្លួន សម្រាប់ការគ្រប់គ្រងនូវហានិភ័យនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×