ព្រះសីហនុ ៖ ខណៈពេលនឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅត្រៀមចាំមុនមួយថ្ងៃ គឺនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោបានធ្វើដំណើរតាមផ្លូវល្បឿនលឿន ទៅកាន់ខេត្តព្រះសីហនុ និងរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិ កុំភ្លេចអញ្ជើញទៅលេងកម្សាន្តបុណ្យសមុទ្រនៅឯខេត្តព្រះសីហនុ ឆាប់ៗនេះផង។

ការធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នាពេលនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន ពីភ្នំពេញ-ខេត្តព្រះសីហនុ។ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែន វៀតណាម។ ប៉ុន្តែក្នុងពេលឆាប់ៗនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិ ទៅលេងបុណ្យសមុទ្រនៅ ក្រុងព្រះសីហនុ ទទួលយកការសប្បាយតាមការគួរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី បើកមហាសន្និបាតលើកទី១៦ ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងរសៀលថ្ងៃដដែល សម្តេចនឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ឆ្នាំនេះ ធ្វើឡើងនៅខេត្តព្រះសីហនុ រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានគូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រ នៅ ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាឱកាសបង្ហាញពិភពលោក អំពីជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ប្រកប ដោយ ជោគជ័យ ជាមួយនឹងការបើកប្រទេស សេដ្ឋកិច្ច សង្គម និងធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
លោករដ្ឋមន្ត្រី ថោង ខុន សង្កត់ថាជាពិសេសទៀតនោះ គឺបង្ហាញពីសមត្ថភាព ខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








