អ៊ុយក្រែន ៖ អភិបាលទីក្រុងកៀវនៃអ៊ុយក្រែន ថ្មីៗនេះបានសម្ដែងការព្រួយបារម្ភថា ក្នុងរដូវរងានេះ សេណារីយោសង្រ្គាមរបស់រុស្ស៉ី គឺមានលក្ខណៈគ្រោះថ្នាក់ខ្លាំង ប្រសិនបើការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើហេដ្ឋរចនាសម្ព័ន្ធរបស់អ៊ុយក្រែននៅតែបន្ត ប៉ុន្តែមិនចាំបាច់ជម្លៀសអ្នកស្រុកនោះទេ គ្រាន់តែត្រូវត្រៀមលក្ខណៈទុកជាមុនទៅបានហើយ។
ករណីនេះ វាស្របគ្នានឹងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី បានទទួលស្គាល់ថា អ៊ុយក្រែនមិនអាចស្តារឡើងវិញបានពេញលេញនោះទេ នូវហេដ្ឋារចនាសម្ព័ន្ធថាមពលដែលរងការវាយប្រហារដោយរុស្ស៉ី និងបានជំរុញដល់ប្រជាជនខ្លួនឯងឲ្យទប់ទល់នឹងស្ថានភាពនេះ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក វីតាលី គ្លីតស្កូ (Vitali Klitschko) អភិបាលទីក្រុងកៀវ បានគូសបញ្ជាក់ថា ទីក្រុងកៀវអាចនឹងគ្មានអគ្គិសនី ទឹក និងការផ្គត់ផ្គង់កំដៅ, នេះមានន័យថា មហន្តរាយដ៏ធំធេងអាចនឹងកើតមានឡើងដូចក្នុងខ្សែភាពយន្តហូលីវូដដូច្នោះដែរ ព្រោះប្រជាជនត្រូវរស់នៅក្នុងផ្ទះដែលមានសីតុណ្ហភាពទាប ឬត្រជាក់ខ្លាំង (ដកសូន្យ)។ ប៉ុន្តែយើងកំពុងតែតស៊ូ និងធ្វើគ្រប់យ៉ាងដើម្បីឲ្យប្រាកដថា រឿងនេះមិនកើតឡើង។
ទោះជាមានការខិតខំយ៉ាងនេះក្ដី ប្រសិនបើនៅតែគ្មានការផ្គត់ផ្គង់អគ្គិសនី ទៀតនោះ ប្រជាជននឹងកាន់តែលំបាកខ្លាំង, ហើយខណៈដែលសីតុណ្ហភាពនៅខាងក្រៅចុះត្រជាក់ខ្លាំង យើងនឹងត្រូវបង្ខំចិត្តបង្ហូរទឹកចេញពីអគារធំៗ ព្រោះថា បើមិនដូច្នេះទេ ទឹកអាចកកធ្វើឲ្យដាច់ខ្សែបណ្តាញផ្គត់ផ្គង់ទឹកទាំងមូល ហើយអគារនានានឹងមិនមានទឹកសម្រាប់ការប្រើប្រាស់បន្តទៀតឡើយ។

លោក គ្លីតស្កូ បានជំរុញដល់អ្នកស្រុកឲ្យរៀបចំស្បៀងអាហារ និងទឹក សម្រាប់សង្គ្រោះបន្ទាន់ ព្រមទាំងមានសម្លៀកបំពាក់ក្រាស់ៗ និងឯកសារត្រៀមចេញដំណើរភ្លាមៗ ប្រសិនបើការផ្គត់ផ្គង់កម្ដៅមិនត្រូវបានរៀបចំឡើងនោះ។
ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលែនស្គី ឯណេះវិញ បានគូសបញ្ជាក់ផងដែរថា ប្រជាជនអ៊ុយក្រែនមិនគួរភ្លេចខ្លួនឡើយថា ឥឡូវនេះការស្តារហេដ្ឋារចនាសម្ព័ន្ធថាមពលឡើងវិញឱ្យបាន១០០%ដូចមុនពេលរុស្ស៉ីបើកការវាយប្រហារនោះ គឺវាមិនអាចទៅរួចឡើយ។ លោក ហ្សេលែនស្គី បញ្ជាក់ថា យើងត្រូវការពេល ហើយនេះជាមូលហេតុដែលរដ្ឋាភិបាលបង្ខំចិត្តបិទចរន្តអគ្គិសនីជាបណ្ដោះអាសន្ននៅតាមទីក្រុងនានា និងតំបន់ភាគច្រើនរបស់អ៊ុយក្រែន។
បើតាមការដកស្រង់ការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា វិមានក្រឹមឡាំង នៅតែប្រកាសថា កងកម្លាំងរុស្ស៉ីនៅតែកំណត់គោលដៅ លើការដណ្តើមយកផ្នែកខ្លះនៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលទីក្រុងមូស្គូបានកាត់បញ្ចូលជាទឹកដីរបស់ខ្លួន, មានន័យថា រុស្ស៊ីសំដៅរំដោះទឹកដីនៅក្នុងតំបន់ថ្មីមួយចំនួននៃសហព័ន្ធរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















