ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកព្រះពុទ្ធសាសនា ពីសាកលវិទ្យាល័យ មហាចូឡាលុងកនរាជវិទ្យាល័យ

បន្ទាយមានជ័យ ៖ លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ បានថ្លែងសុន្ទរកថាថ្លែងអំណរគុណ ចំពោះព្រះព្រហ្មវជិរាធិបតី ព្រះប្រធានក្រុមប្រឹក្សាភិបាល! ព្រះព្រហ្មបណ្ឌិត ព្រះអនុប្រធានក្រុមប្រឹក្សាភិបាល! ព្រះធម្មវិជរបណ្ឌិត ព្រះសាកលវិទ្យាធិការ ព្រះសាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ មហាចូឡាលុងកនរាជវិទ្យាល័យ ព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានមានប្រសាសន៍ថា “ថ្ងៃនេះ ជាថ្ងៃមួយដ៏មហានក្ខត្តឬក្ស ដែលសាកលវិទ្យាល័យមហាចូឡាលុងកនរាជវិទ្យាល័យ នៃព្រះរាជាណាចក្រថៃ បានរៀបចំពិធីប្រគល់នូវ សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកព្រះពុទ្ធសាសនា ចំពោះនាងខ្ញុំ ឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ”។

លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានថ្លែងបន្តទៀតថា “ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំព្រះករុណា នាងខ្ញុំសម្តែងនូវ កតញ្ញូ ចំពោះ ព្រះព្រហ្មវជិរាធិបតី ព្រះប្រធានក្រុមប្រឹក្សាភិបាល ព្រះព្រហ្មបណ្ឌិត ព្រះអនុប្រធានក្រុមប្រឹក្សាភិបាល និងព្រះធម្មវិជរបណ្ឌិត ព្រះសកលវិទ្យាធិការ ព្រមទាំង ព្រះសកលវិទ្យាធិការរង ព្រឹទ្ធបុរស សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ មហាចូឡាលុងកនរាជវិទ្យាល័យ ទាំងអស់ ដែលបានវាយតម្លៃ និងផ្តល់ជូននូវ សញ្ញាបត្រដ៏មហាកិត្តិយសនេះដល់រូបនាងខ្ញុំ ចំពោះកិច្ចការនានា ក្នុងព្រះពុទ្ធសាសនានិងសង្គម នាពេលកន្លងមក”។

នេះជាសក្ខីកម្មមួយ ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់នាងខ្ញុំ ដែលបាលបូជាទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា កម្លាំងស្មារតី រួមទាំងថវិកាបូជាថ្វាយព្រះពុទ្ធសាសនា មានដូចការកសាងព្រះវិហារ មហាកុដិ ចេតិយ ឧបដ្ឋានសាលា សាលាពុទ្ធិក វច្ចកុដិ ក្លោងទ្វារ របងវត្ត ផ្លូវបេតុង ចាក់ដីបំពេញទីធ្លាវត្ត ប្រាក់ខែគ្រូ និងចង្ហាន់ព្រះសង្ឃជាដើម ផ្នែកការងារជួយដល់សង្គមមានដូចជា កាជួសជុលប្រាសាទបន្ទាយឆ្មារ ប្រាសាទនៅជុំវិញ ប្រាសាទបន្ទាយឆ្មារ ស្តារអាងស្តុកទឹក ប្រឡាយទឹក ស្ពាន អាគារសិក្សា ផ្លូវលំ ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយធម្មជាតិ ប្រជាជនក្រីក្រ ឧបត្ថម្ភមណ្ឌលកុមារកំព្រា ។ល។
ការងារទាំងនេះ កំពុងតែធ្វើប្រចាំថ្ងៃ និងធ្វើកន្លងមក ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ទាំងសកលលោកផងដែរ ។
ក្នុងនោះព្រះពុទ្ធសាសនាបានដើរតួយ៉ាងសំខាន់ មិនថា ក្នុងដែនដីកម្ពុជរដ្ឋ ក៍ដូចជាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា បានធ្វើមនុស្សប្រព្រឹត្តតែអំពើល្អ អំពើកុសលផលបុណ្យ រក្សាចិត្តឲ្យស្ងប់ ប្រកបដោយមេត្តាធម៌ ធម៌អហឹង្សា ការមិនបៀតបៀនគ្នា និងគ្មានសង្គ្រាមជាដើម ។ ជាងនេះទៅទៀត ព្រះពុទ្ធសាសនា បានបង្រៀនមនុស្ស និងទេវតា ឲ្យមានគុណធម៌ សុជីវធម៌ រក្សាសីល បំពេញនូវអំពើជាកុសល ជៀសនូវអំពើបាបទាំងឡាយទាំងពួង ដូចពាក្យមួយឃ្លាពោលថា “មមាទោ មច្ចុនោ បទំ ” សេចក្តីប្រមាថ ជាផ្លូវនៃសេចក្តីស្លាប់ “នត្ថិ សន្តិ បរំ សុខំ” គ្មានសេចក្តីសុខឯណា ស្មើនិងសេចក្តីស្ងប់ មិនមានឡើយ ។

ក្នុងវរោកាសនេះដែរ ការទទួលសញ្ញាបត្របណ្ឌិត ដ៏វិសេសថ្លៃថ្លានេះ នាងខ្ញុំព្រះករុណា នាងខ្ញុំ សូមឧទ្ទិសថ្វាយប្រគេននូវគុណតម្លៃ មហាកិត្តិយសដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ដែលនាងខ្ញុំព្រះករុណាទទួលបានពេលនេះ សូមថ្វាយចំពោះព្រះពុទ្ធសាសនាទូទាំងសកលលោក សម្តេចព្រះមហាសង្ឃរាជ ព្រះមន្ត្រីសង្ឃ និងសាធុជនទាំងឡាយ ។

ជាចុងបញ្ចប់ នាងខ្ញុំព្រះករុណា សូមប្រគេនពរ ព្រះព្រហ្មវជិរាធិបតី ព្រះប្រធានក្រុមប្រឹក្សាភិបាល ព្រះព្រហ្មបណ្ឌិត ព្រះអនុប្រធានក្រុមប្រឹក្សាភិបាល និងព្រះធម្មវិជរបណ្ឌិត ព្រះសកលវិទ្យាធិការ ព្រះសកលវិទ្យាធិការរង សកលវិទ្យាធិការរង ព្រះមន្ត្រីសង្ឃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ គណៈអធិបតី ប្រតិភូ អមដំណើរ សូមជួបប្រកបតែនឹងសេចក្តីសុខ វឌ្ឍនធម៌ សុខភាពល្អប្រសើរ និងប្រកបតែនឹងពុទ្ធពរទាំងឡាយ៤ ប្រការ គឺ អាយុ វណ្ណ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ ៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម