Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វង្សី វិស្សុត៖ ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ថ្លែងក្នុងកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ថា  កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ជាការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។ សហគ្រិនភាព ជាសកម្មភាពអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង ការបង្កើនភាពធន់ និងចូលរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ច។

ថ្លែងក្នុងកម្មវិធីនោះ ឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ គឺជាការចូលរួមយ៉ាងសំខាន់ដើម្បីលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ជាពិសេសជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ គឺជាសកម្មភាពមួយក្នុងចំណោមកម្មវិធីស្នូលជាច្រើនទៀត របស់សហគ្រិនខ្មែរ ក្នុងតួនាទីជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតការងារ នវានុវត្តន៍ ការរលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់វប្បធម៌សហគ្រិនភាព ការបង្កើនសមត្ថភាពដល់សហគ្រិន ការតភ្ជាប់បណ្ដាញនិងទំនាក់ទំនងធុរកិច្ច និងការផ្តល់ជំនួយថវិកាគាំទ្រ ទាំងទុនអភិវឌ្ឍអាជីវកម្ម។

បច្ចុប្បន្ន សហគ្រិនខ្មែរកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការកៀរគរទុនវិនិយោគ សម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងតំបន់អាស៊ី ក្នុងទំហំទឹកប្រាក់ប្រមាណ ២៨ លានដុល្លាអាមេរិក។ ការផ្តល់នូវកម្មវិធីអភិវឌ្ឍសមត្ថភាពសហគ្រិន លើជំនាញចាំបាច់មួយចំនួន ដូចជា ការធ្វើទីផ្សារ ការធ្វើបទបង្ហាញ ការបង្កើតផ្នត់គំនិតសហគ្រិន ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ការកសាងបណ្តាញទំនាក់ទំនង និតិវិធីក្នុងការចុះបញ្ជី ការនាំចេញ និងការធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនគំរូរមួយចំនួន ទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសជាដៃគូ។

ពានរង្វាន់សហគ្រិនឆ្នាំ២០២២ ត្រូវប្រគល់ជូនដល់ជ័យលាភី ត្រូវបានបែងចែកជា ៣ ប្រភេទ៖ ទី១-ពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ សម្រាប់សិស្សានុសិស្សកម្រិតវិទ្យាល័យ ក្នុងគោលដៅបំផុស និងពង្រីកផ្នត់គំនិតសហគ្រិន ដល់យុវជនជំនាន់ថ្មី ដែលជាពន្លក សហគ្រិនកម្ពុជា ឬមានគុណវុឌ្ឍិជាសហគ្រិន ហើយពួកគេមានបំណង ចង់ក្លាយជាសហគ្រិននាពេលអនាគត។ ទី២-ពានរង្វាន់សហគ្រិនខ្មែរ ក្នុងធុរកិច្ចបង្កើតថ្មី សម្រាប់ធុរកិច្ច ដែលកំពុង ចាប់ផ្តើមសាកល្បងប្រកួតប្រជែងក្នុងទីផ្សារ ក្នុងគោលដៅភ្ញាស់គំនិតធុរកិច្ចថ្មី, ការបណ្តុះធុរកិច្ចថ្មី, ការច្នៃប្រឌិត, ការបង្កើតថ្មី និងការបង្ហាញគំនិតអាជីវកម្មពិសេសៗ ដែលមានសមត្ថភាព និងសក្តានុពល ក្នុងការទាក់ទាញវិនិយោគិនបន្ថែម។ និងទី៣-ពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូចនិងមធ្យម សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាពបន្ថែម និងដើម្បីទទួលបាននូវហិរញ្ញប្បទាន ឬ ការវិនិយោគបន្ថែម។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានសហគ្រិនខ្មែរជាអង្គភាពអនុវត្តបានចំណាយអស់ថវិកាប្រមាណ ១០ លានដុល្លារអាមេរិក ក្នុងការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្មជាមួយដៃគូក្នុងស្រុក។ ជាមួយគ្នានេះ សហគ្រិនខ្មែរក៏បានបំផុសស្មារតីសហគ្រិន ដោយគ្របដណ្តប់គ្រប់រាជធានី-ខេត្ត ដល់សហគ្រិនគ្រប់វ័យ ចាប់ផ្តើមពីកម្រិតវិទ្យាល័យ, សហគ្រិន ធុរកិច្ចថ្មី រហូតដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដើម្បីសាបព្រួសពូជ និងកៀរគរបន្ថែមទៀតនូវពន្លកសហគ្រិនថ្មី ដែលមានសក្តានុពលនឹងក្លាយជាមេទ័ពពូកែក្នុងវិស័យឯកជននាពេលអនាគត និងជាកំលាំងចលករក្នុងសេដ្ឋកិច្ចជាតិ៕

×