អាមេរិក ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីប៉ុន្មានថ្ងៃមុននេះនៅឯសេតវិមាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ខឺប៊ី (John Kirby) បាននិយាយថា អ៉ីរ៉ង់បានក្លាយជាអ្នកគាំទ្រផ្នែកយោធាដ៏ធំបំផុតរបស់រុស្ស៉ី ខណៈ ទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែមានភាពល្អប្រសើរឡើង ឆ្ពោះទៅរកភាពជាដៃគូយោធាយ៉ាងពេញលេញ, ស្របពេលនឹងការលើកឡើងនេះ ក៏មានសំណួរត្រឡប់មកវិញថា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី និងបណ្ដាក្រុមលោកខាងលិចជាច្រើនទៀត បានផ្ដល់គ្រឿងសព្វាវុធទៅប្រទេសអ៊ុយក្រែននោះ គឺជាអ្វីដែរ?!

បើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក ចន ខឺប៊ី (John Kirby) បានគូសបញ្ជាក់ថា អ៉ីរ៉ង់បានក្លាយជាអ្នកគាំទ្រផ្នែកយោធាដ៏ធំបំផុតរបស់រុស្ស៉ី, ហើយរុស្ស៉ីក៏បាននិងកំពុងប្រើយន្ដហោះដ្រូនអ៉ីរ៉ង់ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មាន អគ្គិសនីប្រើប្រាស់ គ្មានកម្ដៅគ្រប់គ្រាន់ និងគ្មានសេវាសំខាន់ៗ ព្រមទាំងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែជំនួយអ៉ីរ៉ង់។
លោក Kirby បន្ថែមថា រុស្ស៉ីកំពុងបន្តស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអ៉ីរ៉ង់ លើគម្រោងអភិវឌ្ឍន៍អាវុធ និងការបណ្ដុះបណ្ដាលយោធា ជាថ្នូរមកវិញ រុស្ស៉ីអាចនឹងផ្ដល់ឱ្យអ៉ីរ៉ង់នូវ បរិក្ខារយោធាទំនើបៗ ក្នុងនោះរួមមានទាំងឧទ្ធម្ភាគចក្រ និងប្រព័ន្ធការពារដែនអាកាស។

ថ្មីៗនេះ សហរដ្ឋអាមេរិក និងអ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន បានចោទប្រកាន់ថា អ៉ីរ៉ង់បានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ីប្រើប្រាស់ក្នុងការវាយប្រហារលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១៧ ខែតុលាមក។ អ៉ីរ៉ង់ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ តែក្រោយមកបានទទួលស្គាល់ថា ខ្លួនពិតជាបានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ីពិតមែន តែធ្វើឡើងនៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ។
មតិអន្តរជាតិមួយចំនួនបានយល់ឃើញថា កិច្ចសហការជាយុទ្ធសាស្ត្រលើវិស័យយោធាជាមួយប្រទេស និងប្រទេស ឬថាប្រទេសមួយទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយបណ្ដាប្រទេសជាមិត្តរបស់ខ្លួនក្នុងវិស័យយោធា វាជារឿងធម្មតាទៅហើយ ព្រោះថា ប្រទេសណាក៏មានកិច្ចសហការជាយុទ្ធសាស្ត្រលើវិស័យយោធានោះដែរ ដើម្បីការអភិវឌ្ឍន៍ និងការពារប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដូចសហរដ្ឋអាមេរិក ជប៉ុន និងសម្ព័ន្ធមិត្តណាតូជាដើម។
ជាមួយនេះ ក៏មានការសួរត្រឡប់ទៅសហរដ្ឋអាមេរិកវិញថា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី និងបណ្ដាក្រុមលោកខាងលិចជាច្រើនទៀត បានផ្ដល់គ្រឿងសព្វាវុធទៅប្រទេសអ៊ុយក្រែនគិតជាទឹកប្រាក់រាប់រយពាន់លានដុល្លារអាមេរិក នោះគឺជាអ្វីដែរ?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











