ភ្នំពេញ៖ ការត្រៀមឈានជើងចូលក្នុងទីផ្សារភាគហ៊ុន នៅឆ្នាំ២០២៣ របស់ក្រុមហ៊ុនទាំងពីរនេះ បានបង្ហាញសញ្ញាថា ទីផ្សារភាគហ៊ុនកំពុងមានការីកចំរើន។

ឯកឧត្តម ស៊ូ សុជាតិ ប្រភិរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុននំស្រួយលីលី របស់ជំទាវឧកញ៉ា កែវ មុំ និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី មានផែនការ នឹងបោះផ្សាយលក់មូលបត្រ នៅឆ្នាំក្រោយ ដែលនេះជាការឈានជើងចូលរបស់ក្រុមហ៊ុនទាំងពីរ នៅក្នុងផ្សារហ៊ុនកម្ពុជា ហើយគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ជាដំណាក់កាលមួយ ដែលក្រុមហ៊ុនចាប់ផ្តើមការកំរើកខ្លួនរួចរាល់តែម្តង សម្រាប់ការឈានជើងចូលទីផ្សារមូលបត្រ។

បើយោងតាម ឯកឧត្តម ស៊ូ សុជាតិ ក្រុមហ៊ុនទាំងពីរនេះ អាចនឹងចូលរួមបោះផ្សាយមូលបត្រ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ខាងមុខនេះហើយ។

បើតាមការបញ្ជាក់ពី ឧកញ៉ា កែវ មុំ បានឲ្យដឹងថា ការឈានជើងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ គឺជាឱកាសមួយដែលក្រុមហ៊ុន មានគម្រោងផែនការអភិវឌ្ឍក្រុមហ៊ុន លីលីហ្វូត ឱ្យកាន់តែរីកធំបន្ថែមទៀត។
តាមរយៈការចូលក្នុងផ្សារមូលបត្រនេះដែរ ក្រុមហ៊ុននឹងអាចជួយជំរុញ និងចែកចាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការទិញ-លក់ផ្សារភាគហ៊ុននេះផងដែរ។ ក្រុមហ៊ុន បានត្រៀមខ្លូនរួចជាស្រេច ដោយគម្រោងចូលរួមបោះផ្សាយលក់មូលបត្រដំបូង គឺគ្រោងបោះផ្សាយលក់ភាគហ៊ុនប្រមាណចំនួន១០% នៃភាគហ៊ុនសរុប។ ហើយប្រសិនបើ ដំណើរការរលូន និងជោគជ័យ ក្រុមហ៊ុន ក៏នឹងបន្តការពង្រើកការបោះផ្សាយបន្ថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១៦ក្រុមហ៊ុន ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុន ចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល៕