ទីក្រុងព្រុចសែល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខរាជរដ្ឋាភិបាល ត្រូវសាងសង់ស្ពានចំនួន ៣បន្ថែមទៀត ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សម្តេចតេជោ បានថ្លែងបែបនេះនៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

ពាក់ព័ន្ធទៅនឹងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ,ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចតេជោបានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី២ ឬ៦ ខែមករា ២០២៣ ខាងមុខ។ សម្តេចតេជោបានមានប្រសាន៍ថា នៅចុងឆ្នាំនេះ ពោលពេលដែលសម្ដេចទៅកាន់ទីក្រុងភ្នំពេញវិញ សម្ដេចពិតជាមានភាពមមាញឹកសម្រាប់កិច្ចការប្រទេសជាតិ ដើម្បីបម្រើប្រយោជន៍ជូនជាតិមាតុភូមិ និងសម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា ស្ពានទាំង៣ ដែលត្រូវសាងសង់បន្ថែមនេះរួមមាន៖
ស្ពានទី១ នឹងបើកការដ្ឋាននៅដើមខែមករា ឆ្នាំ២០២៣ ដែលឆ្លងកាត់ទន្លេមេគង្គ ត្រង់ខេត្តក្រចេះ។ ស្ពាននេះមានការចាំបាច់សម្រាប់តភ្ជាប់ពីខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ធំ ដោយកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកន្លងមកត្រូវធ្វើដំណើរទៅខេត្តកំពង់ធំ ត្រូវឆ្លងចូលខេត្តត្បូងឃ្មុំ និងកំពុងចាម ប៉ុន្តែនៅពេលស្ពានថ្មីនេះសាងសង់រួច គឺធ្វើដំណើរពីក្រចេះទៅកំពង់ធំដែរម្តង។

ស្ពានទី២ នៅរាជធានីភ្នំពេញ គឺជាស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ ដែលបានចុះហត្ថលេខាទទួលឥណទានពីកូរ៉េ នូវទឹកប្រាក់ប្រមាណជិត ២៥០លានដុល្លារ។ ស្ពាននេះត្រូវសាងសង់ស្ពានចំនួន២ ដែលទី១ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ និងទី២ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល)។
ស្ពានទី៣ នៅរាជធានីភ្នំពេញផងដែរ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ស្ពាននេះមានតួនាទី ក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី














