រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល២៩៣ថ្ងៃ គិតត្រឹម ថ្ងៃទី១៣ ខែធ្នូ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ហើយភាគីជម្លោះនីមួយៗ នៅតែមិនទាន់ព្រមព្រៀងគ្នា ឬ ងាកទៅរកតុចរចាសន្ដិភាព ទើបប្រមុខការទូតអ៊ុយក្រែន បានអះអាង អំពីតម្រូវការចាំបាច់របស់ក្រុងកៀវ ទើបអាចបញ្ចប់សង្គ្រាមនេះបាន ហើយនាំមកនូវសន្ដិភាព។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា អ៊ុយក្រែន មានតម្រូវការចាំបាច់នូវគ្រឿងសព្វាវុធ និង គ្រាប់រំសេវបន្ថែមទៀត ដើម្បីនាំមកនូវជ័យជម្នះ និង បញ្ចប់សង្គ្រាម ហើយអាចនាំមកនូវសន្ដិភាពបាន។ ជាមួយគ្នានេះ ក្រុងកៀវ ក៏បានផ្ដល់វិធីសាស្រ្ដចំនួន៣ ដើម្បីបង្កើនជំនួយសន្ដិសុខ ដែលជាផ្នែកមួយរបស់សភាពអឺរ៉ុប និង ប្រទេសជាសមាជិក។

លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដី ក្រសួងការបរទេស អ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធ នៅក្នុងការថ្លែងសុន្ទរកថា តាមអនឡាញ ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុប កាលពីថ្ងៃចន្ទ ថា «អ៊ុយក្រែន នឹងអាចបញ្ចប់សង្គ្រាមនេះជាមួយនឹងជ័យជម្នះ ហើយនាំមកនូវសន្ដិភាព នៅក្នុងពេលដ៏ឆាប់ៗនេះបាន។ អ្វីដែលអាចធ្វើដូច្នេះបាន មានតែទទួលបានការគាំទ្របន្ថែមទៀត ពីសហភាពអឺរ៉ុប»។
ប្រមុខការទូតអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «តម្រូវការចាំបាច់ ជាអាទិភាពបំផុត រួមមាន ប្រព័ន្ធប្រឆាំងនឹងយន្ដហោះចម្បាំង ប្រព័ន្ធការពារប្រឆាំងនឹងមីស៊ីល រថពាសដែក កាំភ្លើងផ្លោងទំហំ១៥៥មិល្លីម៉ែត្រ និង គ្រាប់រំសេវពាក់ព័ន្ធ ហើយរថក្រោះតាមស្ដង់ដាររបស់អង្គការណាតូ និង ហិរញ្ញវត្ថុ»។

បើតាមលោក គូឡេបា បានឲ្យដឹង ថា ជ័យជម្នះ កាលពីពេលថ្មីៗរបស់អ៊ុយក្រែន នៅក្នុងការរំដោះទឹកដី នាតំបន់ភាគខាងកើត និង ភាគខាងត្បូង ប្រទេស មិនគួរបន្ធូរបន្ថយឲ្យគូជម្លោះនោះឡើយ ខណៈរុស្ស៊ី នៅតែបន្តបញ្ជូនទាហាន ចល័តទៅកាន់ខ្សែត្រៀមជួរមុខ ហើយអ៊ុយក្រែន ក៏កំពុងតែបង្កើតអង្គភាពថ្មី ដែលចាំបាច់ត្រូវតែបំពាក់គ្រឿងសឹក ប្រភេទនេះ។
លោក Kuleba បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីប្រឈមមុខនឹងរុស្ស៊ី អំពីការត្រៀមខ្លួន សម្រាប់ការចរចា និង សុច្ឆន្ទៈរបស់អ៊ុយក្រែន នៅក្នុងការរៀបចំការចរចា។ ក្នុងន័យនេះ លោករដ្ឋមន្រ្ដី បានលើកឡើង អំពីរូបមន្តសន្តិភាព ចំនួន១០ចំណុច ដែលត្រូវបានប្រកាស ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky)។

ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្រ្ដីក្រសួងការបរទេស ក៏បានថ្លែងជាដដែលៗ អំពីការអញ្ជើញដៃគូសហភាពអឺរ៉ុប ឲ្យជ្រើសរើសចំណុចសំខាន់ៗ សម្រាប់ធ្វើជារូបមន្ដដ៏ចម្បង ដែលពួកគេគួរតែត្រៀមរៀបចំខ្លួន ដើម្បីអនុវត្ដរួមគ្នាជាមួយអ៊ុយក្រែន។ យន្ដការនេះ នឹងមានសារៈសំខាន់ជាសកល ហើយការចូលរួម មិនត្រឹមតែបណ្តាប្រទេសអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងពិភពលោកខាងត្បូង ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN















