Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពមហាយក្សអាស៊ី ២ ប្រទេស ប៉ះទង្គិចគ្នាជាថ្មី ខណៈឥណ្ឌាធ្វើសមយុទ្ធតាមព្រំដែន

រដ្ឋធានីញូវដេលី៖ កងទ័ពឥណ្ឌា និង ចិន យូរៗម្ដងតែងតែមានជម្លោះនឹងគ្នា ហើយឥឡូវនេះ ក៏បានចាប់ផ្ដើមមានការប៉ះទង្គិចគ្នាជាថ្មី ដោយបានបណ្ដាលឲ្យភាគីទាំងសងខាង រងរបួសរៀងៗខ្លួន។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា ប្រភពព័ត៌មាន បានអះអាង កាលពីថ្ងៃចន្ទ ថា កងទ័ពឥណ្ឌា និង ចិន បានប៉ះទង្គិចគ្នាជាថ្មី នៅតំបន់ជម្លោះព្រំដែន នៃជួរភ្នំហិមពាន (Himalayan) កាលពីសប្ដាហ៍មុន ដោយបានបណ្ដាលឱ្យភាគីទាំងសងខាង រងរបួសស្រាល ជាច្រើននាក់។

ទំនាក់ទំនងការទូតរបស់ប្រទេសមហាយក្ស នៅអាស៊ីទាំង២នេះ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីមានការប៉ះទង្គិចគ្នា កាលពីខែមិថុនា ឆ្នាំ២០២០ ដោយបានបណ្តាលឲ្យកងទ័ពឥណ្ឌា ចំនួន២០នាក់ បាត់បង់ជីវិត និង ទាហានចិន យ៉ាងហោចណាស់ចំនួន៤នាក់បានស្លាប់ នៅតំបន់ជម្លោះព្រំដែន រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២នេះ។

បើតាមប្រភពព័ត៌មានពីកងទ័ពឥណ្ឌា បានបញ្ជាក់ ថា ការប៉ះទង្គិចគ្នានេះ បានកើតឡើង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់តាវ៉ាង (Tawang) រដ្ឋអារូណាចាល់ ប្រាដែស (Arunachal Pradesh) ប្រទេសឥណ្ឌា ជាប់ជាមួយនឹងព្រំដែនរបស់ចិន។ ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលកងទ័ពឥណ្ឌា និង សហរដ្ឋអាមេរិក បានដឹកនាំការធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ព្រំដែន។

កងទ័ពឥណ្ឌា បានទទួលស្គាល់ អំពីការប៉ះទង្គិចគ្នាជាមួយចិន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដោយអះអាង ថា កងទ័ពរបស់ក្រុងញូវដេលី យ៉ាងហោច ចំនួន៦នាក់ បានរងរបួស។ ប៉ុន្តែកងទ័ពរំដោះប្រជាជនចិន មិនបានធ្វើអត្ថាធិប្បាយ ជុំវិញបញ្ហានេះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×