ភ្នំពេញ៖ ប្រឡាយស្ទឹងមានជ័យ ដោយមានការរំលោភពីបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៥០០គ្រួសារ មកពីតំបន់ផ្សេងៗ មកតាំងទីលំនៅលើខ្នងប្រឡាយ ជាយូរឆ្នាំមកហើយនោះ នឹងត្រូវរុះរើចេញតាមដំណាក់កាល ទៅទីតាំងថ្មីបណ្តោះអាសន្ន ដើម្បីអភិវឌ្ឍប្រឡាយស្ទឹងមានជ័យ ជាផ្លូវទឹកដ៏សំខាន់ សម្រាប់រំដោះជំនន់ទឹកភ្លៀងនារដូវវស្សា។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានចេញប្លង់កម្មសិទ្ធិស្របច្បាប់ ជាមួយនឹងដីមួយឡូត៍ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខ្នងប្រឡាយស្ទឹងមានជ័យ នៅក្បែរប្រឡាយនេះ។
ក្នុងកិច្ចប្រជុំការអនុវត្តគម្រោងស្ដារ និងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី១១វិច្ឆិកានេះ ដាក់គ្រឿងចក្រចូលក្នុងតំបន់នោះ ដើម្បីធ្វើការឈូសឆាយ ធ្វើកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវរុះរើចេញ ក្នុងដំណាក់កាលទី១ មានចំនួន១៥៣គ្រួសារ រួមជាមួយនឹងបណ្ដាញទឹកស្អាត អគ្គិសនី បង្គន់អនាម័យ សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ។ លោកអភិបាល បានឯកភាពទៅតាមគម្រោងផែនការអនុវត្ត ក្នុងការស្ដារ និងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ។
បើតាមលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំថា ការងារដូចដែលបានដឹងនាពេលកន្លងមកហើយនោះថាមានបងប្អូនកំពុងតែរស់នៅលើខ្នងប្រឡាយស្ទឹងមានជ័យមានប្រមាណជាង៥០០គ្រួសារដែលក្នុងនោះសាលារាជធានីភ្នំពេញ ធ្លាប់បានធ្វើវេទិកាសាធារណៈដើម្បីពន្យល់និងជជែកពិភាក្សាគ្នាពីការងារ រៀបចំប្រឡាយនិងគិតគូរអំពីបញ្ហារបស់បងប្អូនប្រជាពលរដ្ឋឡើងវិញ។ លោកម៉េត មាសភក្តី បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានគិតគូរចំពោះបងប្អូនក្នុងការរស់នៅលើទីតាំងដ៏សមរម្យមួយ ដើម្បីធ្វើការអភិវឌ្ឍប្រឡាយស្ទឹងមានជ័យនេះ ឲ្យមានសោភ័ណភាពល្អ និងមានលក្ខណៈប្រសើរជាងមុន ។ បានន័យថា អាជ្ញាធរនឹងរៀបចំបែងចែកដីឡូត៍ និងចាប់ឆ្នោតយកប្លង់ដី និងផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋជាង៥០០គ្រួសារនេះ ឲ្យមានកម្មសិទ្ធិស្របច្បាប់ រស់នៅក្បែរប្រឡាយស្ទឹងមានជ័យ ដែលជាការកសាងលំនៅឋានថ្មី។
លោកបានបញ្ជាក់ថា ជាមួយកិច្ចការងារនេះ សាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងចាប់ផ្តើមដាក់គ្រឿងចក្រ ដើម្បីចូលឈូសឆាយរៀបចំទីតាំងស្នាក់នៅជាបណ្តោះអាសន្ន ដែលជាការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនោះការរុះរើផ្ទះប្រជាពលរដ្ឋចេញពីទីតាំងចាស់ មកទីតាំងថ្មីជាបណ្តោះអាសន្នចំនួន៤ដំណាក់កាល។ ដោយក្នុងមួយដំណាក់កាលៗ គឺត្រូវរៀបចំឲ្យប្រជាពលរដ្ឋ ស្នាក់នៅបណ្តោះអាសន្ន ដែលចាប់ពីថ្ងៃទី១១ខែវិច្ឆិកានេះទៅ នៅក្រោមស្ពានស្ទឹងមានជ័យ។ ក្នុងដំណាក់ទី១ ដែលមានជាង១០០គ្រួសារនេះ នឹងត្រូវរៀបចំពុះឡូត៍ដី ដោយសាងសង់រោងមានប្រក់ស័ង្កសី មានជញ្ជាំង មានរបង មានទ្វាសម្រាប់ចាក់សោត្រឹមត្រូវ ក្នុងទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ ដែលអាចការពារ និងថែរក្សាទ្រព្យសម្បត្តិ ជូនពួកគាត់ ឲ្យបានល្អប្រសើរថែមទៀតផង ជាពិសេសទីតាំងបណ្តោះអាសន្ន មានផ្តល់ជូននូវទឹក ភ្លើងអគ្គិសនី និងបង្គន់អនាម័យ ដោយឥតគិតថ្លៃ រហូតដល់ទីតាំងថ្មី ដែលរៀបចំជាឡូត៍ មានប្លង់កម្មសិទ្ធិស្របច្បាប់រួចរាល់ ហើយអញ្ជើញពួកគាត់ ទៅរស់នៅ ក្រោយពេលដែលចាប់ឆ្នោតរួច។ បន្ទាប់ពីដំណាក់កាលទី១ បានធ្វើឡើងបានរួចរាល់ហើយនោះ ចំណែកដំណាក់បន្តបន្ទាប់គឺទី២ ទី៣ និងទី៤ ត្រូវបានធ្វើដូចគ្នា រហូតដល់ចប់គម្រោង។
លោក បានបន្តថា ទោះបីជាការផ្លាស់ប្តូរកន្លែងស្នាក់នៅ មកទីតាំងបណ្តោះអាសន្ន ក៏តម្រូវឲ្យមានការចាប់ឆ្នោត យកទីកន្លែងស្នាក់នៅ ដើម្បីឲ្យមានតម្លាភាព ភាពស្មើគ្នា គឺមានន័យថា ការធ្វើរបស់អាជ្ញាធររាជធានី ធ្វើឲ្យមានភាពស្មើគ្នា។
លោកអ្នកនាំពាក្យ បានបញ្ជាក់ថា នៅលើទីតាំងបណ្តោះអាសន្ន នឹងត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាលមួយ ក្រោមការដឹកនាំពីអាជ្ញាធរខណ្ឌមានជ័យ មន្ទីរពាក់ព័ន្ធទាំងអស់ ដូចជា មន្ទីរសុខាភិបាល មន្ទីររៀបចំដែនដី ដើម្បីប្រចាំការទាំងយប់ទាំងថ្ងៃ ក្នុងន័យរង់ចាំ ឬក៏សម្របសម្រួល ការពារជូនដល់បងប្អូន ដែលមកស្នាក់នៅបណ្តោះអាសន្ននេះ ឲ្យមានសុវត្ថិភាព ជាពិសេសរង់ចាំដោះស្រាយ ក្នុងករណីមានជំងឺតម្កាត់ផ្សេងៗ នោះគឺទីបញ្ជាការស្រាល អាចដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ចំណែកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានដាក់រថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្យប្រចាំការ ២៤ម៉ោង ។
“ខណៈពេលដែលរដូវវស្សាឆ្នាំនេះ បានបញ្ចប់ទៅហើយ ដូច្នេះក្រុមការងារ ជាពិសេសមន្ទីរសាធារណការ និងមន្ទីររៀបចំដែនដី ត្រូវតែពន្លឿនការងារនេះ ក្នុងឱកាសនេះឲ្យបានល្អ និងទាន់ពេលវេលា ជូនបងប្អូន ដែលរងផលប៉ះពាល់ ពីការអភិវឌ្ឍប្រឡាយស្ទឹងមានជ័យនេះ ដូច្នេះការងារត្រូវតែធ្វើឲ្យលឿនមែនទែន និងស្រូតបញ្ចប់ ឲ្យបានមុនរដូវវស្សាឆ្នាំក្រោយ” ។ នេះបើតាមលោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ជាចុងក្រោយ៕ ដោយ៖កូឡាប