Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ព្រួយបារម្ភមីស៊ីលលឿនជាងសំឡេងរបស់ចិន បាញ់ដល់មូលដ្ឋានទ័ពរបស់ខ្លួន

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងយុគសម័យបច្ចេកវិទ្យា រីកចម្រើន កាន់តែខ្លាំងបំផុតនោះ សហរដ្ឋអាមេរិក បានមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់មីស៊ីលមានល្បឿនលឿនជាងសំឡេងរបស់ចិន ប្រភេទ DF-17 ព្រោះវាអាចវាយប្រហារ ដល់មូលដ្ឋានកងទ័ពសំខាន់ៗរបស់សហរដ្ឋអាមេរិក។

សារព័ត៌មាន The Eurasian Times បានចេញផ្សាយ កលពីថ្ងៃទី១២ ខែធ្នូ ថា ក្រោយពេលសហរដ្ឋអាមេរិក បានខកខាត បាញ់មីស៊ីលមានល្បឿនលឿនជាងសំឡេងរបស់ខ្លួននោះ មន្ទីរបញ្ចកោណ បានចាត់ទុកមីស៊ីលផ្លោង មានល្បឿនលឿនជាងសំឡេងរបស់ចិន ប្រភេទ DF-17 ជាការគំរាមកំហែងយ៉ាងខ្លាំងបំផុត ដល់មូលដ្ឋានកងទ័ពអាកាសនានារបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក។

មន្ទីរបញ្ចកោណ កាលពីពេលថ្មីៗនេះ បានរាយការណ៍ ដោយផ្ដោតយ៉ាងសំខាន់ ទៅលើអំណាចយោធារបស់ចិន ថា មីស៊ីលបាល្លិស្ទីក រយៈចម្ងាយមធ្យម មានល្បឿនលឿនជាងសំឡេងរបស់ចិន ប្រភេទ Dong Feng-17 មានគោលដៅ វាយប្រហារ ទៅលើមូលដ្ឋានកងទ័ពនានា និង កងនាវារបស់បរទេស នៅតំបន់ប៉ាស៊ីហ្វិកខាងលិច។ របាយការណ៍ ដែលបានចេញកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានរៀបរាប់ អំពីចិន ថា«បញ្ហាប្រឈមមុខជាប្រព័ន្ធ និង ជាផលវិបាកយ៉ាងធ្ងន់បំផុត សម្រាប់សន្តិសុខជាតិរបស់យើង និង ប្រព័ន្ធអន្តរជាតិ បើកចំហ និងសេរីភាពប៉ាស៊ីហ្វិក»។

មន្ទីរបញ្ចកោណ បានបញ្ជាក់ ថា មីស៊ីល DF-17 បានឆ្លងកាត់ការសាកល្បង ជាច្រើនលើក ប្រកបដោយជោគជ័យ ហើយត្រូវបានដាក់ពង្រាយ សម្រាប់ប្រតិបត្តិការ។ ជាមួយគ្នានេះ DF-17 ក៏អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ផងដែរ។

បើតាមរបាយការណ៍ កាលពីមុន បានបង្ហាញ ថា DF-17 អាចបញ្ច្រៀតចូល ទៅក្នុងប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ថែមទៀតផង។ មីស៊ីល ប្រភេទនេះ អាចបាញ់ប្រហារ ចេញពីប្រទេសចិន ទៅដល់មូលដ្ឋានកងទ័ពអាកាសសហរដ្ឋអាមេរិក នៅយ៉ូកូស៊ូកា (Yokosuka) ប្រទេសជប៉ុន និង កូរ៉េខាងត្បូង នៅក្នុងចម្ងាយ ជាអតិបរមា ២ ៥០០គីឡូម៉ែត្រ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ ថា ចិន កំពុងតែបង្កើនសមត្ថភាពមីស៊ីល កាន់តែខ្លាំងឡើង។ ជាឧទាហរណ៍ មន្ទីរបញ្ចកោណ បានបង្វែរការយកចិត្តទុកដាក់ ទៅលើការពង្រឹងប្រព័ន្ធការពារកាំជ្រួច នៅលើកោះហ្គាម (Guam) ប្រឆាំងនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ចិន ប្រភេទ DF-26 ដោយសារវាមានសមត្ថភាព អាចវាយប្រហារ ដល់មូលដ្ឋានទ័ពអាកាសអានដឺរសេន (Andersen) នៅលើកោះនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×