យោងតាមភាគីរុស្ស៊ី គ្រឿងផ្ទុះពីរដែលមានផ្ទុក TNT ទម្ងន់ប្រមាណពី ១៥ ទៅ ២០ គីឡូក្រាម បានបំផ្ទុះបង្គោលបេតុងពង្រឹងពីរនៃស្ពាន បណ្តាលឱ្យស្ពានឆ្ពោះទៅកាន់ទីក្រុង Melitopol ដួលរលំ។
កាសែត The Guardian និង CNN បានរាយការណ៍នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ថា នេះគឺជាស្ពានឆ្លងកាត់ទន្លេ Molochna ដែលមានទីតាំងនៅចន្លោះទីក្រុង Melitopol ទៅកាន់ អ៊ុយក្រែន និងភូមិ Kostyantynivka នៅភាគខាងកើតទីក្រុង នៅលើផ្លូវហាយវេ M14 ។ ស្ពានេះដែលត្រូវបានវាយប្រហារបំផ្ទុះនៅយប់ថ្ងៃទី១២ ខែធ្នូ ត្រូវបានប្រជាជនអ៊ុយក្រែនចាត់ទុកថា ជាស្ពានសំខាន់ចូលទៅក្នុងទីក្រុង Melitopol ត្រូវបានកាន់កាប់ និងប្រើប្រាស់ជាផ្លូវផ្គត់ផ្គង់ដោយកងកម្លាំងរុស្ស៊ី។។
វីដេអូមួយដែលត្រូវបានបង្ហោះតាមអ៊ីនធើរណែត ក៏បានបង្ហាញសសរទ្រទ្រង់ស្ពានចំនួនពីរ ត្រូវបានខូចខាត ពីការវាយប្រហារនេះ ដោយផ្នែកខ្លះបានដួលរលំដោយសារតែការផ្ទុះ។
គួរបញ្ជាក់ថា ការវាយប្រហារលើស្ពាននេះ បានកើតឡើងតែពីរថ្ងៃ បន្ទាប់ពី អ៊ុយក្រែន បានវាយប្រហារបន្ទាយរុស្ស៊ី ដែលមានទីតាំងនៅរមណីយដ្ឋានក្នុងទីក្រុង ជាមួយនឹងកាំជ្រួច Himars។
លោក Yevgeny Balitsky ជាប្រធានតំបន់ Zaporozhye ដែលត្រូវបានតែងតាំងរបស់រុស្ស៊ី បានបញ្ជាក់ពីការផ្ទុះនេះ ប៉ុន្តែបាននិយាយថា ស្ពាននេះ «មិនមានសារសំខាន់ជាយុទ្ធសាស្ត្រ» នោះទេ។
TASS បានដកស្រង់សម្តីលោក Balitsky ដែលបានការសរសេរនៅលើ Telegram ថា «ខ្ញុំចង់បញ្ជាក់ថា ការបំផ្លិចបំផ្លាញដែលធ្វើឡើងដោយទីក្រុងគៀវ មិនប៉ះពាល់ដល់ការដឹកជញ្ជូនតាមមធ្យោបាយណាមួយឡើយ ស្ពាននេះមិនមានសារៈសំខាន់ជាយុទ្ធសាស្ត្រនោះទេ ហើយវានឹងមិនមានផលប៉ះពាល់ដល់ការដឹកជញ្ជូន និងសេវាកម្មផ្គត់ផ្គង់ស្បៀងក្នុងតំបន់នោះដែរ»។
យោងតាមមន្ត្រីរុស្ស៊ីខាងលើ ការបង្កើតផ្លូវវាងទៅកាន់ភូមិ Konstantinovka បានចាប់ផ្តើមហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








