Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការអភិវឌ្ឍនវិស័យជាច្រើន ក្នុងប្រទេសកម្ពុជា មួយផ្នែកគឺទទួលបានជំនួយមកពីប្រទេសជប៉ុន

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធនៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ការអភិវឌ្ឍនវិស័យនានាជាច្រើនក្នុងប្រទេសកម្ពុជា មួយផ្នែកគឺទទួលបានជំនួយមកពីប្រទេសជប៉ុន ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានភាពចាស់ទុំ និងរីកចម្រើន ដែលទំនាក់ទំនងនេះដែរ នឹងត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងធំ ដែលបាននិងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេលថ្មីៗនេះ រួមមាន៖ គម្រោងស្ថាបនា និងលើកកម្ពស់ផ្លូវជាតិលេខ៥ គម្រោងពង្រីកវិសាលភាពកំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI គម្រោងសិក្សារៀបចំផែនការមេភស្តុភារកម្ម ការផ្តល់ជំនួយគ្រឿងចក្រផ្សេងៗ សម្រាប់ការជួសជុលថែទាំផ្លូវថ្នល់ ជាពិសេសគ្រឿងចក្រ Stabilizer ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការជួសជុលផ្លូវថ្នល់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីពេលកន្លងទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងបន្ថែមថា៖ រូបឯកឧត្តម តែងតែចងចាំជានិច្ច នូវអនុសាសន៍ណែនាំរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo ABE ដែលបានលើកឡើងថា៖ ធ្វើកិច្ចការអ្វីមួយ ត្រូវតែធ្វើឡើងប្រកបដោយគុណភាពតាំងពីពេលចាប់ផ្តើម ជាពិសេសចំពោះកិច្ចការដែលទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែយកគោលគំនិតនេះ មកអនុវត្តលើរាល់គម្រោងការងារនានា ដែលឯកឧត្តមបានបំពេញកន្លងមក។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវអំណរគុណដូចគ្នា ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ ហើយ ឯកឧត្តម សូមចូលរួមអបអរយ៉ាងក្រៃលែង ចំពោះភាពជោគជ័យដ៏ធំធេង ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកាកន្លងទៅ។
ឯកឧត្តមឯកអគ្គរាជទូត បានឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបថា៖ ឯកឧត្តម នៅតែបន្តចូលរួមគាំទ្រការអភិវឌ្ឍនៅកម្ពុជា បើទោះជាឯកឧត្តម មិនបានបន្តការងារនៅទីនេះក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×