ភ្នំពេញ៖ ក្រោយពីវិបត្តិកូវីដ ១៩ បច្ចុប្បន្ន វិស័យអចលនទ្រព្យ កំពុងមានសន្ទុះឡើងវិញ ជាពិសេស លើវិស័យដីធ្លី ហើយវិស័យនេះ អាចមានសក្ដានុពលយូរអង្វែងទៅមុខទៀត ព្រោះថានៅកម្ពុជា ជាប្រទេស មានស្ថិរភាព កំណើនសេដ្ឋកិច្ច និងជាប្រទេស កំពុងមានអ្នកមកដាក់ទុនវិនិយោគច្រើន។

ទន្ទឹមនិងវិស័យអចលនទ្រព្យ កំពុងមានសន្ទុះឡើងវិញនេះ វិស័យអចលនទ្រព្យនៅតាមបណ្តាខេត្តមួយចំនួន ក៏ហាក់មានស្ទុះងើបឡើងវិញផងដែរ ក្រោយពីវិបត្តិកូវីដ-១៩ បានធូរស្រាល។ ជាក់ស្តែង វិស័យអចលនទ្រព្យនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យដែលស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរថៃ ចាប់ផ្តើមហាក់មានសន្ទុះងើបឡើងវិញ ដែលបានអូសបន្លាយជាង ២ឆ្នាំមកហើយ។

គួរគត់សំគាល់ថា អ្វីដែលធ្វើឱ្យវិស័យមួយនេះ បានងើបឡើងវិញបាននោះ គឺដោយសារតែមានគោលនយោបាយចាក់ស្រោចវ៉ាក់សាំង ក្រោមគំនិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុ មានតម្លៃទាប និងមធ្យមនៅក្នុងស្រុក។

ក្រុមអ្នកលក់ដីឡូតិ៍ បានលើកឡើងថា ទោះបីប្រឈមនឹងបញ្ហានានា បង្កឡើងដោយវិបត្តិកូវីដ១៩ តែវិស័យអចលនទ្រព្យ នៅតែបន្តមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគ បើប្រៀបធៀប នឹងប្រទេសជិតខាង។

អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ការងើបឡើងវិញនេះ គឺដោយសារតែរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ខណៈករណីឆ្លងមានការធ្លាក់ចុះជាបណ្ដើរៗហើយ ដែលនឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរឡើងវិញ ហើយក៏ធ្វើឲ្យអ្នកវិនិយោគបរទេស ក៏នឹងចាប់ផ្ដើមចូលមកវិញបណ្តើៗផងដែរ។

អ្នកជំនាញបន្តថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ២០២២នេះ ដោយសារលំហូរវិនិយោគិនបរទេស ដែលអាចនឹងមានដល់ ៣០ ទៅ ៤០%។ ការទម្លាក់ទុនវិនិយោគរបស់វិនិយោគិន ក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសមកលើបណ្តាខេត្ត ដូចជានៅខេត្តត្បូងឃ្មុំ សៀមរាប និងបន្ទាយមានជ័យ គឺជាការរួមចំណែកអភិវឌ្ឍន៍ជាមួយអាជ្ញាធរខេត្ត ក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពស៊ីវិល័យ តាមរយៈការមានកម្មសិទ្ធិដីធ្លីខ្លួនឯង និងមានការងារធ្វើ មានប្រាក់ចំណូលជាដើម។
គួរបញ្ជាក់ថា បណ្តាខេត្តមួយចំនួនៅកម្ពុជា ដូចជាខេត្តព្រះសីហនុ បាត់ដំបង កំពង់ចាម ត្បូងឃ្មុំ សៀមរាប និងខេត្តបន្ទាយមានជ័យជាដើម ត្រូវបានគេសង្កេតឃើញថា ជាខេត្ត ដែលមានសក្តានុពលលើវិស័យអចលនទ្រព្យ។ ក្នុងនោះ ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ឃើញថា មានសកម្មភាពផុសផុលច្រើនជាងគេក្នុងការសាងសង់លំនៅឋាន និងសណ្ឋាគារ ខណៈខេត្តបាត់ដំបង ត្បូងឃ្មុំ និងកំពង់ចាម នៅមានកម្រិតសាងសង់ផ្ទះ និងបុរីតិចតួចនៅឡើយ ដែលគេរំពឹងថា និងអាចកើនឡើងនាពេលឆាប់ៗខាងមុខនេះ៕