Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី អួតអាងអាវុធមហាប្រល័យលោករបស់ខ្លួន ខ្លាំងជាងគ្រាប់បែកអាមេរិក ទម្លាក់នៅជប៉ុន ១២ដង

រដ្ឋធានីមូស្គូ៖ មន្រ្ដីជាន់ខ្ពស់របស់ក្រុងមូស្គូ តែងតែគំរាមកំហែងជារឿយៗ អំពីការវាយប្រហារដោយអាវុធមហាប្រល័យលោក ចាប់តាំងពីការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក ហើយឥឡូវនេះ រុស្ស៊ី បានចាប់ផ្ដើមអួតអាង អំពីអនុភាពគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន មានកម្លាំងខ្លាំងក្លាជាង១២ដង នៃគ្រាប់បែករបស់សហរដ្ឋអាមេរិក ទម្លាក់ នៅក្នុងប្រទេសជប៉ុន។

ទស្សនាវដ្ដីព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូ អំពីមីស៊ីលបាល្លិស្ទីកអន្ដរទ្វីប នៅលើជើងទម្របាញ់ ហើយត្រូវបានបណ្ដាញផ្សព្វផ្សាយរបស់ប្រទេសមហាអំណាចមួយនេះ យកទៅចុះផ្សាយព្រោងព្រាត នៅក្នុងន័យបង្ហាញ អំពីការព្រមានដល់បស្ចិមលោក។

សារព័ត៌មានរបស់រុស្ស៊ី Komsomolskaya Pravda (កូមសូម៉ូលស្កាយ៉ា ប្រាវដា) បានរាយការណ៍ ថា មីស៊ីលយ៉ាស (Yars) ដែលបានដាក់ នៅក្នុងតំបន់កាលូហ្កា (Kaluga) មានសមត្ថភាពខ្លាំងក្លាជាង១២ដង នៃគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក បានកម្ទេចទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥។ មីស៊ីលប្រភេទនេះ អាចបាញ់ទម្ងន់ ៤៦ ០០០តោន និង ប្រតិបត្ដិការ នៅក្នុងចម្ងាយ ១២ ០០០គីឡូម៉ែត្រ ហើយវាអាចវាយប្រហារ ដល់ទឹកដីរបស់សហរដ្ឋអាមេរិក និង ទីកន្លែងណាមួយ នៅតំបន់អឺរ៉ុប ដោយមានកម្លាំងបំផ្ទុះ រហូតដល់៥០០គីឡូតោន។

មីស៊ីលអន្ដរទ្វីប RS-24 Yars ត្រូវបានកែច្នែ ចេញពីមីស៊ីលមុន ប្រភេទ Topol-M ដើម្បីធ្វើឲ្យវាមានកម្លាំងខ្លាំង ហើយត្រូវបានបណ្ដាប្រទេសបស្ចិមលោកស្គាល់ ជាមីស៊ីល SS-29។ មីស៊ីលអន្ដរទ្វីបប្រភេទនេះ ត្រូវបានបង្កើតឡើង ដោយវិទ្យាស្ថានវិស្វកម្មកម្ដៅក្រុងម៉ូស្គូ ហើយបានបាញ់សាកល្បង ជាលើកដំបូង នៅក្នុងឆ្នាំ២០០៧។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃពុធ ថា មីស៊ីលអន្ដរទ្វីបទាំងនេះ ត្រូវបានដាក់ នៅលើជើងទម្រ ដោយប្រើអង្គភាពដឹកជញ្ជូន និង ផ្ទុកពិសេស នៅក្នុងប្រតិបត្តិការ ដែលបានចំណាយពេល ជាច្រើនម៉ោង។

លោក អាឡិចសេ សូកូឡូវ (Alexei Sokolov) មេបញ្ជាការ នៃការបង្កើតមីស៊ីលកូហ្សេលស្គី ( Kozelsky) បានបញ្ជាក់ ថា «ប្រតិបត្តិការនេះ នឹងធ្វើឡើង នៅក្នុងទិវាកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់រុស្ស៊ី ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃសៅរ៍ ទី ១៧ ខែធ្នូ។ រីឯសារៈសំខាន់ នៃប្រតិបត្តិការនេះ ផ្អែកលើការពិត ដោយថា មីស៊ីលបន្ទាប់ នឹងត្រូវបំពេញកាតព្វកិច្ចប្រយុទ្ធ តាមការគ្រោងទុក»។

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ Tass បានឲ្យដឹង ថា «មាតុភូមិ នឹងទទួលបានគំរូអាវុធមីស៊ីលនុយក្លេអ៊ែរមួយផ្សេងទៀត ដែលនឹងអនុញ្ញាតឱ្យយើង ដោះស្រាយកិច្ចការណាមួយ នៅក្នុងកម្រិតយុទ្ធសាស្ត្រ»។

សារព័ត៌មានដដែលនេះ បានដកស្រង់សម្ដីរបស់លោក វ៉ាឌីម វីយ៉ាហ្សូវស្គី (Vadim Vyazovsky) ជាវិស្វករ បានអះអាង ថា «ខ្ញុំមានមោទកភាព សម្រាប់រុស្ស៊ី ដែលប្រទេសរបស់ខ្ញុំ បានដកឱ្យប្រើប្រាស់នូវអាវុធប្រភេទនេះ ព្រោះវានឹងធ្វើឲ្យមាតុភូមិ អាចរស់នៅសុខស្រួល ដោយសន្តិភាព»។

មីស៊ីល Yars បានដាក់បង្ហាញ កាលពីខែតុលា នៅក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា នៃកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្រ្ដរបស់រុស្ស៊ី ក្រោមការត្រួតពិនិត្យ ពីប្រធានាធិបតី លោក វ៉ា្លឌីមៀ ពូទីន។ សមយុទ្ធយោធានោះ បានលើកទឹកចិត្ត ដល់អ្នកឃោសនាឲ្យវិមានក្រឹមឡាំង លោក អ៊ីហ្គ័រ កូរ៉ូតចេនកូ (Igor Korotchenko) ថ្លែង នៅតាមកញ្ចក់ទូរទស្សន៍ Russia-1 (រុស្ស៊ី វ៉ាន់) អំពី«សារសំខាន់យ៉ាងខ្លាំង ដែលយើងបានបង្ហាញឱ្យឃើញ ថាតើនរណាជាសត្រូវចម្បងរបស់យើង ហើយអ្វីដែលយើងកំពុងតែរង់ចាំគាត់»។

ការបង្ហាញមីស៊ីលនុយក្លេអ៊ែរ Yars នេះ បានកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង បង្កឲ្យរដ្ឋធានីនានារបស់ពិភពលោក មានការព្រួយបារម្ភ អំពីសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ដោយសារកងទ័ពរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបរាជ័យ នៅក្នុងការឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងនាមជាមីស៊ីលអន្ដរទ្វីប (ICBM) នោះ កាំជ្រួច Yars ក៏មិនមែនជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះដែរ ហើយអ្នកវិភាគ សង្ស័យថា ការងាកទៅរកសង្គ្រាមមិនធម្មតា នឹងផ្តល់អត្ថប្រយោជន៍ខាងយោធាដល់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

×