ទីក្រុងប៊្រុចសែល៖ ជាមួយនឹងការបង្ហូរគ្រឿងសព្វាវុធ នាំទៅផ្គត់ផ្គង់ ដល់កងទ័ពអ៊ុយក្រែន វាយប្រហារ ទប់ទល់នឹងការលុកលុយរបស់កម្លាំងទាហានរុស្ស៊ី ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ អស់រយៈពេលជាង២៩០ថ្ងៃកន្លងមកនេះ កំពុងតែធ្វើឲ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ប្រឈមមុខនឹងការខ្វះខាតគ្រឿងសឹកយ៉ាងពិតប្រាកដ។
ទស្សនាវដ្ដីព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា លោកស្រីឯកអគ្គរដ្ឋទូត ជូលៀននេ ស្មីត (Julianne Smith) តំណាងអចិន្រ្ដៃយ៍របស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ បានធ្វើអត្ថាធិប្បាយ នៅក្នុងអំឡុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ ជាមួយនឹងលោកបណ្ឌិត កាតលីន មឺកអ៊ីននីស (Dr. Kathleen McInnis) មន្រ្ដីជាន់ខ្ពស់ នៃកម្មវិធីសន្ដិសុខអន្ដរជាតិរបស់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ដ និង ការសិក្សាអន្ដរជាតិ ថា ឃ្លាំងស្ដុកគ្រឿងយុទ្ធោបករណ៍របស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ កំពុងតែថយចុះយ៉ាងខ្លាំង នៅក្នុងអំឡុងពេលសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន។ ស្ថិតក្នុងស្ថានភាពបែបនេះ កិច្ចខិតខំប្រឹងប្រែង កំពុងតែកើតមានឡើង នៅតាមអង្គភាពនានា និង អង្គការជាច្រើនទៀត ដើម្បីបំពេញឃ្លាំងស្ដុកគ្រឿងសឹករបស់ពួកគេឡើងវិញ។

លោកស្រី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា បញ្ហាពាក់ព័ន្ធនឹងក្រុមទំនាក់ទំនងការពារអ៊ុយក្រែន (ហៅកាត់ UDCG) នោះ សហរដ្ឋអាមេរិក បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលនូវការផ្ដល់ជំនួយគ្រឿងសព្វាវុធ មកពីប្រទេសចំនួន៥០ ហើយប្រទេសមួយចំនួន ក៏មិនមែនជាសមាជិករបស់អង្គការណាតូ នោះដែរ។ ប៉ុន្ដែពួកគេបានជួបគ្នាជារៀងរាល់ខែ ហើយលើកឡើង អំពីវិស័យឧស្សាហកម្មគ្រឿងសព្វាវុធ ដោយ«ព្យាយាមកំណត់ អំពីវិធីសាស្រ្ដ ដែលពួកគេអាចបញ្ជូនសញ្ញាត្រឹមត្រូវ ទៅកាន់ឧស្សាហកម្មមួយនេះ សម្រាប់ការផ្តល់ឱ្យពួកគេ ធានាបានតាមតម្រូវការ ដើម្បីដំណើរការខ្សែសង្វាក់ផលិតកម្មឡើងវិញ»។

លោកស្រី ស្មីត បានបន្ថែម ថា «កិច្ចខិតខំប្រឹងប្រែងនេះ នឹងផ្ដោតទៅលើការថយចុះគ្រឿងសព្វាវុធ ពីក្នុងឃ្លាំង នៅទូទាំងប្រទេស ជាសម្ពន្ធមិត្តរបស់អង្គការណាតូ ដូចជា អេស្ដូនី ដែលបានផ្ដល់ជំនួយសន្ដិសុខយ៉ាងច្រើន ជួយដល់ប្រទេសអ៊ុយក្រែន។ អ៊ីចឹង ពួកគេកំពុងតែប្រឈមមុខនឹងការខ្វះខាតគ្រឿងសព្វាវុធយ៉ាងពិតប្រាកដ ហើយបញ្ហានេះ មិនមែនត្រឹមតែអេស្ដូនី ប៉ុណ្ណោះទេ, អ្វីដែលយើងមើលឃើញ គឺឃ្លាំងអាវុធបានថយចុះ នៅទូទាំងសម្ពន្ធមិត្តទាំងអស់៕ រក្សាសិទ្ធិដោយ ៖ សារាយSN
















