ខេត្តបាត់ដំបង : សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៅវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
លោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុកបវេល បានឱ្យដឹងថា សមិទ្ធផលដែលបានប្រាព្ធពិធីសម្ពោធនាថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ នៃស្រុកបវេល និងសប្បុរសជននានា សរុបថវិកាចំណាយមានចំនួន ៤៨៦,០៥៣ដុល្លារអាមេរិក ។ លោកបានថ្លែងអំណរគុណជូនសម្ដេច និងលោកជំទាវ ព្រមទាំងក្រុមការងារ និងសប្បុរសជនដែលបានរួមចំណែកកសាងសមិទ្ធផលដ៏ថ្លៃថ្លានេះ ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយជាថ្មីម្ដងទៀតដែលបានមកជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរ លោកគ្រូអ្នកគ្រូ តាជីយាយជី បងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ក្នុងពិធីសម្ពោធអគារសិក្សាវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ យុវជន និងសិស្សានុស្សិសទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

សម្ដេចក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីពេលកន្លងទៅ និងអញ្ជើញចូលរួមយ៉ាងសស្រាក់សស្រាំក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីប្រើប្រាស់បញ្ជីបោះឆ្នោតនេះបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រព្រឹត្តិនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ សំដៅបន្តរួមគ្នាជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលជាមូលដ្ឋាន នៃការអភិវឌ្ឍប្រទេសជាតិ ។
ជាមួយគ្នានោះដែរ សម្ដេចបានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ដែលមានឯកឧត្តម សក់ សេដ្ឋា ជាប្រធាន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរ ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនូវហេដ្ឋានរចនាសម្ព័ន្ធ និងសមិទ្ធផលសង្គមនានាជាច្រើន ធ្វើឱ្យស្រុកបវេល មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជាក់ស្ដែងការប្រារព្ធពិធីសម្ពោធសមិទ្ធផលនេះ ជាការបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀតនៃការអភិវឌ្ឍសង្គមជាតិ ។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបន្ថែមថា មានអគារសិក្សាល្អ គ្រូល្អ កម្មវិធីអប់រំល្អ ជាមួយការខិតខំរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការសិក្សារៀនសូត្រ ហើយសម្ដេចសង្ឃឹមថា ធនធានមនុស្សក្នុងស្រុកបវេល នឹងកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត ដើម្បីអនាគតរុងរឿងរបស់សិស្សានុសិស្សដោយផ្ទាល់ ក្រុមគ្រួសារ ក៏ដូចជាភូមិ ឃុំ និងប្រទេសជាតិ ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៅកាន់អង្គពិធីអំពីប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ ការប្រកួតប្រជែងខាងនយោបាយ យោធា សេដ្ឋកិច្ច រវាងប្រទេសមហាអំណាច បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាប្រែប្រួលអាកាសធាតុដែលក្នុងនោះបញ្ហាអាកាសធាតុនេះ បានបណ្ដាលឱ្យស្រុកបវេល និងក្រុងស្រុកផ្សេងទៀតនៃខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេសរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។
សម្ដេចបន្តថា ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការសេដ្ឋកិច្ចតាមរយៈការជួយគាំពារដល់រោងចក្រ សហគ្រាស និងកម្មករដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ-១៩ ការសម្របសម្រួល និងអន្តរាគមន៍រក្សាតម្លៃស្រូវអង្ករ ការដាក់ចេញវិធានការគាំពារសង្គម ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាក្រីក្រ និងវិធានការជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ជាក់ស្ដែងសម្ដេចតេជោ បានអញ្ជើញចុះស្វែងយល់ការលំបាក ចែកស្រូវពូជ និងអំណោយផ្សេងៗដល់ពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ។
តាមរយៈវិធានការនានាដូចបានលើកឡើងមកនេះ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ បានទប់លំនឹងសេដ្ឋកិច្ចជាតិ មានលទ្ធភាពជួយសម្រាលការលំបាករបស់ពលរដ្ឋឆ្លង និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២២ ដែលរំពឹងថា អាចសម្រេចបាន ៥,៦ ភាគរយ។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលនៅតែមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្ដល់ប្រាក់ខែជូនមន្រ្តីរាជការនិងទំលាក់ថវិកាមករដ្ឋបាលថ្នាក់ក្រោមជាតិជាទៀងទាត់ ៕ រក្សាសិទ្ធិដោយ ៖ សុវណ្ណារិទ្ធ








