ព្រុចសែល៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកធ្វើធុរកិច្ច និងវិនិយោគរបស់សហភាពអឺរ៉ុប យកប្រទេសសមាជិកអាស៊ានជាគោលដៅសម្រាប់ការវិនិយោគរបស់ខ្លួន។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវ ដូចនេះ ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប លើកទី១០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងក្រុមហ៊ុនធំៗមកពីតំបន់អាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា រួមនិងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញអមដំណើរឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអាហារថ្ងៃត្រង់កិច្ចប្រជុំតុមូលអាស៊ាន-សហភាព នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នាទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អាស៊ាន និងសហភាពអឺរ៉ុប បានធ្វើដំណើរដ៏វែងឆ្ងាយជាមួយគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងចម្បងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងសហគមន៍ទាំងពីរលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងធុរកិច្ច ប្រកបដោយទំនើបកម្ម ភាពធន់ និងបរិយាប័ន្ន។ អាស៊ាន និងសហភាពអឺរ៉ុប ក៏ដូចជាសកលលោកទាំងមូល បានទទួលផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតជាសកលនៃកូវីដ-១៩ក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ និងបញ្ហាប្រឈមដទៃទៀត ដូចជាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ។ល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលជាកម្លាំងចលករជំរុញការអនុវត្តយន្តការនានា ដែលដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ឱ្យមានប្រសិទ្ធិភាព។

កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងដើម្បីពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាននិងសហភាពអឺរ៉ុប ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ចកម្ម និងការវិនិយោគ។ កិច្ចពិភាក្សាជជែកចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចដើម្បីធ្វើឲ្យវិស័យសេដ្ឋកិច្ចតំបន់អាស៊ាននិងអឺរ៉ុបមានការរីកចម្រើន។
តាមទិន្នន័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទំនិញទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០២១ សម្រេចបាន ៤,១៨ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣,២២ពាន់លានដុល្លារអាមេរិក និងការនាំចូលមានទំហំ ០,៩៥ពាន់លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២១ មានការកើនឡើងចំនួន ៨,៤៣%៕