ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអាស៊ាន និងសហភាពអឺរ៉ុប ធ្វើការរួមគ្នា ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ គុណភាពជីវិត ប្រកបដោយបរិយាប័ន្ន

ទីក្រុងព្រុចសែល ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន បានថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុប ថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ បញ្ចៀសការបំពានដោយរដ្ឋមួយចំនួនយ៉ាងបើកចំហ ដែលធ្វើឱ្យប៉ះពាល់ផលអវិជ្ជមានមិនត្រឹមតែតំបន់ខ្លួនឯងប៉ុណ្ណោះទេ គឺទូទាំងសាកលលោក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប, អបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប រៀបចំនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងព្រុចសែល ត្រូវនឹងយប់ថ្ងៃទី១៤ ខែធ្នូ ម៉ោងនៅកម្ពុជា, កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមអធិបតីភាព សហប្រធាន លោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានននិងសហភាពអឺរ៉ុប គឺជាបង្គោលដ៏ធំមួយនៃទំនាក់ទំនងដ៏យូរអង្វែង ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់ពេលជាង ៤ទសវត្សកន្លះមកហើយ, ពេលនេះ កិច្ចប្រជុំកំពូលចាប់ផ្ដើម គឺជាឱកាសដ៏ពិសេសមួយ សម្រាប់ពិនិត្យមើលស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក៏ដូចជាការផ្លាស់ប្ដូរនូវទស្សន:វិស័យ និងស្មារតី ដើម្បីតម្រង់ទិសដៅទៅអនាគត សម្រាប់ទំនាក់ទំនងតំបន់ទាំងពីរ។

ដូច្នេះ ស្មារតី មនសិការ និងបំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងពីររបស់យើង បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និងគ្របដណ្តប់យ៉ាងទូលំទូលាយទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ថា អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះគឺ សន្តិភាពសាកល ក៏បាននិងកំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហលើច្បាប់, បទដ្ឋាន និងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសាកល។

អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និងការផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

អាស៊ាន និងសហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់, បទដ្ឋានគតិយុត្តិ និងគោលការណ៍ដែលត្រូវបានទទួលស្គាល់ជាសាកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់របស់យើងក៏ដូចជាពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម