ភ្នំពេញ៖ តំបន់អាស៊ានទាំងមូល ជាដៃគូពាណិជ្ជកម្មដ៏ធំទី៣ របស់អឺរ៉ុប បន្ទាប់ចិន និងសហរដ្ឋអាមេរិក។ បើតាមគេហទំព័រគណៈកម្មការអឺរ៉ុប ទំហំពាណិជ្ជកម្មទ្វេភាគីតំបន់ទាំងពីរបានកើនដល់ប្រមាណ ២២៩,៩ពាន់លានដុល្លារ នៅឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឱ្យពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីប្រយោជន៍ប្រជាជាតិតំបន់ទាំងពីរ ហើយសម្តេចបានប្រកាសថា «យើងមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ពាណិជ្ជកម្មសេរីឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអឺរ៉ុប បើទោះបីជាតំបន់ទាំងពីរនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ សម្តេចបានបង្ហើបអំពីបំណងរបស់ថ្នាក់ដឹកនាំតំបន់ទាំងពីរ ដែលចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-អឺរ៉ុប នាពេលនេះ៕