Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំអឺរ៉ុប ចាប់ផ្ដើមពិភាក្សាគ្នា អំពីគម្រោងសង្គ្រោះឧស្សាហកម្ម

ទីក្រុងប៊្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប នឹងជជែកគ្នា នៅថ្ងៃព្រហស្បតិ៍ អំពីវិធីសាស្រ្ដ សម្រាប់ជំរុញឧស្សាហកម្ម នៅក្នុងប្រទេសរបស់ពួកគេ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតម្លៃថាមពល ហក់ឡើងខ្ពស់ ចាប់តាំងពីការផ្ទុះសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក ហើយឥឡូវនេះ កំពុងតែប្រឈមមុខនឹងការគំរាមកំហែង ពីការប្រជែងគ្នាជាមួយនឹងជំនួយ ពីសហរដ្ឋអាមេរិក។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ថា បណ្ដាប្រទេសក្រីក្រជាងគេ នៅសហភាពអឺរ៉ុប ចង់បានការឆ្លើយតប ដោយការសម្របសម្រួល តាមផ្លូវច្បាប់ កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក (IRA) ដែលមានតម្លៃ រហូតដល់៤៣០ពាន់លានដុល្លារ ដើម្បីកាត់បន្ថយពន្ធ សម្រាប់ថាមពលបៃតង ដោយសារតែពួកគេខ្វះខាតលុយ ហើយមិនមែនជាប្រទេសអ្នកមាន ដូចជា អាល្លឺម៉ង់ អាចគាំទ្រដល់ឧស្សាហកម្មរបស់ខ្លួន។

ក្រុមអ្នកការទូត បានអះអាង ថា ការប៉ះទង្គិចគ្នា រវាងមេដឹកនាំទាំង២៧ប្រទេស នៃសហភាពអឺរ៉ុប នៅក្នុងទីក្រុងប្រ៊ុចសែល នឹងមិនអាចសន្និដ្ឋានបានឡើយ។ ទោះយ៉ាងណាក៏ដោយ បញ្ហានេះ នឹងមានន័យ ថា សហភាពអឺរ៉ុប នឹងបញ្ចប់ការតស៊ូ រយៈពេល១ឆ្នាំ នៃឆ្នាំ២០២២ នេះ ដើម្បីរក្សាបាននូវការរួបរួមគ្នា ក្រោយការគាំទ្រដល់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី បានចូលឈ្លានពាន និង ការដាក់សម្ពាធ ប្រឆាំងនឹងក្រុងម៉ូស្គូ ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមក។

លោកស្រី អ៊ុយស៊ូឡា វ៉ន់ដឺ ឡេយ៉ែន (Ursula von der Leyan) ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានស្នើ នៅមុនកិច្ចប្រជុំកំពូល សម្រាប់បន្ធូរបន្ថយច្បាប់ជំនួយរបស់រដ្ឋ នៅក្នុងវិស័យថាមពលកកើតឡើងវិញ និង បច្ចេកវិទ្យាស្អាត សម្រាប់ការពារដល់ឧស្សាហកម្មរបស់អឺរ៉ុប។

លោកស្រី ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានបញ្ជាក់ ថា «វាមានហានិភ័យ ដែលច្បាប់កាត់បន្ថយអតិផរណានេះ អាចនាំឲ្យមានការប្រកួតប្រជែង មិនស្មើភាពគ្នា។ យើងត្រូវការផ្ដល់ចម្លើយរបស់យើង អំពី IRA អឺរ៉ុបរបស់យើង»។

មន្រ្ដីការទូតកំពូលមួយរូប បានបញ្ជាក់ ថា «រដ្ឋាភិបាលមួយចំនួន មានហិរញ្ញវត្ថុសម្បូរបែប ហើយលទ្ធភាពយ៉ាងទូលំទូលាយ សម្រាប់ការគាំទ្រ ដល់ឧស្សាហកម្មរបស់ពួកគេ តាមរយៈគម្រោងជាតិ ប៉ុន្តែប្រទេសខ្លះទៀត មិនមាននោះឡើយ។ ដូច្នេះយើងមិនចង់ឲ្យមានការប្រណាំងប្រជែងលើឧបត្ថម្ភធនថ្នាក់ជាតិ នៅក្នុងចំណោមរដ្ឋជាសមាជិក… ប៉ុន្តែត្រូវតែមានការកំណត់សេចក្ដីព្រាងមួយ យ៉ាងប្រុងប្រយ័ត្ន»។

ប្រទេសខ្លះ បានអះអាង ថា ការរឹតបន្តឹងទាំងនេះ បង្កការគំរាមកំហែងដល់បញ្ហាសន្តិសុខស្បៀងអាហារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ខណៈប្រទេសមួយចំនួនទៀតបានជំទាស់ ថា ការបន្ធូរបន្ថយការរឹតបន្ដឹងច្បាប់នេះ គ្រាន់តែជាការបើកចន្លោះប្រហោង សម្រាប់ឧកញ៉ារបស់រុស្ស៊ី ជាម្ចាស់អាជីវកម្មជី គេចវេះ ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងពួកគេតែប៉ុណ្ណោះ។

សេចក្តីព្រាង នៃសេចក្តីសន្និដ្ឋាន សម្រាប់កិច្ចប្រជុំកំពូលនេះ បានលើកឡើង ថា មេដឹកនាំអឺរ៉ុប នឹងអំពាវនាវឱ្យមានកិច្ចព្រមព្រៀង លើឧស្ម័នជាបន្ទាន់ បន្ថែមទៀត សម្រាប់ការជំនួសឥន្ធនៈរបស់រុស្ស៊ី រួមទាំងតាមរយៈការទិញឧស្ម័នរួមគ្នា នៅក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×