Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពអ៊ុយក្រែន អះអាង ថា រុស្ស៊ីកំពុងតែរៀបចំធ្វើសង្គ្រាម រយៈពេលយូរធ្វើឱ្យអ៊ុយក្រែនដុនដាប

រដ្ឋធានីកៀវ៖ ស្របពេលការវាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដ អស់រយៈពេល២៩៦ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ កន្លងមកហើយ នៅតែរកទីបញ្ចប់គ្មាន ប៉ុន្ដែឥឡូវនេះ មេទ័ពរបស់ក្រុងកៀវ បានអះអាង អំពីផែនការរបស់ក្រុងមូស្គូ កំពុងតែរៀបចំ ធ្វើសង្គ្រាម រយៈពេលយូរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ថា ឧត្ដមសេនីយ៍មួយរូបរបស់អ៊ុយក្រែន បានបញ្ជាក់ថា ក្រុងមូស្គូ កំពុងតែរៀបចំគម្រោង ធ្វើសង្គ្រាម រយៈពេលយូរ ហើយនៅតែមានមហិច្ឆតា ចង់ដណ្តើមកាន់កាប់ទឹកដីទាំងមូលរបស់អ៊ុយក្រែន។ ឥឡូវកម្លាំងទាហានរុស្ស៊ី បានវាយលុកទីក្រុងយុទ្ធសាស្ត្រ ចំនួន២ ខណៈកងទ័ពក្រុងកៀវ (Kyiv) បានបាញ់ផ្លោងតបត ប្រឆាំងនឹងកម្លាំងឈ្លានពាន នៅក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេស។

លោកឧត្ដមសេនីយ៍ អូឡែកស៊ី ហ្ក្រូម៉ូវ (Oleksiy Gromov) ជាមន្រ្ដីយោធាជាន់ខ្ពស់របស់អ៊ុយក្រែន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ថា «វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី …កំពុងតែស្វែងរកការបង្កើតជម្លោះ នៅក្នុងការប្រឈមមុខដាក់គ្នា ដោយអាវុធ រយៈពេលយូរ។ គោលដៅយុទ្ធសាស្រ្ដចម្បងរបស់រុស្ស៊ី នៅតែមានមហិច្ឆតា រឹបអូសទឹកដីទាំងមូលរបស់យើង ហើយមិនអនុញ្ញាតឲ្យធ្វើសមាហរណកម្មអឺរ៉ូ-អាត្លង់ទិក (Euro-Atlantic integration) របស់អ៊ុយក្រែន នោះឡើយ»។

អ៊ុយក្រែន និង រុស្ស៊ី បានច្រានចោលបទឈប់បាញ់ នៅក្នុងអំឡុងពេលបុណ្យណូអែល។ ប៉ុន្ដែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ភាគីជម្លោះទាំង២ នៅតែមិនទាន់បានបង្ហាញ អំពីគោលបំណងចរចា សម្រាប់ការបញ្ចប់ជម្លោះ អស់រយៈពេលជិត១០ខែកន្លងមកនេះដែរ។

អគ្គសេនាធិការយោធាអ៊ុយក្រែន បានបញ្ជាក់ ថា មហិច្ឆតាចម្បងរបស់ក្រុងមូស្គូ នៅតែផ្តោតលើទីក្រុងភាគខាងកើត ប្រទេសអ៊ុយក្រែន រួមមាន បាខ្មូត (Bakhmut) និង អាវឌីអ៊ីវកា (Avdiivka)។ ប៉ុន្តែកម្លាំងទាហានរុស្ស៊ី កំពុងតែវាយលុកជាប្រចាំ នៅទីក្រុងខឺរសុន (Kherson) នាភាគខាងត្បូង ប្រទេស ហើយព្យាយាមដណ្តើមកាន់កាប់ទីតាំងដ៏រឹងមាំ នៅក្នុងតំបន់ភាគខាងត្បូង ហ្សាប៉ូរីហ្សា (Zaporizhia) ។

ដោយឡែក ក្រុងមូស្គូ បានអះអាង ថា កម្លាំងទាហានរុស្ស៊ី មិនបានវាយលុក សំដៅទៅលើជនស៊ីវិលនោះឡើយ។ ប៉ុន្តែការវាយប្រហាររបស់ពួកគេ សំដៅកាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន និង ជំរុញឱ្យមានការចរចា ខណៈក្រុងកៀវ បានចោទប្រកាន់ ថា ការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាឧក្រិដ្ឋកម្មសង្គ្រាម៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×