បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ បានដួលសន្លប់ ដោយសារជំងឺបេះដូង ខណៈពេលកំពុងបង្ហាត់សុនខ នៅក្នុងព្រឹត្តិការប្រកួតសុនខថៃ នៅក្នុងខេត្ត Nakhon Ratchasima កាលពីល្ងាចថ្ងៃពុធ (ទី១៤ ខែធ្នូ ឆ្នាំ២០២២) ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។
ព្រះបរមរាជវាំងថៃ បាននិយាយថា ព្រះនាង Bajrakitiyabha (ព្រះជន្ម ៤៤ ព្រះវស្សា) ដែលជាបុត្រីច្បងរបស់ស្តេច Vajiralongkorn បានដួល ខណៈពេលដែលកំពុងបង្ហាត់សត្វឆ្កែរបស់ព្រះនាង មុនពេលមានព្រឹត្តិការប្រកួតសុនខថៃ ដែលត្រូវបានធ្វើឡើងនៅភាគឦសាននៃទីក្រុងបាងកក។
BBC បានរាយការណ៍ថា ព្រះនាង Bajrakitiyabha ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ មុនពេលត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់ទីក្រុងបាងកក។
ចំណែកគ្រួសាររាជវង្សថៃ ក៏បានបញ្ជាក់អំពីស្ថានភាពរបស់ព្រះនាង កាលពីយប់មិញថា «មានស្ថិរភាពក្នុងកម្រិតមួយ» ។ ទោះជាយ៉ាងណា របាយការណ៍ខ្លះ បានអះអាងថា វាធ្ងន់ធ្ងរជាងអ្វីដែលបានប្រកាស។
ព្រះនាង Bajrakitiyabha គឺជាកូនមួយក្នុងចំណោមកូនបីនាក់របស់ស្តេច Vajiralongkorn។ ព្រះនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឡើងសោយរាជ្យក្រោមច្បាប់ស្នងរាជ្យឆ្នាំ ១៩២៤ នៃព្រះបរមរាជវាំង និងរដ្ឋធម្មនុញ្ញនៃប្រទេសថៃ។
ព្រះនាង ក៏ត្រូវបានដឹងថា គឺជាមនុស្សជិតស្និទ្ធបំផុតម្នាក់របស់ស្តេច Vajiralongkorn ចាប់តាំងពីការឡើងសោយរាជ្យនៅឆ្នាំ ២០១៦ ហើយត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់នៅក្នុងអង្គរក្សផ្ទាល់របស់ស្តេច។
ព្រះមហាក្សត្រ Vajiralongkorn មិនទាន់បានតែងតាំងអ្នកស្នងមរតកនៅឡើយទេ ប៉ុន្តែព្រះនាង Bajrakitiyabha ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាអ្នកស្នងរាជ្យដ៏ស័ក្តិសមបំផុត។

ខណៈពេលដែលច្បាប់ នៃការស្នងរាជ្យរបស់រាជវាំងចែងថា អ្នកស្នងរាជ្យត្រូវតែជាបុរស នោះវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៤ បានអនុញ្ញាតឱ្យបុត្រីនៃវង្សត្រកូល ឡើងសោយរាជ្យ ប្រសិនបើអ្នកស្នងរាជ្យមិនត្រូវបានគេដាក់ឈ្មោះ។
ព្រះនាង Bajrakitiyabha ធ្លាប់ធ្វើជាឯកអគ្គរាជទូតរបស់ប្រទេសថៃប្រចាំប្រទេសអូទ្រីស ស្លូវេនី និងស្លូវ៉ាគី។ ព្រះនាងក៏មានសមិទ្ធផលជាច្រើន ក្នុងការតស៊ូមតិដើម្បីកំណែទម្រង់ទណ្ឌកម្មនៅប្រទេសថៃ។
យោងតាម Reuters ព្រះនាង Bajrakitiyabha បានចូលរួមក្នុងការប្រកួតជើងឯកនៃសត្វសុនខ ដែលរៀបចំដោយយោធា ហើយនៅពេលនោះ ព្រះនាងបានដួលសន្លប់តែម្តង។ បច្ចុប្បន្ន ព្រះនាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Chulalongkorn៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














