ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះ។
ក្លិបអ្នកកាសែតកម្ពុជា បានប្រារព្ធវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ នាសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមអស់លោកជាចាងហ្វាង និពន្ធនាយក តំណាងសមាគមនិងជាអ្នកដឹកនាំសារព័ត៌មានអង្គភាព។
វេទិកានេះដើម្បីជជែកពិភាក្សានិងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី«ការពង្រឹង យន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជាមួយការខិតខំប្រឹងប្រែងរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនធំដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ថែរក្សាសុខសន្តិភាព និង លើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក៏នៅមានអ្នកសារព័ត៌មាន មួយចំនួនតូចបាន និងកំពុងបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបំពុលសង្គម ជេរប្រមាថ អុចអាល ដែលបង្កនូវអរិភាពនៅក្នុងសង្គម ធ្វើឱ្យកើតមានជម្លោះ ការបែកបាក់សាមគ្គីភាព បង្កអស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលធ្វើឱ្យប៉ះពាល់តមៃ្ល និងកិត្យានុភាពរបស់អ្នកសារព័ត៌មានអាជីព និងធ្វើឱ្យសាធារណជនបាត់បង់ជំនឿលើអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្តដូចខាងក្រោម៖
១- ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន។
២- បណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មានរបស់យើងដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេល បច្ចុប្បន្ន។
៣- ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មាន ក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្តាប់ធ្នាប់ សង្គម។

៤- បន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ៗគ្នា។
៥- ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា ការពិភាក្សារបស់និពន្ធនាយក និងថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានក្នុងវេទិកានេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កាដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ






