អ៊ុយក្រែន ៖ ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូមួយចំនួន ទើបតែភ្ញាក់ខ្លួនថា បើឱ្យថា រុស្ស៊ីជាប្រទេសល្ងង់ មិនមែនល្ងង់ដូចការគិតរបស់ពួកយើងនោះទេ ដូចជា ការព្រួតគ្នារៀបចំកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច ការព្រួតគ្នាធ្វើនយោបាយការទូត ការព្រួតគ្នាផ្ដល់គ្រឿងសត្វពាវុធទៅឱ្យអ៊ុយក្រែន ការគិតថារុស្ស៊ីនឹងបរាជ័យក្នុងសង្គ្រាមរយៈពេលខ្លីឆាប់ៗនេះ សុទ្ធតែមិនអាចធ្វើឲ្យរុស្ស៊ីដេកដួលនោះឡើយ ប៉ុន្តែក្នុងបរិបទនេះ បែរជាធ្វើឱ្យសហភាពអឺរ៉ុប ទទួលរងការលំបាកមិនចាញ់រុស្ស៊ីប៉ុន្មាននោះឡើយ ដោយសារថា នៅសហភាពអឺរ៉ុបកំពុងទទួលរងនូវវិបត្តិអតិផរណា វិបត្តិស្បៀងអាហារ និងថាមពលឧស្ម័ន ប្រេង, ហើយលើសពីនេះទៀត រុស្ស៊ីបែរជាប្ដូរយុទ្ធសាស្ត្រសង្គ្រាមនៅអ៊ុយក្រែន ធ្វើវាឱ្យកាន់តែយូរអូសបន្លាយតទៅទៀត ដើម្បីធ្វើឲ្យអ៊ុយក្រែនវេទនាស្ទើរស្លាប់ស្ទើររស់ដោយសារខ្វះទីជម្រក ទឹក ភ្លើង ប្រើប្រាស់ក្នុងរដូវរងារយៈពេលជាង៣ខែនេះ, ហើយសហភាពអឺរ៉ុបកាន់តែដុនដាបខ្លាំងទៅៗ លើវិបត្តិស្បៀងអាហារ ថាមពលឧស្ម័ន ប្រេង និងគ្រឿងសព្វាវុធដែលគិតតែពីផ្ដល់ទៅឱ្យអ៊ុយក្រែនរហូតស្ទើរអស់ពីស្តុក។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថាអគ្គលេខាធិការអង្គការ NATO លោក ជែនស៍ ស្ដុលថេនបឺក (Jens Stoltenberg) បាននិយាយថា រុស្ស៉ីបានត្រៀមខ្លួនជាស្រេច សម្រាប់សង្រ្គាមរយៈពេលវែង និងការវាយលុកសាជាថ្មីនៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះតម្រូវឱ្យបក្សសម្ព័ន្ធយោធាមួយនេះត្រូវតែបន្តបញ្ជូន អាវុធ រហូតទាល់តែលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដឹងខ្លួនថាមិនអាចឈ្នះនៅលើសមរភូមិ, ប៉ុន្តែវាផ្ទុយពីមេដឹកនាំសហភាពអឺរ៉ុបមួយចំនួនលើកឡើងថា គ្រឿងសព្វាវុធរបស់ផងខ្លួនជិតអស់ពីស្តុកហើយ។
ថ្លែងនៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រសប្ដាហ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក ស្ដុលថេនបឺក បានព្រមានថា មិនមានសញ្ញាណាមួយដែលបង្ហាញថា លោក ពូទីន នឹងបោះបង់ចោលមហិច្ឆតាគ្រប់គ្រងអ៊ុយក្រែនទាំងមូលនោះទេ។ ប្រមុខបក្សសម្ព័ន្ធយោធា NATO រូបនេះ បានគូសបញ្ជាក់ថា យើងមិនគួរមើលស្រាលរុស្ស៉ីឡើយ, រុស្ស៉ីកំពុងត្រៀមផែនការសម្រាប់សង្រ្គាមរយៈពេលវែង… ហើយយើងបានឃើញរួចមកហើយថា ពួកគេបានកេណ្ឌកងទ័ពបន្ថែម និងកំពុងព្យាយាមស្វែងរកអាវុធ រួមទាំងគ្រាប់រំសេវបន្ថែម។
ទាក់ទងទៅនឹងសហភាពអឺរ៉ុបទទួលស្គាល់ថា ខ្លួនជោគជ័យតិចតួច ប៉ុន្តែបរាជ័យធំធេងវិញ គឺទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ ថាក្រុមអ្នកការទូតនៃសហភាពអឺរ៉ុប បានបាននិយាយខណៈប្រមូលផ្តុំគ្នានៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ធ្នូ សម្រាប់កិច្ចប្រជុំកំពូលចុងក្រោយនៅឆ្នាំនេះថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ទី៩នៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ករណីកញ្ចប់ទណ្ឌកម្មទី៩ ប្រឆាំងរុស្ស៊ីមិនបានជោគជ័យនេះ គឺដោយសារ ប្រទេសប៉ូឡូញ និងប្រទេសមួយចំនួនទៀត នៅតែមានការជំទាស់ ដោយពួកគេយោងទៅលើច្បាប់អន្តរជាតិ ស្ដីពីប្រយោជន៍ជាតិរបស់ពួកគេ ដែលមានលក្ខខណ្ឌ ដូចជា ស្បៀងអាហារ ថាមពល ឧស្ម័ន ប្រេង ជាដើម គឺដើម្បីជាប្រយោជន៍ប្រជាជន និងរដ្ឋ ដូច្នេះពួកគេមានសេរីភាពក្នុងការសម្រេចជ្រើសរើស។
បើតាមក្រុមអ្នកតាមដាន និងស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ច និងសង្គ្រាមរបស់រុស្ស៊ី បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់រុស្ស៊ី ទោះបីទទួលរងការខាតបង់ធ្ងន់ធ្ងរពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងក្រុមលោកខាងលិចក៏ដោយ ប៉ុន្តែមិនដល់ថ្នាក់ដួលរំលំ ឬដុនដាបនោះទេ, ប្រជាជននៃសហព័ន្ធរុស្ស៊ីមួយនេះ គាំទ្ររដ្ឋាភិបាល ពូទីន រហូតដល់ ៨១% ឯណោះ, ហើយថា រដ្ឋាភិបាលរបស់លោក ពូទីន នៅតែមានប្រាក់ខែពេញលេញបើកឱ្យកងទាហានក្នុងម្នាក់ យ៉ាងហោចណាស់ ៤ពាន់ដុល្លារប្រចាំខែឥតខ្វះ។
ម្យ៉ាងវិញទៀត ទោះបីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រៀបចំកញ្ចប់ទណ្ឌកម្មថ្មីទី៩ ដាក់កម្រិតឱ្យរុស្ស៊ីចែកចាយប្រេងត្រឹមតម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលក៏ដោយ ក៏រុស្ស៊ីមិនធ្វើការចែកចាយនោះដែរ, ផ្ទុយទៅវិញ រុស្ស៊ីសុខចិត្តស៊ូទ្រាំស្វែងរកទីផ្សារថ្មី ប្រទេសថ្មីដែលត្រូវការថាមពល ឧស្ម័ន ប្រេង។ ហេតុដូច្នេះ ធ្វើឲ្យបណ្ដាប្រទេសនៅសហភាពអឺរ៉ុបមួយចំនួនធំជួបវិបត្តិឧស្ម័ន ប្រេង និងស្បៀងអាហារ ព្រោះថា មានតែប្រទេសរុស្ស៊ីមួយគត់ដែលនាំផលិតផលស្បៀងអាហារ ផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ឧស្ម័ន ប្រេង ធំជាងគេបំផុតទៅកាន់តំបន់អឺរ៉ុប, ម្យ៉ាងវិញទៀតក្នុងរយៈពេលខ្លី ឬមធ្យម សហភាពអឺរ៉ុបមិនអាចស្វែងរកទីផ្សារថ្មីដើម្បីផ្គត់ផ្គង់នូវកង្វះខាតរបស់ខ្លួនបានឡើយ។
បើនិយាយពីភាពកម្សត់របស់អ៊ុយក្រែននៅពេលនេះវិញ គឺចាប់តាំងពីផ្ដើមសង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនមក គឺចូលដល់ខែទី១០ហើយ ប្រជាជនអ៊ុយក្រែនទាំងអស់មិនមានសេចក្ដីសុខរួចទៅហើយ, បន្ថែភាពខ្ទេចខ្ទាំលើហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងមិនធ្លាប់មាននេះទៀត គឺនៅថ្ងៃបុណ្យណូអែលនាពេលខាងមុខ នឹងក្លាយជាថ្ងៃដ៏ក្រៀមក្រំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន។
ក្នុងសង្គ្រាមនេះដែរ កងទ័ពអ៊ុយក្រែន បូករួមទាំងប្រជាជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់ ព្រាត់ប្រាស់ប្ដី-ប្រពន្ធ កូន និងមនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយរាប់លាននាក់ផ្សេងទៀតក្លាយជា ជនភៀសខ្លួន រីឯទីក្រុងជាច្រើននៅទូទាំងប្រទេស មានទាំងរដ្ឋធានីកៀវផង កំពុងគ្មានអគ្គិសនីប្រើប្រាស់ ដែលបាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភថា ប្រជាជនអ៊ុយក្រែនជាច្រើននឹងរងាដល់ស្លាប់ជាបន្តបន្ទាប់ក្នុងរដូវរងានេះ។

ដំបូងឡើយ ធ្វើឱ្យគេគិតខុសថា ផែនការរបស់លោក ពូទីន ដែលគ្រោងវាយគ្រប់គ្រងរដ្ឋធានីកៀវ ឱ្យបានលឿនរហ័សនោះ បានបរាជ័យហើយ, ហើយអ៊ុយក្រែន ក៏បានផ្ដល់មេរៀនដ៏ជូរចត់ដល់ កងទ័ពរុស្ស៉ីនៅក្នុងសង្រ្គាមសម័យទំនើប និងកាន់តែមានគំនិតស្នេហាជាតិនេះ មិនឱ្យរុស្សី ស៊ីដាច់ដោយងាយៗឡើយ ព្រមទាំងវាយបំបាក់កងទ័ពទាំងនោះនៅលើសមរភូមិជាបន្តបន្ទាប់។ ជ័យជម្នះទាំងនេះបានធ្វើឱ្យរុស្ស៉ីបាក់មុខទាំងនៅលើឆាកអន្តរជាតិ និងនៅក្នុងចំណោមកងទ័ព ប្រជាជន និងមេបញ្ជាការរុស្ស៉ីផ្ទាល់។ អ៊ុយក្រែនបានវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីរដ្ឋធានីកៀវ ដណ្ដើមយកតំបន់ខាកៀវមកវិញ និងថ្មីចុងក្រោយបំផុតនោះ គឺ រំដោះបានទីក្រុងខឺសុនមកវិញថែមទៀត។
ទោះជាយ៉ាងណាមេដឹកនាំសហភាពអឺរ៉ុបណាតូនិងមេទ័ពអ៊ុយក្រានផ្ទាល់ក៏បានទទួលស្គាល់ថា វាហាក់ដូចជាលឿនពេកដែលនិយាយថា រុស្ស៉ីបានចាញ់នៅក្នុងសង្រ្គាមនោះ ហើយពួកយើងកាន់តែច្បាស់ហើយថា រុស្ស៊ីមិនល្ងង់ដូចការគិតរបស់ពួកយើងនោះទេ។
កុំមើលរុស្ស៊ីក្នុងផ្លូវអន់ពេក ហើយគិតខ្លីពេកចំពោះរុស្ស៊ី, រយៈពេល ១០ខែ នៃសង្គ្រាមកន្លងពេលនេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានតែងតាំងមេបញ្ជាការថ្មី សម្រាប់ដឹកនាំសង្រ្គាមនៅអ៊ុយក្រែន លោកឧត្តមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន (Sergei Surovikin) ដែលត្រូវបានគេមើលឃើញថា មានសមត្ថភាពល្អប្រសើរជាងឧត្តមសេនីយ៍រុស្ស៉ីមុនៗ។

នៅក្រោមយុទ្ធសាស្ត្រដំបូងរបស់ លោក ស៊ូរ៉ូវីគីន បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន ហើយនេះជាតាក់ទិចដែលលោកធ្លាប់បានប្រើដោយទទួលបានជោគជ័យលើគូសត្រូវនៅក្នុងប្រទេសស៊ីរី, ទីបំផុតក្ដីស្រមៃដែលគេមើលឃើញថា អ៊ុយក្រែនជោគជ័យលើសង្គ្រាមផ្លូវគោកប្រឆាំងរុស្ស៊ី ប៉ុន្តែ ស្រាប់តែប៉ុន្មានសប្តាហ៍សោះ ក្ដីរំពឹងនេះ វាបានរលាយបាត់ទៅវិញ ដោយសាររុស្សស៊ីប្ដូរយុទ្ធសាស្ត្រមកប្រើសង្គ្រាមផ្លូវអាកាស។
នេះជាមេរៀនមួយផងដែរសម្រាប់អ៊ុយក្រែន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងណាតូ… កុំឃើញរុស្ស៊ីដកទ័ពចេញ ថា គេចាញ់សង្គ្រាមឲ្យសោះ! ផ្ទុយទៅវិញ ការដកទ័ពថយរបស់រុស្ស៊ីគឺជាយុទ្ធសាស្ត្រដកថយឲ្យឆ្ងាយផុតពីកាំភ្លើងប្លោងរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។
បើតាមការស្រាវជ្រាវរបស់ក្រុមអ្នកតាមដានអន្តរជាតិ បានបង្ហើបឲ្យដឹងថា ជាក្ដីសង្ឃឹមរបស់ប្រទេសរុស្ស៊ី គឺប្រជាជនរុស្ស៊ី គាំទ្ររដ្ឋាភិបាល លោក ពូទីន រហូតដល់ចំនួន ៨១%នៃប្រជាជនទាំងមូល, រដ្ឋាភិបាល លោក ពូទីន បានត្រៀមលក្ខណៈសម្បត្តិជាមុនរួចទៅហើយទាក់ទងទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បណ្ដាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក, គ្រឿងសភាវុធបម្រុង, ប្រព័ន្ធហិរញ្ញវត្ថុក្នុងឃ្លាំងស្តុក និងស្បៀងអាហារ ។ល។

ទីក្រុងមូស្គូ នឹងនៅតែបន្តឃោសនាពីការឈ្លានពាន ឬទង្វើបង្កហេតុរបស់បក្សសម័្ពន្ធ NATO ជាមធ្យោបាយបញ្ចុះបញ្ចូលឱ្យ ឥណ្ឌា ចិន និងបណ្ដាប្រទេសដទៃទៀតនៅជុំវិញពិភពលោកបន្តប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រឹត ជាជាងចូលរួមជាមួយលោកខាងលិចដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។
លោក ពូទីន ក៏នឹងបន្តផងដែរនូវសង្រ្គាមឧស្ម័ន ប្រឆាំងនឹងអឺរ៉ុប ក្នុងក្ដីរំពឹងថាបណ្ដាប្រទេសអឺរ៉ុប នឹងបង្ខំឱ្យទីក្រុងកៀវយល់ព្រមទទួលយកបទឈប់បាញ់ នៅចំពោះមុខស៊ីតុណ្ហភាពកាន់តែចុះត្រជាក់ ដោយសារតែរុស្ស៊ីកាន់តែបង្កើនការវាយប្រហារតាមផ្លូវអាកាសលើបណ្ដាញផ្គត់ផ្គង់ថាមពលអ៊ុយក្រែន ធ្វើឲ្យការផ្គត់ផ្គង់ និងដោះស្រាយរយៈពេលខ្លីមិនទាន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













