វីដេអូមួយដែលត្រូវបានបង្ហោះឡើងហ្វេសប៊ុក នាពេលថ្មីៗនេះ បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីរន្ធត់ចិត្ត និងអាណិតអាសូរជាខ្លាំង ខណៈបានឃើញពីទិដ្ឋភាពដែលក្មេងស្រីសិស្សសាលាម្នាក់ បានជើងធ្លាក់ចេញពីផ្នែកខាងក្រោយរថយន្ត បន្ទាប់ពីឡើងជិះពុំបានទាន់រៀបចំតោងស្រួលបួលផង ដោយសារតែអ្នកបើកបរធ្វើបែបនេះ… ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅច្រកផ្លូវចូលនៃផ្សារ Nong ជាប់នឹងទន្លេ Chao Phraya ក្នុងខេត្ត Nonthaburi ប្រទេសថៃ ។
ម្ចាស់វីដេអូឃ្លីបឈ្មោះ Kohchnan Saisutswat បានសរសេរថា៖ «ខ្ញុំពុំដឹងពីមូលហេតុច្បាស់នៃហេតុការណ៍នេះទេ ប៉ុន្តែ ខ្ញុំគិតថា ករណីនេះគឺជាកំហុសរបស់អ្នកបើកបរតែម្តង ដែលបើកបរគ្មានការយកចិត្តទុកដាក់សូម្បីបន្តិចឡើយ ចំពោះហានិភ័យនៃគ្រោះថ្នាក់សម្រាប់អ្នកជិះ ជាពិសេសក្មេងៗសិស្សសាលាទាំងនោះ ។ ប៉ុន្តែ វាពិតជាសំណាងហើយ ដែលក្មេងស្រីនោះពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរ» ។
តាមរយៈវីដេអូ យើងបានឃើញក្មេងៗសិស្សសាលាមួយក្រុម បាននាំគ្នាឡើងជិះរថយន្តតាក់ស៊ី១គ្រឿង ។ បន្ទាប់ពីពួកគេឡើងជិះរួចរាល់ រថយន្តបើកចេញបន្តិច ក៏ចាប់ហ្វ្រាំង (ងឹក) និងជាន់ហ្គាកញ្ចក់ ជាហេតុធ្វើឲ្យក្មេងស្រីម្នាក់ឈរនៅខាងក្រោយគេ ទប់លំនឹងពុំជាប់ ក៏ដួលធ្លាក់ចេញពីរថយន្ត ទាំងដៃស្រវាចាប់ដៃមិត្តភក្តិរបស់នាង បណ្តាលឲ្យអូសនឹងថ្នល់គួរឲ្យអាសូរ ។ ទោះយ៉ាងណា នាងត្រូវបានឃើញស្រវ៉ាងើបឡើងភ្លាម និងដើរទៅអែបចិញ្ចើមផ្លូវ ស្ថិតក្នុងកាយវិការឈឺជើងបន្តិចបន្តួចប៉ុណ្ណោះ ៕ ចន្ទី