Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះអគ្គិភ័យដ៏ធំ ឆាបឆេះរោងចក្រចម្រាញ់ប្រេងនិងហ្គាស នៅរុស្ស៊ី

រដ្ឋធានីមូស្គូ៖ គ្រោះអគ្គិភ័យដ៏ធំមួយ បានឆាបឆេះរោងចក្រចម្រស់ប្រេង និង ឧស្ម័ន ដែលមានផ្ទៃដី ប្រហែល១ពាន់ម៉ែត្រការ៉េ កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ នៅក្នុងរោងចក្រម៉ាកូវស្កូយេ (Markovskoye ឬ Markovsky) ស្ថិតក្នុងខេត្តអ៊ីគូតស្ក៍ (Irkutsk) តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានអះអាង កាលពីថ្ងៃអាទិត្យ ថា ផ្នែកមួយ នៃរោងចក្រចម្រាញ់ប្រេង និង ឧស្ម័ន Markovskoye (Markovsky) ស្ថិតក្នុងតំបន់ Irkutsk ប្រទេសរុស្ស៊ី បានរងគ្រោះអគ្គិភ័យ ឆាបឆេះយ៉ាងខ្លាំង។ ប៉ុន្តែគ្រោះអគ្គិភ័យនេះ ត្រូវគ្រប់គ្រងបានទាំងស្រុង។

អាជ្ញាធរក្នុងតំបន់ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រង ដោយរដ្ឋរុស្ស៊ី Tass ថា គ្រោះអគ្គិភ័យដ៏ធំនេះ មិនបានបង្កឲ្យមានអ្នកណាម្នាក់ បាត់បង់ជីវិតនោះឡើយ ប៉ុន្ដែហេតុការណ៍នោះ បានធ្វើឲ្យមនុស្ស ចំនួន៥នាក់រងរបួស។ រោងចក្រ ដែលបានរងនូវគ្រោះអគ្គិភ័យនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេង Irkutsk (INK) ជាក្រុមហ៊ុនផលិតប្រេងឯកជនដ៏ធំមួយរបស់រុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមហ៊ុនផលិតប្រេង Irkutsk មិនបានឆ្លើយតបភ្លាមៗ ទៅកាន់អ្នកកាសែត ជុំវិញឧបទ្ទវហេតុនេះឡើយ។

ប្រព័ន្ធផ្សព្វផ្សាយឃោសនានានា បានរាយការណ៍ ថា «គ្រោះអគ្គិភ័យនេះ បានឆាបឆេះ នៅកន្លែងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា»។ ប៉ុន្ដែប្រជាជនជាច្រើន បានសរសេរ នៅលើបណ្ដាញសង្គម ថា ពួកគេបានឮសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំង។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាជ្ញាធររុស្ស៊ី នៅតែមិនទាន់បានបញ្ជាក់ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×