ភ្នំពេញៈ ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកTANINAI Ichitomo បានបង្ហាញពីសុឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពជាមួយកម្ពុជា ជាពិសេសផ្តោតទៅលើគម្រោងហ្វឹកហ្វឺនត្រីភាគីរវាងជប៉ុន អង្គការសហប្រជាជាតិ និងកម្ពុជា។ ហើយជប៉ុននឹងផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងយោធាមួកខៀវកម្ពុជានិងបញ្ជូនក្រុមការងារមកកម្ពុជាសំដៅពិភាក្សាការរៀបចំវគ្គហ្វឹកហ្វឺនដល់កងកម្លាំងយោធាមួកខៀវកម្ពុជា។

ការបង្ហាញពីសុឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពជាមួយកម្ពុជាបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនបានបន្តថា ដើម្បីគាំទ្រដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះគម្រោងហ្វឹកហ្វឺនលំហាត់ត្រីភាគីនាពេលខាងមុខនេះ ជប៉ុននឹងផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងយោធាមួកខៀវកម្ពុជា និងបញ្ជូនក្រុមការងារមកកម្ពុជាសំដៅពិភាក្សាការរៀបចំវគ្គហ្វឹកហ្វឺនដល់កងកម្លាំងយោធាមួកខៀវកម្ពុជា។
ជប៉ុនរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការកើនឡើងគ្រប់ជ្រុងជ្រោយលើវិស័យរក្សាសន្តិភាព និងជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននៅកម្ពុជា។
ជាមួយគ្នានេះ លោកTANINAI Ichitomo ក៏បានកោតសរសើរចំពោះកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ផងដែរ។
ហើយក៏បានថ្លែងវាយតម្លៃខ្ពស់និងកោតសរសើរកម្ពុជាក្នុងការបញ្ជូនកងយោធាមួកខៀវទៅបំពេញបេសកកម្មនៅក្រៅប្រទេសរួមទាំងសកម្មភាពដោះមីនយ៉ាងសកម្មរបស់កម្ពុជា។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាពបានលើកឡើងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃគម្រោងហ្វឹកហ្វឺនលំហាត់ត្រីភាគី គឺជប៉ុន អង្គការសហប្រជាជាតិ និងកម្ពុជា ស្តីពីការហ្វឹកហ្វឺនប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នាឆ្នាំ២០២៧ ដោយមានការចូលរួមពីបណ្តាលប្រទេសជាសមាជិកអាស៊ាន និងក្នុងតំបន់។ គម្រោងនេះរៀបចំឡើងក្នុងគោលបំណងផ្តល់កិច្ចគាំទ្រដល់បណ្តាប្រទេសបរិច្ចាគកងកម្លាំងឲ្យធ្វើការចល័តបានឆាប់រហ័សនិងមានគុណភាពខ្ពស់។
ក្នុងជំនួបពិភាក្សានេះដែរនាយឧត្តមសេនីយ៍សែម សុវណ្ណនី បានថ្លែងការដឹងគុណដល់ភាគីជប៉ុន ដែលតែងផ្តល់កិច្ចគាំទ្រ និងផ្តល់ជំនួយទាំងស្មារតី និងគ្រឿងសម្ភាៈដល់កម្ពុជាលើវិស័យរក្សាសន្តិភាព ហើយដែលមកទល់នឹងបច្ចុប្បន្ននេះក៏ជាខួបលើកទី៣០ ដែលជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារចូលរួមក្នុងកងកម្លាំង អ៊ុន តាក់(UNTAC) ដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា ខណៈដែលសមាជិកចំនួនពីររូបបានពលីនៅអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជាផងដែរ។

ក្នុងកិច្ចពិភាក្សានេះដែរប្រមុខកងយោធាមួកខៀវកម្ពុជា ក៏បានស្នើដល់ភាគីជប៉ុនផ្តល់ការហ្វឹកហ្វឺនរយៈពេលវែង ឲ្យបានច្រើនទាំងក្នុងប្រទេសនិងបន្តធ្វើកម្មសិក្សានៅជប៉ុន ទាំងគ្រូបង្គោលនិងសិក្ខាកាមឆ្នើមសំដៅពង្រឹងកម្រិតសមត្ថភាពចំណេះ ជំនាញ ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
គួររម្លឹកថា គម្រោងហ្វឹកហ្វឺនលំហាត់ត្រីភាគីនេះត្រូវបានផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ នាអំឡុងពេលកិច្ចប្រជុំកំពូលស្តីពីការរក្សាសន្តិភាពនៅទីបញ្ជាការ អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៤៕ រក្សាសិទ្ធិដោយៈ ចេស្តារ




